រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ ក្រោយពីបានបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

លទ្ធផលនៃជំនួបនោះ សម្តេចតេជោ និង ឯកឧត្តម វ៉ាង យី បានធ្វើសន្និសីទសាព័ត៌មានរួមគ្នាក្រោយពិធីចុះហត្ថលេខា។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប៥លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន៣លានដូសទៀត និងការចាក់កន្លងមកជិត១លានដូស យើងនឹងមាន៩លានដូស។ 

បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ។ ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។

មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ៕ SPM