ជប៉ុន ផ្ដើមយកពន្ធលើអ្នកទេសចរ ដែលធ្វើដំណើរចេញពីប្រទេស

ប្រទេសជប៉ុន បានចាប់ផ្តើមយកពន្ធ ចំនួន1,000 យ៉េន (9,22ដុល្លារអាមេរិក) លើមនុស្សម្នាក់ៗ ដើម្បីចំណាយលើ កែលំអហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងអាកាសយានដ្ឋាន និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍

Kyodonews

ក្រុងតូក្យូៈ ប្រទេសជប៉ុន បានចាប់ផ្តើមយកពន្ធចំនួន1,000 យ៉េន (9,22ដុល្លារអាមេរិក) សម្រាប់មនុស្សម្នាក់ៗ ដែលធ្វើដំណើរ ចាកចេញពីប្រទេសនេះ ដែលជាវិធានការមួយក្នុងបំណងបង្កើនមូលនិធិ ដើម្បីជំរុញវិស័យទេសចរណ៍ កាលពីថ្ងៃចន្ទ។

ពន្ធទេសចរណ៍អន្តរជាតិ នឹងគ្របដណ្តប់គ្រប់ៗគ្នាដោយមិនគិតពីសញ្ជាតិ - ពីអ្នកជំនួញ ដល់អ្នកធ្វើវិស្សមកាលដែលមានអាយុលើសពី 2 ឆ្នាំ ហើយនឹងត្រូវបន្ថែមក្នុង តម្លៃសំបុត្រយន្តហោះ។

រដ្ឋាភិបាលចង់ប្រើប្រាក់ពន្ធនេះ ប្រមាណ 50ពាន់លានយ៉េន (460 លានដុល្លារអាមេរិក) ដើម្បីកែលំអហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងអាកាសយានដ្ឋាន និងផ្សព្វផ្សាយ ដល់អ្នកទេសចរពីតំបន់គោលដៅទេសចរ ដែលមានប្រជាប្រិយភាព។

ប្រទេសជប៉ុន បានខិតខំទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិដែលអាចក្លាយជា សសរស្តម្ភមួយ នៃកំណើនសេដ្ឋកិច្ច។

មានភ្ញៀវទេសចរបរទេសជាង 30 លាននាក់ ដែលគេប៉ាន់ប្រមាណថា បានទៅទស្សនាប្រទេសជប៉ុន ក្នុងឆ្នាំ 2018 ភាគច្រើនមកពីអាស៊ី ជាពិសេសប្រទេសចិនដីគោក កូរ៉េខាងត្បូង និងចិនតៃវ៉ាន់៕ AFP