អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ រយៈពេល៨ខែ ឆ្នាំ២០២១នេះ

រាជធានីភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រមូលពន្ធនាំចូលលើយានយន្តជ្រោកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល» កាលពីពេលថ្មីនេះ។

ឯកឧត្តមបណ្ឌិត គុណ ញឹម ៖«ចំណូល៨ខែ យើងអនុវត្ដបាន៦៤.២ភាគរយនៃផែនការ។ អត់គ្រប់ផែនការទេ បើចង់គ្រប់ផែនការ ដល់តែ៦៦.៦៦ភាគរយ ដែលគិតជាប្រាក់ដុល្លារ ប្រមូលបាន១,៥២០លានដុល្លារ»

បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅមិនទាន់មានតួរលេខ នៅក្នុងដៃនៅឡើយនោះទេ ចំពោះរថយន្តឯកជន ដែលជ្រោកក្រោមស្លាកលេខ រដ្ឋ ខ.ម និង ន.ប ប៉ុន្ដែគ្រាន់តែដឹងថា ប្រភពមកពីណា។

ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថាការអនុវត្តន៍ប្រមូលពន្ធនាំចូលលើយានយន្ត ជ្រោកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ និងអាករនាំចូល គឺជួយបង្កើនចំណូលពន្ធដែលធ្លាក់ចុះ ហើយក៏ជាប្រភពមួយក្នុងការបំពេញតម្រូវការចំណាយផងដែរ។

ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញពីផលលំបាកក្នុងអនុវត្ដ ការបង្ក្រាបរថយន្ដទាំងនោះ ដោយគយបានជួបប្រទះបញ្ហាជាច្រើន ដូចជាដោយការប្រើផ្លាកលេខក្លែងក្លាយនិងមិនមែនជាមន្ដ្រី តែជាអ្នករកស៊ី បែរជាប្រើលេខ ន.ប ខ.ម ជាដើម៕