រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនបី ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ ដើម្បីការពារសេចក្ដីព្រាងច្បាប់ចំនួន៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងច្បាប់ទាំងបីនោះ រួមមាន៖
- (១) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)
- (២) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង
- (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦
ជាលទ្ធផល ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក អង្គប្រជុំបានអនុម័តយល់ព្រមទាំងស្រុង លើសេចក្ដីព្រាងច្បាប់ទាំំង៣នេះ ដែលបានឡើងការពារដោយក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូលដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសនឹងចូលរួមយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩ នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជនឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្ត និងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងនិងច្បាប់ទាំងបីនេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។