ក្រៅពីប្រទេសជប៉ុន ដែលជាប្រទេសសម្បូរទៅឲ្យធនធានមនុស្សល្អៗនិងមានវិន័យរឹងមាំ ក្នុងនោះផងដែរ ប្រទេសកូរ៉េក៏ជាប្រទេសមួយក្នុងទី្វបអាសុីដែលមានធនធានមនុស្សពូកែច្រើន ច្នៃប្រឌិត ព្រមទាំងមានសណ្នាប់ធ្នាប់ជាប្រចាំ។ ដូច្នេះខាងក្រោមសុភាសិតដ៏មានតម្លៃ ៧ឃ្លារបស់ជនជាតិកូរ៉េ ដែលតែងតែប្រកាន់ភ្ជាប់ជានិច្ច:
១/ទោះបីអ្នកស្គាល់ផ្លូវមួយច្បាស់ប៉ុណ្ណាក្តី សូមកុំភ្លេចឆ្លៀតសួរគេបញ្ជាក់ម្តងទៀត
សុភាសិតនេះបង្ហាញយើងឲ្យឃើញថា ចំពោះរឿងអ្វីក៏ដោយ ទោះបីជាអ្នកច្បាស់ខ្លាំងយ៉ាងណា ក៏កុំមានជំនឿជាក់ជ្រុលហួសហេតុខ្លាំងពេក ពីព្រោះថាអ្វីៗសុទ្ធសឹងតែអាចប្រែប្រួល និងមិនអាចរំពឹងទុកមុនបានរហូតនោះទេ។
២/រទេះទទេ រមែងលាន់សម្លេងខ្លាំង
សុភាសិតនេះបង្ហាញយើងឲ្យឃើញថា មេមាន់ដែលស្រែកខ្លាំងរមែងពងមិនច្រើន ដូចមេមាន់ដែលសម្ងំក្រោបពងឡើយ។ វាមានអត្ថន័យដូចនឹងសុភាសិតខ្មែរយើងមួយដែរ នោះគឺឆ្កែព្រុសមិនដែលខាំ។ សម្រាប់មនុស្សវិញមិនសំខាន់ថា អ្នកពូកែនិយាយ ឬពូកែអួតអាងប៉ុណ្ណានោះទេ សំខាន់គឺលទ្ធផលដែលអ្នកធ្វើសម្រេចប៉ុណ្ណោះ។
៣/ទីណាមានឆន្ទៈ ទីនោះតែងតែមានផ្លូវ
សុភាសិតនេះបង្ហាញយើងឲ្យយល់ឃើញថាឲ្យតែមនុស្សមានឆន្ទៈ និងមានបំណងច្បាស់លាស់ មុតមាំទោះធ្វើកិច្ចការអ្វីក៏ដោយវាពិតជាអាចទៅរួច ឬប្រាកដជាមានវិធីសាស្រ្តដែលអាចធ្វើទៅបាន។ ប្រសិនបើមនុស្សមានឆន្ទៈដើម្បីសម្រេចអ្វីមួយហើយ នោះគេនឹងព្យាយាមស្វែងរកវិធីសាស្រ្ត ដើម្បីធ្វើវាឲ្យបានដូចគ្នា។
៤/គ្រាប់សណ្តែកតែងតែដុះចេញពីកន្លែង ដែលគេដាក់ដាំវានោះ
សុភាសិតនេះ បង្ហាញយើងឲ្យយល់ឃើញថាស្រដៀងគ្នានឹងសុភាសិតខ្មែរមួយដែរ គឺស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ចំពោះជីវិតរស់នៅវិញ គឺក្មេងៗតែងតែមើលឃើញអ្វីដែលឪពុកម្តាយ ឬមនុស្សជុំវិញខ្លួនប្រព្រឹត្តិ ហើយគាត់នឹងធ្វើតាមគំរូទាំងអស់នោះ។
មានន័យថា ប្រសិនបើក្មេងនោះសម្តែងចេញ អាកប្បកិរិយាបែបណានោះមានន័យថា ឪពុកម្តាយរបស់គេក៏ប្រហែលជាមានអាកប្បកិរិយាបែបនោះដូចគ្នាដែរ។
៥/ពេលចាប់ផ្តើម គឺអ្នកសម្រេចលទ្ធផលបានពាក់កណ្តាលរួចបាត់ទៅហើយ
សុភាសិតនេះ បង្ហាញយើងឲ្យយល់ឃើញថាគ្រប់កិច្ចការទាំងអស់ ការចាប់ផ្តើម គឺសំខាន់ខ្លាំងណាស់ពីព្រោះកិច្ចការភាគច្រើននៅលើពិភពលោកនេះមិនអាចទទួលបានផ្លែផ្កាក៏ដោយសារតែការមិនព្រមចាប់ផ្តើមនេះឯង។ ដូច្នេះប្រសិនបើអ្នកចាប់ផ្តើមធ្វើអ្វីមួយ ទោះបីលទ្ធផលចុងក្រោយបែបណាក្តី ប៉ុន្តែមានន័យថាអ្នកសម្រេចលទ្ធផលបានពាក់កណ្តាលមុនរួចស្រេចទៅហើយ។
៦/កុំព្យាយាមយកដៃ បាំងមេឃ
សុភាសិតនេះបង្ហាញយើងឲ្យយល់ឃើញថា អ្នកអាចបិទបាំងមេឃបាន ដោយអ្នកគ្រាន់តែយកម្រាមដៃបិទកែវភ្នែកទាំងពីររបស់ខ្លួនប៉ុន្តែត្រូវចាំថាមេឃនៅតែជាមេឃដដែល។ ដូច្នេះអ្នកមិនគួរព្យាយាមបិទបាំងការពិតដែលធ្លាប់កើតឡើងចំពោះរូបអ្នកឡើយពីព្រោះអ្នកដទៃគង់តែដឹងនៅថ្ងៃណាមួយ ជាក់ជាមិនខាន។
សូមចងចាំថា នៅលើពិភពលោកនេះមានរបស់បីយ៉ាងដែលយើងមិនអាចលាក់បាននោះគឺព្រះអាទិត្យ ព្រះចន្ទ និងការពិត។ ហេតុនេះបើទោះបីជាធ្វើអ្វីក៏ដោយចូរស្មោះត្រង់ចំពោះខ្លួនឯងហើយនឹងអ្នកដទៃ។
៧/សត្វស្វា ក៏គង់នឹងធ្លាក់ពីដើមឈើ
សុភាសិតនេះបង្ហាញយើងឲ្យយល់ឃើញថាបើទោះបីអ្នកជំនាញខ្លាំងប៉ុណ្ណាក៏ដោយ ក៏រមែងតែងតែនឹងធ្វេសប្រហែសឬបង្កើតកំហុសណាមួយជាក់ជាមិនខាន។ ប៉ុន្តែសូមកុំមានការភ័យខ្លាចក្នុងការបង្កើតកំហុសដោយអចេតនាបែបនោះអី។
អ្នកត្រូវចងចាំថា រាល់កំហុសឆ្គង និងការបរាជ័យ វានឹងក្លាយទៅជា បទពិសោធន៍ដ៏មានតម្លៃដែលនឹងបង្រៀនអ្នកអោយក្លាយទៅជាបទពិសោធន៍ដ៏មានតម្លៃដែលនឹងបង្រៀនអ្នកអោយក្លាយទៅជាមនុស្សដែលរឹងមាំម្នាក់។ អ្វីដែលសំខាន់បំផុតនោះ គឺប្រសិនបើអ្នកធ្លាប់ពីលើមែកឈើហើយ តើអ្នកមានភាពក្លាហានឡើងទៅលើដើមឈើនោះម្តងទៀតដែរ ឬក៏អត់?