ចំណុចខ្លះ ពីអ្នកប្រដាល់ Pacquiao ចាត់ជាមេរៀនក្នុងជីវិតប្រចាំថ្ងៃ


ពេលឮពាក្យថា Pacquiaoប្រិយមិត្តប្រាកដជាស្គាល់ហើយ គឺកីឡាករប្រដាល់ពិភពលោកដែលល្បីឈ្មោះមកពីប្រទេសហ្វីលីពីន គឺលោក Manny Pacquiao។ អ្នកស្នេហាវិស័យកីឡា ច្រើនមានការជជែកច្រើន ពិសេសតាក់តិចវាយ និងការប្រកួតម្តងៗរបស់កីឡាករអាស៊ីរូបនេះជាមួយនឹងកីឡាករមកពីប៉ែកលោកខាងលិច។ ប៉ុន្តែ​ យ៉ាងណាមិញ នៅក្នុងចំណុចខ្លះនៃការប្រកួតលើសង្វ្រៀនរបស់លោក Pacquiao ដែលយើងច្រើនហៅលោកថា Pacman នេះ គឺត្រូវបានគេសម្គាល់ជាមេរៀនក្នុងជីវិតប្រចាំថ្ងៃផងដែរហើយចំណុចទាំងនោះមានដូចជា៖

 ១. ដៃគូរបស់អ្នក មិនគួរមើលងាយពួកគេឡើយ

ចំណុចទីមួយពីរឿងមិនគួរមើលងាយនេះគឺដៃគូលើសង្វៀនរបស់អ្នកប្រដាល់ Manny Pacquiao ជាអ្នកលើកឡើង។ពួកគេច្រើនលើកឡើង ក្រោយប្រកួតជាមួយ Pacquiao ដោយសារមុនប្រកួតពួកគេផ្ទាល់ច្រើនមើលថា អ្នកប្រដាល់ហ្វីលីពីនរូបនេះ មាឌតូច មិនអាចយកឈ្នះឬពួកគេអាចវាយចូលមុខ Pacquiao បានងាយ។ ប៉ុន្តែចុងក្រោយពួកគេច្រើននិយាយថា វាជារឿងងាយស្រួលក្នុងការនិយាយបែបនេះបែបនោះពីគូប្រកួត (Pacquiao)ប៉ុន្តែពេលជួបលើសង្វៀន ខ្ញុំត្រូវវៃ ហើយ Pacman (Pacquiao) ក៏ត្រូវវៃ តែគឺមិនងាយស្រួលដូចគិតនោះឡើយ។ 

. ប្រើប្រាស់បទពិសោធនិងអាយុ ជាចំណុចពិសេស

អ្នកប្រដាល់ Pacquiaoឬឈ្មោះហៅក្រៅថា Pacman លើកឡើងថា បើអ្នកហាត់នៅក្លិបបានល្អនោះពេលនៅសង្វៀន អ្នកអាចប្រើប្រាស់ស្នៀត ឬតិចនិកនោះតាមដែលអ្នកចង់ប្រើ។មានដៃគូប្រកួតរបស់ Pacman ច្រើន បង្អាប់អ្នកប្រដាល់កម្ពស់១៦៨(cm)រូបនេះ អំពីអាយុផងដែរ ប៉ុន្តែគូប្រកួតច្រើនភ្ញាក់ផ្អើលអំពីតាក់តិចល្បឿនវាយ និងគ្រោះថ្នាក់ពីទម្ងន់ដៃរបស់អ្នកប្រដាល់ហ្វីលីពីនវ័យ៤២ឆ្នាំរូបនេះ។ដោយផ្អែកតាមគ្រូបង្វឹកប្រដាល់អូស្រ្តាលី លោក Justin Fortune បានលើកឡើងថា Pacman នៅតែដូចអ្នកប្រដាល់ផ្សេងទៀត ថែមទាំងគ្រោះថ្នាក់បើគូប្រកួតប្រហែស ពិសេសលើតាក់តិចរបស់គាត់។

. មិនគ្រាន់តែវាយទេតែហោះទៅជាមួយទៀតផង

“បើអ្នកពិតជាហ្វឹកហាត់ល្អពិតប្រាកដ អ្នកអាចយកឈ្នះបាន” នេះដែលលោក Pacman បានលើកឡើង។ អ្នកអាចសម្គាល់ពីការវាយរបស់កីឡាករដែលមានដើមកំណើតនៅក្រុងKibawe ប្រទេសហ្វីលីពីនរូបនេះ គឺតែងវាយដូចការហោះខ្លួនទៅជាមួយផងដែរពោលគឺ Pacman មានមាឌតូចជាងគូប្រកួតមែនតែនៅពេលបោះកម្លាំងដៃវាយ គឺហោះព្រមនឹងកម្លាំងពីក្នុងខ្លួនផង។ ពិតណាស់បើអ្នកពុំបានកម្ពស់ ដូចនេះល្បឿន និងកម្លាំងគឺជាចំណុចពិសេស។ ត្រឡប់មកអ្នកវិញគឺយើងអាចផ្តោតលើចំណុចខ្លាំងដែលមាន និងចំណុចពិសេសៗដែលអ្នកធ្វើបាន ជាមួយមូលដ្ឋានដែលអ្នកមាន។

. រៀនទទួលកណ្តាប់ដៃ

ចំណុចមួយនេះពីកីឡាករប្រដាល់អាស៊ីប៉ុន្តែវាយលំដាប់ថ្នាក់ពិភពលោករូបនេះ គឺចង់សម្តៅទៅលើការនាំឱ្យយើងចេះទទួលយកបញ្ហាខ្លះហើយរៀនដោះស្រាយវា ពោលគឺប្រៀបដូចនៅពេលដែល Pacman តែងសម្គាល់ឃើញថាដៃគូរបស់ខ្លួនតែងមានបញ្ហា ហើយមិនទាន់ចេះធន់នឹងកម្លាំងដៃដែលលោកវាយទៅនោះទេប៉ុន្តែសម្រាប់លោកវិញ កម្លាំងដៃដែលគូប្រកួតវាយមកវិញគឺត្រូវតែរៀនទទួលខ្លះ គេចមិនផុតប៉ុន្តែលោកមានចំណុចម្យ៉ាង គឺធន់នឹងកម្លាំងដៃ។

. អ្វីដែលអំណោយផលពីធម្មជាតិ

អ្នកអាចភ្ញាក់ផ្អើលពីអ្វីដែលអំណោយផលពីធម្មជាតិដល់Pacmanពោលគឺលោកមានល្បឿនលឿន។ ក្នុងវីដេអូផ្សាយព័ត៌មានរបស់ iNetNews បានបង្ហាញថា ល្បឿនវាយប្រកបដោយកម្លាំងរបស់ Pacman គឺ០.១២វិនាទី ដែលលឿនជាងល្បឿននៃការព្រិចភ្នែកជាធម្មតាទូទៅរបស់យើងដែលមានល្បឿនប្រហែល ០.៣០វិនាទី។ ដូចនេះ ចំណុចមេរៀនគឺអាចរកអ្វីដែលជាចំណុចពូកែនៃធម្មជាតិរបស់អ្នក ហើយអាចដុសខាត់វាឱ្យបានប្រសើរឡើង៕