បង្ហាញរឿងទាំង៥យ៉ាងនេះឱ្យអ្នកដទៃដឹង អ្នកប្រាកដជាត្រូវខាតបង់

ការចែករំលែករឿងផ្ទាល់ខ្លួនទៅកាន់ក្រុមគ្រួសារ មិត្តភក្ដិជិតដិតនិងមនុស្សដែលយល់ចិត្តគ្នា ពីបញ្ហាផ្សេងៗ ជារឿងធម្មតាទេ ព្រោះមនុស្សទាំងអស់នោះ គឺសុទ្ធតែអាចឱ្យអ្នកទុកចិត្តបាន។ ក៏ប៉ុន្តែមិនមែនបញ្ហាទាំងអស់ អ្នកអាចចែករំលែកទៅមនុស្សគ្រប់គ្នាបានឡើយ ជាពិសេសគឺការប្រាប់នូវរឿងមួយចំនួន ដែលមិនសាកសមឱ្យអ្នកដទៃបានដឹង។ រឿងទាំង ៥ យ៉ាងដែលអ្នកមិនគួរបង្ហាញដល់អ្នកដទៃឱ្យដឹងជាដាច់ខាត៖

១.ចំណូលរបស់អ្នក

ការចំណូលចំណាយផ្ទាល់ខ្លួន អ្នកមិនគួរប្រាប់អ្នកដទៃឱ្យបានដឹងច្រើនពេកឡើយ ព្រោះថា ការប្រាប់អ្នកដទៃពីចំណូលរបស់អ្នក អាចធ្វើឱ្យអ្នកដទៃ ដឹងពីកម្រិតសមត្ថភាព និងធ្វើឱ្យគេអាចយករឿងនេះទៅនិយាយបន្ត ដោយមិនយល់ពីភាពឯកជនរបស់អ្នក។

២.រឿងស្នេហា

បច្ចុប្បន្នមានយុវវ័យជាច្រើនជ្រួលជ្រើម បង្ហាញពីភាពផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមផ្សេងៗ ដែលអាចធ្វើឱ្យមនុស្សជាច្រើនចាំវាយតម្លៃ។ យើងមិនដឹងទេថា ទៅថ្ងៃអនាគតមានរឿងអ្វីកើតឡើង មិនដឹងថាស្នេហាដែលអ្នកកំពុងមានជាស្នេហាចុងក្រោយរបស់អ្នកឬអត់? ប៉ុន្តែមិនមែនមានន័យថា មានស្នេហាត្រូវលួចលាក់ ឬមិនឱ្យអ្នកណាដឹងសោះឡើយ គ្រាន់តែមិនបញ្ចេញ និងបង្ហាញខ្លាំងពេក ពីសកម្មភាព និងទំនាក់ទំនងស្នេហារបស់អ្នក។

៣.ផែនការជីវិត

មិនមែនគ្រប់មនុស្សទាំងអស់សុទ្ធសឹងតែមានបំណងល្អមកកាន់អ្នកទេ ដូច្នេះហើយការបង្ហាញពីគម្រោងផែនការជីវិតរបស់អ្នកមិនសាកសមឱ្យអ្នកដទៃដឹងឡើយ ព្រោះគ្រប់គ្នាអាចគិតថាអ្នកនិយាយមុនធ្វើ និងអាចប្រើពាក្យរិះគន់ ដែលមានផលអវិជ្ជមានដល់ចិត្តរបស់អ្នកទៀតផង។ មនុស្សសម័យនេះគេចូលចិត្តបង្ហាញលទ្ធផល ជាជាងការបង្ហាញគម្រោងរបស់គេទៅកាន់មនុស្សគ្រប់គ្នា។

៤.ទ្រព្យសម្បត្តិ

ការនិយាយអួតពីទ្រព្យសម្បត្តិជារឿងដែលអ្នកមិនគួរបង្ហាញឱ្យគេវាយតម្លៃអ្នកសោះ។ បើទោះបីជារបស់ដែលអ្នកបង្ហាញគេ អ្នកមានពិតមែនក៏ដោយ គេអាចវាយតម្លៃ ថាអ្នកគិតទ្រព្យសម្បត្តិជាធំ និងជាមនុស្សដែលនិយាយអួតក្អេងក្អាង មិនគួរឱ្យចង់រាប់អាន។

៥.អំពើល្អរបស់អ្នក

ធ្វើអំពើល្អមិនមែនសម្រាប់បង្ហាញទៅឱ្យគ្រប់គ្នាដឹងឡើយ ថាអ្នកជាមនុស្សល្អ ប៉ុន្តែការធ្វើអំពើល្អគឺដើម្បី បានសប្បាយក្នុងចិត្ត និងរក្សាអំពើល្អដែលយើងមានទុករំឮកឱ្យសប្បាយសម្រាប់ខ្លួនឯង។ អំពើល្អដែលអ្នកបានប្រាប់ទៅអ្នកដទៃឱ្យបានដឹង អ្នកនឹងក្លាយជាមនុស្សដែលធ្វើល្អដើម្បីយកមុខមាត់ នៅក្នុងចិត្តគេ។

គ្រប់រឿងអ្នកត្រូវមានភាពឯងជន សូម្បីពេលខ្លះយើងក៏ត្រូវមានបញ្ហាផ្ទាល់ខ្លួន ដែលមិនអាចប្រាប់បានសូម្បីតែក្រុមគ្រួសារ ដូច្នេះហើយអ្នកមិនត្រូវប្រាប់រឿងទាំង៥យ៉ាងខាងលើ ទៅឱ្យមនុស្សដែលមិនអាចទុកចិត្តបានឡើយ៕