មកដឹងចំណុចពិសេសខ្លះរបស់តន្រ្តី ដែលអ្នកអាចទាញជាប្រយោជន៍បាន


លទ្ធផលស្រាវជ្រាវជាច្រើនបានបង្ហាញថាតន្រ្តីមានគុណសម្បត្តិមួយចំនួន ដែលវាជួយប្រយោជន៍ទៅដល់ទាំងរាងកាយនិងសុខភាពផ្លូវអារម្មណ៍។ ដោយហេតុថាពេលកៀកនឹងថ្ងៃចុងសប្តាហ៍ដូច្នេះ អត្ថបទថ្ងៃសុក្រនេះក្រមាប៉ុស្ត៍ក៏សូមសង្ខេបបង្ហាញនូវគុណសម្បត្តិពិសេសទាំងនោះជូនប្រិយមិត្តដូចខាងក្រោមនេះ។ ហើយប្រភេទតន្ត្រីបែបណា ដែលចូលក្នុងបញ្ជីស្តាប់កម្សាន្តរបស់អ្នកភាគច្រើន?កុំភ្លេចចែករំលែកប្រាប់ក្រមាវិញតាមប្រអប់សារ ឬនៅលើមតិលើផេក ក្រមាប៉ុស្ត៍ផងណ៎ា។

ល្អទៅដល់បេះដូង ការស្រាវជ្រាវបានបង្ហាញថា ឈាមមានលំហូរចលនាបានល្អនៅពេលដែលយើងចាក់សំលេងតន្រ្តីឡើង។ វាក៏ជួយដល់ចង្វាក់បេះដូង បន្ថយសម្ពាធឈាម បន្ថយកម្រិតអ័រម៉ូន Cortisol(អ័រម៉ូនស្រ្តេស) និងបង្កើនកម្រិតអ័រម៉ូនស្រស់ស្រាយរីករាយ (ប្រភេទ Serotonin និង Endorphin) នៅក្នុងឈាម។ 

ជម្រុញទឹកចិត្តនិងអារម្មណ៍ ស្តាប់តន្រ្តីក៏ជម្រុញឱ្យខួរក្បាលនូវការផលិតអ័រម៉ូនDopamine។ ការកើននូវ Dopamine គឺជួយដល់រាងកាយចាកចេញពីភាពអន្ទះអន្ទែងឬអារម្មណ៍ធ្លាក់ទឹកចិត្ត។ លទ្ធផលស្រាវជ្រាវពីផ្នែកនៃខួរក្បាលបង្ហាញថា ចង្វាក់តន្រ្តីពាក់ព័ន្ធនឹងអារម្មណ៍និងទឹកចិត្តច្រើន។

ជួយបន្ថយស្រ្តេស ការស្រាវជ្រាវជាច្រើនក៏បានបង្ហាញជាលទ្ធផលដែរថាការស្តាប់តន្រ្តីជួយបន្ថយស្ត្រេស ដោយហេតុថាដំណើរការរបស់វាទៅដាស់អ័រម៉ូនបន្ថយភាពម៉ួហ្មង។

ជួយបន្ថយអារម្មណ៍ធ្លាក់ទឹកចិត្ត នៅពេលអ្នកមានអារម្មណ៍ហត់នឿយធ្លាក់ទឹកចិត្តនឹងរឿងអ្វីមួយ ប្រភេទតន្ត្រីដែលជួយជម្រុញទឹកចិត្ត នឹងនាំអ្នកឱ្យមានថាមពលកម្លាំងចិត្តដោយសារអារម្មណ៍ជម្រុញចិត្តកើតឡើងវិញផងដែរពោលគឺប្រៀបដូចការទាញអ្នកឱ្យក្រោកឈរឡើងវិញនៅពេលដួល។ 

ជួយការចងចាំរឿងអ្វីមួយ ការសិក្សាពិសោធក៏បានបង្ហាញថា ការស្តាប់តន្រ្តីណាមួយក៏ជួយរំលឹកអ្នកឱ្យចាំនូវរឿងណាមួយដែលធ្លាប់ជួបក្នុងជីវិត។

ជួយរាងកាយបន្ថយអារម្មណ៍ឈឺចាប់ ក្រៅពីជួយបន្ថយកម្រិតស្រ្តេស តន្រ្តីក៏ទៅជួយអន្តរាគមន៍ទៅលើសញ្ញាឈឺចុកចាប់ដែលបញ្ជូនទៅខួរក្បាល ហេតុដូចនេះបានជាការស្តាប់តន្រ្តីនឹងជួយបន្ថយអារម្មណ៍ឈឺចុកចាប់ឱ្យបានធូរស្រាលមួយកម្រិតផងដែរ។

ចាក់ភ្លេងជួយឱ្យអ្នកញ៉ាំតិច ពិតណាស់ អ្នកអាចសម្គាល់ឃើញការចាក់ភ្លេងស្រាលៗ បូករួមបរិយាកាសមានពន្លឺតិចល្មម (បែបរ៉ូម៉ែនតិច) ក្នុងពេលបរិយាកាសញ៉ាំអាហារគឺជួយបន្ថយសកម្មភាពមនុស្សឱ្យមកក្នុងកាយវិការសម្រួលយឺតៗដោយសារតែអារម្មណ៍ពិសេសនៅពេលបរិភោគ ហើយអ្នកនឹងភ្ញាក់ផ្អើលថាគឺមានអារម្មណ៍ឆាប់ឆ្អែត ទោះអ្នកបានញ៉ាំតិចខុសធម្មតាក៏ដោយ។

បង្កើនអារម្មណ៍ជម្នះការលំបាក ដោយសារតែចង្វាក់តន្រ្តីជួយដល់អារម្មណ៍ និងទឹកចិត្តច្រើនដូចនេះវានឹងជម្រុញទឹកចិត្តអ្នក ពិសេសក្នុងពេលធ្វើលំហាត់ប្រាណក្នុងកម្រិតពិបាកណាមួយដែលចង្វាក់តន្រ្តីបានជួយសម្រួលដល់ការហ្វឹកហាត់របស់អ្នកបានច្រើន៕