បច្ចេកវិទ្យា៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង LG Display វិនិយោគបន្ថែម ១.៤ ពាន់លានដុល្លារនៅក្នុងរោងចក្រផលិតកម្មរបស់ខ្លួននៅ តំបន់សេដ្ឋកិច្ចពិសេស ហៃហ្វុង (Hai Phong) ប្រទេសវៀតណាមនៅឆ្នាំនេះ។
ដើមទុនបន្ថែមនេះ នឹងនាំឲ្យការវិនិយោគសរុបរបស់ LG ឡើងដល់ ៤.៦៥ ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាវិនិយោគិនបរទេសធំជាងគេនៅទីក្រុងកំពង់ផែភាគខាងជើង។
ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ហៃហ្វុង បានអនុម័តជាផ្លូវការនូវការវិនិយោគបន្ថែមនៅថ្ងៃអង្គារនេះ បើយោងតាមវិបសាយរបស់វៀតណាម។ នេះគឺជាការវិនិយោគបន្ថែមលើកទី២ របស់ក្រុមហ៊ុន LG Display នៅក្នុងគម្រោងហៃហ្វុងនៅឆ្នាំនេះ បន្ទាប់ពីបានវិនិយោគចំនួន ៧៥០លានដុល្លារកាលពីខែកុម្ភៈ។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបង្កើនទិន្នផលផលិតអេក្រង់ប្លាស្ទិច OLED ប្រចាំខែពី ៩.៦-១០.១ លានដល់ ១៣-១៤លានគ្រឿង ដោយបង្កើនប្រាក់ចំណូលនាំចេញប្រមាណ ៦.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបង្កើតការងារបន្ថែម ១០,០០០ កន្លែង។
ក្រុមហ៊ុន LG Display បានវិនិយោគលើកដំបូងនៅតំបន់ហៃហ្វុងនេះ នៅខែមេសាឆ្នាំ ២០១៦ ហើយបច្ចុប្បន្នមានបុគ្គលិកជាង ១៤.០០០ នាក់៕