វិធីចងចិត្តមិត្តរួមការងារមិនពិបាកដូចអ្នកគិតឡើយ បើធ្វើ១០គន្លឹះនេះបាន

ក្នុងសង្គមការងារមួយពោរពេញទៅដោយភាពខុសគ្នាទាំង អាយុ វ័យភេទ និងតំណែង។ ហេតុនេះចាំបាច់ណាស់ត្រូវតែមានជំនាញពិសេសដើម្បីអាចរួមការងារ កសាងសាមគ្គីភាពជាមួយគ្នាឱ្យបាន ដើម្បីបរិយាកាសការងារមិនស្មុគស្មាញ។ ប៉ុន្តែកុំបារម្ភអីបើអ្នកចេះដាក់ខ្លួនតាម ១០ វិធីនេះ ធានាថាមិត្តរួមការងារស្រឡាញ់បាត់មុខមិនបាន។

១.​ ស្នាមញញឹមបង្កើតមិត្តភាព

គ្រាន់តែស្នាមញញឹមសោះទៅកំណាញ់អី ធ្វើហើយមានតែគេស្រឡាញ់ចូលចិត្តមិនឃើញពិបាកអ្វីផង។ បើមិនជឿសាកមើលទៅ ទោះមនុស្សប្លែកមុខមិនដែលស្គាល់គ្នាសោះគ្រាន់តែញញឹមដាក់ពេលជួបគ្នាដំបូង ក៏អាចចាប់ផ្តើមការសន្ទនាបានដែរ។ ការញញឹមរាក់ទាក់អ្នកដទៃក៏ជាសីលធម៌រស់នៅក្នុងសង្គមមួយដែរ។

២. បង្ហាញភាពស្មោះត្រង់

នៅពេលដែលយើងផ្តល់សញ្ញាឱ្យភាគីម្ខាងទៀតយល់ថា យើងមកក្នុងនាមមិត្តភាព​និងស្មោះត្រង់ចំពោះគេ ពេលគេទទួលអារម្មណ៍នេះបានគេនឹងតបស្នងមកវិញដូចគ្នាដែរ។

៣. កុំលើកតម្កើងខ្លួនឯងជ្រុលពេក

ការដែលយើងជាមនុស្សពូកែមានសមត្ថភាពខ្ពស់ មិនចាំបាច់ទាល់តែអួតអាង ស្តីបន្ទោសឬធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកដទៃតម្កើងខ្លួនឱ្យខ្ពស់ជាងគេនោះទេ។ ប៉ុន្តែអ្នកដែលពូកែពិតប្រាកដ គេចេះអួតត្រូវកាលៈទេសៈធ្វើឱ្យមនុស្សជុំវិញខ្លួនទទួលស្គាល់ភាពពូកែនោះដោយស្ម័គ្រចិត្ត។ ទោះបីពូកែខ្លាំងកម្រិតណា បើមានតែអ្នកស្អប់ក៏ជីវិតគ្មានន័យអ្វីដែរ។

៤. ជួយទុក្ខធុរៈម្តងម្កាល

ប្រសិនបើឃើញមិត្តរួមការងារជួបបញ្ហា ដែលអាចជួយបានគួរតែបង្ហាញខ្លួនទៅជួយគេតាមការគួរដូចជា ធ្វើជាអ្នកស្តាប់ដ៏ល្អជាទីប្រឹក្សាគ្នាទៅវិញទៅមក និងជួយរកដំណោះស្រាយជាដើម។ ប៉ុន្តែកុំរវល់តែយកមុខរហូតភ្លេចតួនាទីរបស់ខ្លួននោះ។

៥. ព្យាយាមយល់ពីភាពខុសគ្នា

នៅកន្លែងការងារភាពមិនចុះសម្រុង គឺជារឿងធម្មតាទៅហើយ មិនថាជារឿងផ្ទាល់ខ្លួនការគិត ឬសូម្បីតែវិធីធ្វើការ។ក្នុងពេលជាមួយគ្នាដែរ យើងមានគោលដៅមួយដូចគ្នាគឺមកធ្វើការ ដូចនេះប្រសិនបើភាពខុសគ្នារបស់គេមិនបានមកអំពល់ទុក្ខយើងទេ ក៏មិនបាច់យកទុកក្នុងចិត្តដាច់ខាត។

៦. កុំធ្វើជាមនុស្សមុខពីរ

អ្នកណាក៏ស្អប់ដែរ ពីមុខល្អតែពីក្រោយខ្នងនិយាយដើមឥតប្រណីនោះ។ ជឿថាអ្នកខ្លួនឯងផ្ទាល់ក៏មិនចូលចិត្តមនុស្សប្រភេទនេះដែរដូច្នេះកុំប្រតិបត្តិខ្លួនបែបនេះចំពោះអ្នកដទៃដូចគ្នា។

៧. មិនធ្វើជាបន្ទុកនរណា

គ្រប់ការិយាល័យសុទ្ធតែមានបុគ្គលិកមួយប្រភេទគឺ ដៃមិនជួយអុំចាំតែយកជើងរាទឹក។ មិនមានទំនួលខុសត្រូវក្នុងតួនាទីរបស់ខ្លួនហើយពេលគេធ្វើរួចទើបចេញមកយកមុខយកមាត់។ ដូច្នេះអ្នកត្រូវចៀសវាងទម្លាប់ទុកការងារចោលរួចដាក់បន្ទុកសមាជិកក្នុងក្រុម។

៨.​ គោរពនិងផ្តល់តម្លៃអ្នកដទៃជានិច្ច

មនុស្សជាច្រើនអាចចុះសម្រុងនឹងគ្នាបាន លុះត្រាតែមានការគោរពនិងផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមក។ ដូច្នេះអ្នកត្រូវផ្តល់តម្លៃ គោរពខ្លួនឯងការយល់ឃើញ​និងពេលវេលារបស់អ្នកដទៃជានិច្ច។

៩. ការក្រែងចិត្តគឺជាគុណសម្បត្តិរបស់មនុស្សថ្លៃថ្នូរ

ក្រៅពីគោរពឱ្យតម្លៃគេហើយ ក៏ត្រូវចេះក្រែងចិត្តដែរព្រោះនេះគឺជាសីលធម៌មូលដ្ឋានក្នុងសង្គមទូទៅ។ បើជាមួយមនុស្សដែលមិនស្និទ្ធទៀត គួរតែក្រែងចិត្តឱ្យខ្លាំងពុំនោះទេអ្នកនឹងអាចបាត់បង់មិត្តភាពតាំងពីដំបូង។

១០. កាត់បន្ថយភាពអាត្មានិយម

ភាពអាត្មានិយម ជាឧបសគ្គមួយដែលរារាំងមិនឱ្យការងារក្រុមដំណើរការទៅមុខយ៉ាងរលូនបាន។​ គួរបែងចែកឱ្យដាច់រវាងពេលវេលាធ្វើការ និងពេលសម្រាកបង្ហាញភាពជិតស្និទ្ធជាមួយមិត្តរួមការងារតែកុំហួសព្រំដែនពាក្យថាមិត្តភាពជាដាច់ខាត។