ចំណេញមូលធនទាំង៥ប្រភេទ ដែលទទួលបានការលើកលែងពន្ធ

បើមិនមានអ្វីប្រែប្រួលនោះទេ ការកំណត់បង់ពន្ធលើចំណេញមូលធននៃអចលនទ្រព្យគ្រប់ប្រភេទនឹងត្រូវកំណត់អនុវត្តនៅត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីលើកលែងនិងពន្យារពេលអនុវត្តអស់រយៈពេលពេល១ឆ្នាំ។

យ៉ាងណាក៏ដោយ ការកំណត់បង់ពន្ធលើចំណេញមូលធននេះ ក៏មានកំណត់បង្ហាញពីប្រភេទអចលនទ្រព្យអាទិភាពចំនួន៥ ដែលត្រូវបានលើកលែងផងដែររួមមានដូចខាងក្រោមនេះ៖

ពន្ធលើចំណេញមូលធនត្រូវបានលើកលែងចំពោះការលក់ឬផ្ទេរមូលធនមួយចំនួនរួមមាន៖ 

១).ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ

២).ទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ

៣).និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំមុនពេលលក់ឬផ្ទេរក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម។

៤). អចលនទ្រព្យក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើតរវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ

៥).ទ្រព្យដែលត្រូវបានលក់ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។

បន្ថែមលើនេះរាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងពន្ធ លើចំណេញមូលធន ចំពោះការលក់ឬផ្ទេរប្រភេទដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ៕