ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ស្នើ KOICA ជួយបណ្តុះបណ្តាលធនធានមនុស្ស មន្រ្តីរាជការលើជំនាញឌីជីថល

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom)។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ស្វាគមន៍ចំពោះកិច្ចសហការល្អនិងការគាំទ្ររបស់ទីភ្នាក់ងារ KOICA នាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញអំពីការងារអាទិភាព ចក្ខុវិស័យរបស់ក្រសួង ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការនៅក្នុងក្រសួងលើជំនាញឌីជីថល ដើម្បីត្រៀមខ្លួនលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំទៅភាគីកូរ៉េឱ្យជួយលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការរៀបចំរដ្ឋាភិបាលឌីជីថល។

ជាការឆ្លើយតប លោក Rho Hyunjun បានសម្តែងនូវការសាទរ និងស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រសួងលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍ លើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ផងដែរ៕