បច្ចេកវិទ្យាបានធ្វើឱ្យសិស្សនិស្សិត អ្នកធ្វើការមានភាពងាយស្រួល នៅក្នុងសង្គមបច្ចុប្បន្ននេះ ដូចជាអ្នកធ្វើការអាចបំពេញការងារពីផ្ទះ សិស្សអាចរៀនតាមអនឡាញ តាមរយៈ Zoom, Google Classroom, Google meet និងមានមធ្យោបាយជាច្រើនផ្សេងទៀត។ ភាពងាយស្រួលពេកបានធ្វើឱ្យសិស្សមួយចំនួនលួចខ្ជិល និងមិនទាន់អាចសម្របខ្លួនជាមួយបដិបទសិក្សាបែបថ្មីនេះបាន។ ខាងក្រោមនេះជារឿងដែលគួរធ្វើ និងមិនគួរធ្វើសម្រាប់សិស្សពេលរៀនតាមអនឡាញ៖
រឿងដែលមិនគួរធ្វើ
១.រៀននៅក្នុងបន្ទប់គេង៖ ការរៀនក្នុងបន្ទប់គេង ជម្រុញឱ្យអារម្មណ៍របស់សិស្សចេះតែចង់គេង មិនសូវផ្ដោតលើមេរៀនដែលគ្រូពន្យល់ឡើយ។
២.ធ្វើរឿងផ្សេងពេលកំពុងរៀន៖ ក្នុងពេលរៀនមិនត្រូវធ្វើរឿងផ្សេងឡើយ ដូចជា រៀនផងលេងហ្គេមផង រៀនផងធ្វើម្ហូបផង រៀនផងធ្វើការងារផ្ទះផងជាដើម។
៣.បណ្ដោយពេលវេលា៖ មិនអាចដោយសារតែរៀននៅផ្ទះ អ្នកតែងងើបយឺត មិនងូតទឹក មិនរៀបចំខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ការបណ្ដោយពេលវេលានឹងធ្វើឱ្យអ្នកខ្ជិល និងមិនចាំអារម្មណ៍មេរៀនរបស់គ្រូពន្យល់។
រឿងដែលគួរធ្វើ
១.មានកន្លែងសម្រាប់រៀនត្រឹមត្រូវ៖ រៀបចំបន្ទប់ ឬទីកន្លែងដែលអ្នកត្រូវរៀន ឱ្យមានសណ្ដាប់ធ្នាប់ល្អ ជាពិសេសគឺត្រូវមានសម្ភារៈរៀនឱ្យគ្រប់ចំនួន ពេលត្រូវការត្រូវតែមាន ធ្វើឱ្យដូចអ្នកបានទៅរៀនផ្ទាល់ជាមួយគ្រូនៅសាលា។
២.កំណត់ពេល៖ រៀបចំពេលសម្រាប់រៀនឱ្យបានទៀងទាត់ និងព្យាយាមធ្វើលំហាត់កិច្ចការជាមួយគ្រូឱ្យទាន់ពេលវេលា។
៣.ការកត់ចំណាំ៖ រៀនដោយមានសៀវភៅ ខ្មៅដៃ ប៊ិច ឱ្យមានក្បែរដៃជានិច្ច ស្រួលពេលត្រូវការមានគ្រប់គ្រាន់មិនចាំបាច់ពិបាក។ កត់ចំណាំកន្លែងដែលមិនយល់ ឬកន្លែងដែលចេះចូលក្នុងសៀវភៅ។
៤.សួរគ្រូ៖ បើនៅសាលាអ្នកខំរៀន៥០% រៀនតាមអនឡាញអ្នកត្រូវតែខំ៩០% ព្រោះថាការរៀនអនឡាញ សិស្សត្រូវតែចង់ចេះ ចង់ដឹង ឆ្ងល់សួរភ្លាម មិនចេះត្រង់ណា ត្រូវស្វែងរកចម្លើយ។
៥.ស្វ័យសិក្សាដោយខ្លួនឯង៖ បន្ទាប់ពីរៀនជាមួយគ្រូ គួរតែធ្វើស្វ័យសិក្សាខ្លួនឯងឱ្យបានច្រើន មិនចេះត្រូវសួរមិត្តភក្ដិណា ដែលចេះជាង ពូកែជាង ឱ្យគេជួយពន្យល់ណែនាំ។
កាត់បន្ថយទម្លាប់មិនល្អចោល និងព្យាយាមធ្វើរឿងដែលគួរធ្វើ ដើម្បីឱ្យការសិក្សាតាមអនឡាញ តាមបែបបច្ចេកវិទ្យាថ្មីនេះកាន់តែ ទទួលបានលទ្ធផលល្អដល់ការសិក្សារបស់អ្នក។ ម្យ៉ាងវិញទៀត ត្រូវតែពង្រឹងការព្យាយាមឱ្យបានច្រើនជាងពេលរៀននៅសាលាផ្ទាល់៕