វិធីខ្លះៗ ដើម្បីអភិវឌ្ឍខ្លួនបានប្រសើរបន្តិចម្តងៗ មិនឱ្យសល់ពេល

ការអភិវឌ្ឍខ្លួនជាប្រចាំថ្ងៃជារឿងសំខាន់មួយផងដែរក្នុងជីវិតព្រោះថា អ្នកនឹងកើនសមត្ថភាពក្នុងការដោះស្រាយបញ្ហា ក៏ដូចជាជួយដល់អ្នកដទៃផងដែរ។ ជាចំណុចខ្លះៗ ក្នុងការជួយរក្សាលំនឹងនៃការអភិវឌ្ឍខ្លួន មិនឱ្យទុកពេលចោល ៨ចំណុចដូចខាងក្រោមគឺអ្នកមានបទពិសោធបានលើកឡើងជារួមដូចនេះ៖

. ការអានសៀវភៅ

ដូចដែលដឹងស្រាប់ ការអានគឺប្រៀបដូចជាទទួលដំបូន្មានល្អៗពីអ្នកណែនាំម្នាក់ សម្រាប់ត្រិះរិះពិចារណា។ អ្នកនឹងសម្គាល់ឃើញថាអ្នកនឹងមានគំនិតល្អៗដោយសារការអានជាធាតុចូលមួយសំខាន់ ដែលនាំអ្នកចេះវិភាគ ពិចារណា មុនពេលអ្នកសម្រេចឬទៅធ្វើអ្វីមួយ ក៏ដូចជាការជួយជាសមត្ថភាពបន្ថែម ហើយនេះគឺជាការវិវឌ្ឍរបស់អ្នក។

. ស្តាប់ Podcasts តាមបែបសម័យថ្មី

មែនហើយសម័យកាលបច្ចុប្បន្នអ្នកគួរតាមទាន់ខ្លះ ដោយមាន Podcast Audio អប់រំជាច្រើនផ្នែកដែលអ្នកអាចទាញយកស្តាប់ សម្រាប់ជាការកើនចំណេះដឹង និងទុកអនុវត្តចេញជាចំណេះធ្វើ។ មិនថា អ្នកដោតកាសស្តាប់ ដាក់ Speaker ឬបើកស្តាប់ក្នុងឡានគឺអ្នកអាចទទួលបានចំណេះដឹងថ្មីសម្រាប់អភិវឌ្ឍខ្លួនបានគ្រប់ពេល។

. ចូលរៀនវគ្គខ្លីដែលចង់រៀន

មានវគ្គបង្រៀនជំនាញខ្លីៗជាច្រើនមានទាំងបង់តម្លៃ និង Free ដូចនេះ ជាការអភិវឌ្ឍខ្លួនបន្តទៅមុខអ្នកក៏អាចស្រាវជ្រាវព័ត៌មានរករៀនជំនាញក្នុងរយៈពេលខ្លីបន្ថែម ឬមួយទទួលយកឱកាសរៀនផ្សេងៗដើម្បីអភិវឌ្ឍខ្លួន។

. រំលឹកជំនាញចាស់

ជំនាញឬចំណូលចិត្តមួយណាដែលអ្នកធ្លាប់ធ្វើវាដោយពេញចិត្ត ប៉ុន្តែបានឈប់ធ្វើវាមួយរយៈ ឬទុកចោលដោយសារកត្តាផ្សេងៗ? ហេតុអ្វីអ្នកមិនសាកល្បងរំលឹកវាជាថ្មី ធ្វើវាឱ្យបានល្អ និងល្អប្រសើរជាងមុនបើអ្នកនៅតែចូលចិត្ត។ នេះក៏ជាការវិវឌ្ឍជំនាញដែលអ្នកធ្លាប់ស្រលាញ់ផងដែរដើម្បីបង្កើតវាជាឱកាសមួយក្នុងការអភិវឌ្ឍខ្លួនអ្នក។ 


. រៀនទទួលរិះគន់ ពិចារណា និងទទួលស្គាល់កែប្រែ

ពិតមែនកំហុសខ្លះអាចកើតមានអ្នកពុំបានដឹង ពុំបានមើលបានគ្រប់ជ្រុងជ្រោយ ដូចនេះ ការស្តាប់ រៀនសូត្រទទួលរិះគន់គឺគួរតែមាន ដើម្បីអាចរកចន្លោះខ្វះខាតត្រូវបំពេញ។ រៀនស្តាប់ពីកំហុសដែលអ្នកមានពិចារណា ហើយមានពេលកែប្រែវាបន្តិចម្តងៗ។

. សកម្មភាពឆ្ពោះទៅគោលដៅ

មានវិន័យធ្វើអ្វីមួយជាប្រចាំដើម្បីគោលដៅដែលអ្នកមាន។ ទោះជាចំណុចតូចៗ ប៉ុន្តែពីមួយថ្ងៃៗវានឹងនាំអ្នកទៅដល់ទីដៅដែលអ្នកប៉ងទុក។

. បើកទូលាយចិត្តក្នុងការផ្លាស់ប្តូរ

ដើម្បីកែប្រែអភិវឌ្ឍសមត្ថភាពអ្នកត្រូវតែផ្លាស់ប្តូរ។ បើអ្នកមិនធ្វើដូចនេះ តើអាចមានស្ថានភាពដដែលៗដើម្បីបានលទ្ធផលថ្មីយ៉ាងណាទៅ? ឬអាចឈានទៅមុខបានដូចម្តេច? ហេតុនេះគឺគួរមានការផ្លាស់ប្តូរខ្លះ ដើម្បីរំកិលទៅមុខ។

. មានពេលនៅក្បែរបុគ្គលគំរូក្នុងចិត្តអ្នក

ពិតមែនហើយបើអ្នកនៅក្បែរនរណា សេពគប់នរណាម្នាក់ ឬក្រុមណាមួយគឺអ្នកនឹងប្រហាក់ប្រហែលដូចពួកគេដែរ។ ជាឧទាហរណ៍ងាយស្រួល បើអ្នកចង់ក្លាយជាចុងភៅអ្នកគួរមានពេលនិងចំណាយពេលទៅនៅក្បែរចុងភៅដើម្បីរៀនសូត្រ បើអ្នកចង់អភិវឌ្ឍខ្លួនជាសាស្រ្តាចារ្យ អ្នកគួរទៅជួយកិច្ចការសាស្រ្តាចារ្យបើអ្នកចង់ក្លាយជាអ្នករកស៊ី អ្នកគួរមានពេលទៅក្បែរអ្នករកស៊ី ដើម្បីរៀនសូត្រពីបទពិសោធចំណេះដឹង ដែលអ្នកអាចរៀនបាន ហើយជាពិសេសនរណាជាគំរូក្នុងចិត្តអ្នកគឺរឹតតែជួយជម្រុញអ្នកខិតខំសម្រួចគោលដៅ តាមរយៈការរៀនសូត្រពីពួកគាត់ផងដែរ៕