ទទួលទានអាហាររួច ហាមធ្វើរឿងទាំងនេះ បើមិនចង់ខូចសុខភាព

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថាហេតុ​អ្វី​រាងកាយ​អ្នក​ហាក់​បាត់​បង់​ជីវជាតិ​ចិញ្ចឹម ទោះ​បី​អ្នក​ទទួល​ទាន​អាហារ​គ្រប់​គ្រាន់​ក៏​ដោយ​នោះ? ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​អ្នក​ណា​ម្នាក់​ដែល​ឧស្សាហ៍​អស់​កម្លាំងស្បែក​ស្លេកស្លាំង និង​មើល​ទៅ​មិន​មាន​សុខភាព​ល្អគឺ​អាច​មក​ពី​ពួក​គេ​ធ្វើ​រឿង​ទាំង​នេះ​ក្រោយ​ពេល​បាយ​រួច​ភ្លាម។

ញ៉ាំ​ផ្លែ​ឈើ​ភ្លាម​ ក្រោយ​បាយ៖

យោង​តាម​អ្នកជំនាញ​អាហារូបត្ថម្ភ​ជន​ជាតិ​ឥណ្ឌាអ្នក​នាង​ ManishaChopra ​បាន​ប្រាប់​ថា ​ផ្លែ​ឈើ​ស្រស់​គឺ​ជា​ប្រភព​អាហារ​ដ៏​ល្អ។ ប៉ុន្តែ​ប្រសិន​បើ​យើង​ញ៉ាំ​វា​ភ្លាមៗ ​បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច​ភ្លាម​ដែរ​នោះ ​ផ្លែ​ឈើ​ទាំង​នោះ​​នឹង​ត្រូវ​លាយ​ជាមួយអាហារដែលអ្នកទើបតែ​ទទួល​ទាន​មុន​នេះ ​ហើយ​កំណត់សមត្ថភាព​បឺត​ស្រូប​សារធាតុ​ចិញ្ចឹម​ចូល​ទៅក្នុង​រាងកាយ។ ប្រការ​នេះ​អាច​បណ្តាល​ឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ និង​ធ្វើ​ឱ្យ​ផ្លាស់ប្តូរតម្លៃអាហារូបត្ថម្ភនៃអាហារដែលអ្នក​បាន​ញ៉ាំ។

.ជក់​បារី៖

ដូច​ដឹង​ស្រាប់​ហើយ ការជក់​បារី​គឺ​ជា​ទម្លាប់​មិន​ល្អ​ចំពោះ​សុខភាព​ទាល់​តែ​សោះ ប៉ុន្តែ​វា​នឹង​កាន់​តែ​គ្រោះ​ថ្នាក់​និង​អាក្រក់​ខ្លាំង​គុណ​នឹង​១០​ដង​ ប្រសិន​បើ​អ្នក​​ដុត​បារី​ជក់​ភ្លាមក្រោយ​ពេល​បាយ​រួចមិន​ថា​ពេល​ណា​ឡើយ។ ថ្នាំជក់​មានសារជាតិបង្កមហារីក​ដែលអាចធ្វើឱ្យ​កើត​ជំងឺ​​ពោះវៀន​​រ៉ាំរ៉ៃ និង​ធ្ងន់​ធ្ងររហូត​ឈាន​ដល់​មហារីក​ពោះវៀន​ធំ​នៅ​ពេល​ក្រោយ​ទៀតផង។

មិន​តែ​ប៉ុណ្ណោះ ការ​ជក់​បារី​ក្រោយ​ពេល​ទើប​ញ៉ាំ​អាហារ​ឆ្អែត ជាលិកា​សួត​នឹង​បង្កើន​ការ​បឺត​ស្រូប​ផ្សែង​ចេញ​ពី​បារីដែល​បង្ក​ឱ្យ​សារធាតុ​ប៉ះពាល់​សុខភាព​ជា​ច្រើន​ ដូច​ជាជាតិ​នីកូទីន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន​បាន​កាន់​តែ​ច្រើន។

.បាយ​រួច​ភ្លាមគេង​ភ្លាម៖

ប្រសិន​បើ​អ្នក​ទម្លាប់​​ទម្រេត​ខ្លួន​ដេក​ភ្លាម ក្រោយ​ពេល​បាយ​រួច អ្នក​គួរតែ​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​ចេញ​ភ្លាម។ ជា​ទូទៅ​នៅពេល​ដែល​អ្នក​គេង​ភ្លាមៗ ​បន្ទាប់ពីញ៉ាំអាហាររួច ​ទឹក​សម្រាប់​រំលាយ​អាហារ​ដែលបញ្ចេញដោយ​ក្រពះ​នឹង​ហៀរ​ចេញ​មក​ ហើយបណ្តាលឱ្យ​ក្រហាយទ្រូងឈឺ​ក្រពះ។ ដំណើរ​ការរំលាយ​អាហារទាំងមូល​ក៏​ត្រូវបានប៉ះពាល់ដោយ​ហេតុ​នេះ។

ដូច្នេះ​បន្ទាប់ពីញ៉ាំអាហាររួច​ អ្នកគួរតែសម្រាកយ៉ាងតិច៣០​នាទី ទុកឲ្យអាហារនៅក្នុងក្រពះ​ត្រូវបាន​រំលាយ​ឱ្យ​បាន​ស្រួល​បួល ​ហើយបន្ទាប់មក​ទើប​អ្នក​អាច​គេងលក់ស្កប់ស្កល់។

.រត់លោត ឬ​ហាត់​ប្រាណ​ដោយ​ប្រើ​កម្លាំង

​​ការធ្វើលំហាត់ប្រាណភ្លាមៗ ​បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច​អាចរំខានដល់ដំណើរការ​រំលាយអាហារ។ អ្នក​​អាច​នឹង​មាន​អាការៈ​ដូច​ជា​ចង់ក្អួតចង្អោរ ឈឺពោះ ឬ​វិល​មុខ​ជា​ដើម។

.ងូត​ទឹក៖

ការ​ងូត​ទឹក​ភ្លាមក្រោយ​ពេល​បាយ​រួច ​នឹង​ធ្វើ​ឱ្យ​ចលនា​ឈាម​រត់​មិន​ស្រួល ដែល​ឈាម​ត្រូវ​រត់​​យ៉ាង​លឿន​ទៅ​ស្បែក​ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ។ ការ​ធ្វើ​បែប​នេះ​នឹង​បណ្ដាល​ឱ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះ​ដំណើរ​ការ​រំលាយ​អាហារ​ត្រូវ​ការ​ថាមពល​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​ការ៕