លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី៖តម្លៃដីធ្លីអាចឡើងថ្លៃ អាស្រ័យលើភាពរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ

ភ្នំពេញ៖ គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ សុទ្ធតែត្រូវបានធ្វើឡើងនៅតាមតំបន់ និងទីតាំងទាំងឡាយណាដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេស​​​ក្រោម​ការអភិវឌ្ឍ និងវិនិយោគដោយរដ្ឋាភិបាលតែម្ដង។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ IQI Cambodia លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ ថា ដីធ្លីដែលអាចមានតម្លៃថ្លៃ គឺជាប្រភេទដីដែលមានតម្រូវការប្រើប្រាស់ជាក់ស្ដែង ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍ទាំងវិស័យរដ្ឋ និងឯកជន។ 

លោកឧកញ៉ាបានបញ្ជាក់ថា៖ “គម្រោងអភិវឌ្ឍន៍ទាំងអស់ ភាគច្រើនតែងបង្ហាញរូបរាងនៅតាមតំបន់និងទីតាំងដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អដែល​ត្រូវបានវិនិយោគដោយរាជរដ្ឋាភិបាលយ៉ាងជាក់លាក់បំផុត។ មានហេដ្ឋារចនាសម្ព័ន្ធល្អរួមមានផ្លូវថ្នល់ បណ្តាញទឹកបណ្តាញអគ្គិសនីចូលទៅដល់​ នោះ​នឹងមានគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជនដែលកាន់តែទាក់ឲ្យមានកំណើនប្រជាជន និងតម្រូវការប្រើប្រាស់ដីសម្រាប់វិស័យលំនៅដ្ឋានក៏ដូចជា​វិស័យ​ឧស្សាហកម្មផងដែរ”។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានលើកជាឧទាហរណ៍ជាក់ស្ដែងមកបង្ហាញថា ៖“យើងមើលជាក់ស្ដែងដូចជាគម្រោងធ្វើឲ្យប្រសើរឡើងនូវបណ្តោយផ្លូវជាតិ​លេខ៥គម្រោងស្ថាបនាផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤៤ ផ្លូវក្រវាត់ក្រុងទី៣គម្រោងផ្លូវក្រវាត់ក្រុងទី គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក៏ដូចជាគម្រោងស្ថាបនាផ្លូវ៣៨ខ្សែទូទាំងក្រុងសៀមរាប ដែលសូម្បីតែគម្រោងតភ្ជាប់ស្ពានអរិយក្សត្រ-ជ្រោយចង្វារដែលមិនទាន់លេចចេញជារូបរាង​គម្រោង​ច្បាស់ផងនោះក៏សុទ្ធតែបានធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់”។

ដូច្នេះមានន័យថា បណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អ គឺជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការជំរុញឲ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់យ៉ាងពិតប្រាកដ៕