សូមធ្វើបច្ចុប្បន្នភាព iPhone iPad មក Version 14.8 ជាបន្ទាន់ ដើម្បីសុវត្ថិភាពទិន្នន័យរបស់លោកអ្នក

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple បានប្រញាប់ប្រញាល់បញ្ចេញនូវ iOS Version ថ្មីគឺ 14.8 កាលពីថ្ងៃចន្ទ និងបានណែនាំអ្នកប្រើប្រាស់ឲ្យធ្វើបច្ចុប្បន្នភាព (Update) ជាចាំបាច់ លើ iPhone, iPad, Macs និង Apple Watches ដើម្បីសុវត្ថិភាពនៃការប្រើប្រាស់ពីការជ្រៀតចូលលួចយកទិន្នន័យ។

ចន្លោះប្រហោងកន្លងមករបស់ក្រុមហ៊ុន Apple គឺអាចបណ្ដោលឱ្យជនខិលខូច ប្រើកម្មវិធី Pegasus ចូលទៅលួចទិន្នន័យ លេខសំងាត់ បើកម៉ៃក្រូហ្វូន កាមេរ៉ា ឬតាមដានការតេទូរស័ព្ទ និងអាចចូលទៅមើលអុីម៉ែល និងសារ បានផងដែរដោយវិធី Zero Click (មានន័យថា អ្នកប្រើប្រាស់មិនបាច់ចុច ឬធ្វើសកម្មភាពអ្វីផ្សេង ក៏គេអាចចូលគ្រប់គ្រងទូរស័ព្ទបានដែរ)។ 

ការអាចជ្រៀតចូលនេះ គឺតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែលឈ្មោះថា NSO Group ដែលបង្កើត​កម្មវិធី Pegasus ដើម្បីអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch បាន និងត្រូវបានគេដឹងជាសាធារណៈនៅក្នុងកំឡុងខែ សីហា កន្លងទៅ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ iPhone លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ឱ្យបានឆាប់រហ័សដើម្បីចៀសវាងពីការជ្រៀតចូលផ្សេងៗ៕

ដើម្បីធ្វើការ Update លើ iPhone និង iPad សូមចូលទៅក្នុង Setting>General > Software Update.