សកម្មភាពអាក្រក់ទាំង ៥ ដែលបំផ្លាញអ្នករាល់ថ្ងៃដោយមិនដឹងខ្លួន

ម្នាក់ៗមិនមែនសុទ្ធតែសម្រេចចិត្តត្រូវទាំងអស់នោះទេ សូម្បីតែមនុស្សដែលឆ្លាត ពូកែខ្លាំងក៏ដោយ ក៏ពួកគេនៅតែមានចំណុចខ្សោយក្នុងការសម្រេចចិត្តដូចគ្នាដែរ។ ជាទូទៅការសម្រេចចិត្តខុស គឺមកពួកគេមិនដែលចំណាយពេលក្នុងការគិតឲ្យបានហ្មត់ចត់ទៅបញ្ហាអ្វីមួយជាក់លាក់តែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាចំណុចទាំង៥ ដែលមនុស្សគ្រប់គ្នាតែងតែសម្រេចចិត្តខុសដោយមិនដឹងខ្លួន:

១/តែងតែដោះស្រាយភារកិច្ច ដែលងាយស្រួលបំផុតជាមុនជានិច្ច

“អ្នកគួរតែធ្វើការងារណាដែលលំបាកមុន” អ្នកខ្លះហៅយុទ្ធសាស្រ្តថា ការបរិភោគកង្កែប ដោយផ្អែកលើការដកស្រង់សម្តីរបស់លោក Mark Twain។ តើការបរិភោគកង្កែបនោះ មានន័យយ៉ាងដូចម្តេចទៅ? លោកបាននិយាយថាប្រសិនបើការងារមួយ ដែលយើងធ្វើនៅពេលព្រឹក គឺជាការដែលយើងបរិភោគកង្កែបរស់ នោះមានន័យថា អ្នកអាចឆ្លងកាត់ពេញមួយថ្ងៃដោយដឹងថា អ្វីដែលអាក្រក់បំផុតគឺនៅពីក្រោយអ្នក។ កង្កែបរបស់អ្នក គឺជាការងារដ៏អាក្រក់បំផុតរបស់អ្នក ហើយអ្នកគួរតែធ្វើវាមុនគេនៅពេលព្រឹក។ ហើយចាំបាច់អ្វីត្រូវញុាំវានៅពេលព្រឹក? ព្រោះនៅពេលព្រឹកអ្នកមានអារម្មណ៍ស្រស់ថ្លា គ្មានភាពស្មុគស្មាញធូរស្រាលផ្លូវកាយ មានគំនិតថ្មីៗល្អៗ ដែលអាចជួយឲ្យការងាររបស់អ្នកបាន ជោគជ័យ។ 

ដូច្នេះហើយ អ្នកគួរកំណត់ខ្លួនឯងឲ្យបានជាក់លាក់ និងតាមលំដាប់លំដោយថា តើអ្វីដែលអ្នកគួរតែដោះស្រាយឬក៏ធ្វើវាមុនគេ។ ចូរអ្នករៀនសាកញុាំកង្កែបនៅពេលព្រឹកបានដែរឬទេ? មានន័យថាតើអ្នកអាចដោះស្រាយបញ្ហាលំបាកៗមុនបានដែរឬទេ? ហើយបន្ទាប់ពីញុាំវារៀងរាល់ថ្ងៃហើយ នឹងមានអ្វីកើតឡើងចំពោះអ្នកទៅ?

២/តែងតែពិនិត្យមើលបណ្តេញសង្គម

រាល់ពេលមិនថាម៉ោងការងាររៀនសូត្រ ឬក៏នៅក្នុងអង្គប្រជុំទេ អ្នកគួរតែបិទទូរស័ព្ទរបស់អ្នក ឬមួយក៏ដាក់វានៅក្នុងភាពស្ងៀមស្ងាត់ ដើម្បីបញ្ចៀសកុំឲ្យមានការរំខានពីមជ្ឈដ្ឋានខាងក្រៅ ទៅដល់ការងារ។ បើសិនជាអ្នកអង្គុយចាំតែទទួលទូរស័ព្ទ ទទួលសម្លេងសារ អុីមែល លេងបណ្តេញសង្គមវាធ្វើឲ្យអារម្មណ៍របស់អ្នកមិនមូល ហើយការងាររបស់អ្នកក៏នឹងមិនអាចបញ្ចប់ព្រមទាំងគ្មានគុណភាពទៀតផង វាធ្វើឲ្យអ្នកចំណាយពេលឥតប្រយោជន៍ទៅលើវា។ ម្យ៉ាងវិញទៀត ការដែលតែងតែពិនិត្យមើលទូរស័ព្ទរាល់ពេល វាអាចឆ្លុះបញ្ចាំងបានថា អ្នកគឺជាមនុស្សដែលខ្ជះខ្ជាយពេលវេលា ធ្វេសប្រហែស ខ្ជិលនិងអសមត្ថភាពក្នុងការបំពេញកិច្ចការងារ។

៣/អង្គុយនៅកន្លែងពេញមួយថ្ងៃ 

ការដែលអ្នកអង្គុយតែនៅក្នុងការិយាល័យពេញមួយថ្ងៃ មិនធ្វើអ្វីទាំងអស់ គឺវាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នក ជាពិសេសគឺប៉ះពាល់ទៅឆ្អឹងកងខ្នងរបស់អ្នកតែម្តង។ ពេលខ្លះការ ហាត់ប្រាណនេះមិនមែនតម្រូវឲ្យអ្នកត្រូវចំណាយពេលរាប់ម៉ោងក្នុងការរត់ជំុវិញផ្ទះ ឬមួយក៏ត្រូវតែទៅក្លឹបហាត់ប្រាណនោះទេ អ្នកគ្រាន់តែផ្អាកការងាររបស់អ្នក ឬមួយក៏ភ្ញាក់ពីដំណេកឲ្យបានពេលព្រឹក ហើយចំណាយពេលត្រឹមតែ២ទៅ ៣នាទីក៏បាន ដើម្បីកម្រើកសាច់ដុំ និងធ្វើចលនាលើដងខ្លួនរបស់អ្នកឲ្យមានរបត់ឈាមរត់បានល្អ នោះសុខភាពអ្នកនឹងល្អប្រសើរ។ អ្នកគួរតែចំណាយពេលបន្តិច ដើម្បីសុខភាពរបស់អ្នក កុំអង្គុយតែមួយកន្លែង ព្រោះសុខភាពគឺជាអាយុជីវិតរបស់អ្នក។

៤/ការជ្រើសរើសអាហារដែលហាក់មើលទៅដូចជាមានជីវជាតិ ប៉ុន្តែការពិតពុំមាននោះទេ

អ្នកមិនត្រូវជឿនូវការឃោសនាបំផ្លើសការពិតនោះទេថា ម្ហូប ឬភេសជ្ជៈប្រភេទនេះ ប្រភេទនោះអាច ជួយទ្រទ្រង់រាងកាយរបស់អ្នកឲ្យរឹងមាំ ឬមានជាតិវីតាមីនអ្វីឡើយ។ អ្នកគួរតែពិនិត្យមើលវាឲ្យបានច្បាស់ថា វាពិតជាល្អពិតមែនដែរឬក៏អត់ ប្រសិនបើជាអ្នកចេះតែញុាំ មិនដឹងពីប្រភពច្បាស់លាស់នោះសុខភាពអ្នកនឹងឆាប់ធ្លាក់ចុះ។

៥/មិនងាយនឹងចូលគេង

អ្នកវិទ្យាសាស្រ្តបានកំណត់នូវបាតុភូតធម្មតាមួយ ហៅថាការពន្យាពេលនៃការគេង។ ការខកខានមិនបានចូលគេងតាមពេលវេលាកំណត់ធ្វើឲ្យរាងកាយ កម្លាំងកាយ ស្មារតី ធ្លាក់ចុះហើយថែមទាំងធ្វើឲ្យអ្នកប្រឈមមុខជាមួយនឹងបញ្ហាសុខភាពទៀតផង។ ដូច្នេះហើយដើម្បីកុំឲ្យខ្លួនឯងបាក់កម្លាំង អស់ថាមពល អ្នកគួរតែបិទទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍ ហើយសម្រាកយកកម្លាំងវាប្រសើរជាជាងហើយបើធ្វើបែបនេះបាន អ្នកនឹងស្រស់ស្រាយនាពេលព្រឹកព្រលឹម៕