កម្មវិធី Web Browser ដ៏ពេញនិយមបំផុតលើពិភពលោក ដែលលោកអ្នកអាចប្រើបានប្រចាំថ្ងៃ

បច្ចេកវិទ្យា៖ ឧទាហរណ៍កម្មវិធី Safari ដែលមានក្នុងទូរស័ព្ទដៃ iPhone ដែលលោកអ្នកប្រហែលជាធ្លាប់បានប្រើប្រាស់នោះហើយជា Web Browser។ 

អ្វីទៅជា Web Browser? Web Browser ឬ Brower ក្នុងភាសាបច្ចេកវិទ្យា មានន័យថា ជាកម្មវិធីសម្រាប់ឲ្យលោកអ្នកអាចដំណើរការភ្ជាប់ទៅកាន់ វិប (World Wide Web) ដើម្បីបើកវិបសាយ ឬស្វែងរកឯកសារណាមួយនៅលើបណ្ដាញ Internet ជាដើម។ 

Web Browser ដ៏គេពេញនិយមបំផុតទូទាំងពិភពលោកមានចំនួន៥ នោះគឺ Chrome, Safari, Edge, Firefox និង Opera។ ទាំងនេះជា Cross Platform មិនថា លោកអ្នកប្រើប្រាស់ទូរស័ព្ទដៃ ឬកុំព្យូទ័រនោះទេ គឺវាអាចមានទំនាក់ទំនងទិន្នន័យទៅវិញទៅមកបាន។  

កម្មវិធីទាំងនេះ ភាគច្រើនគឺបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោក។ ទិន្នន័យខាងក្រោយនេះ ជា របាយការណ៍ប្រចាំឆ្នាំដែលដកស្រង់ចេញពី​W3  ៖

១/ កម្មវិធី Chrome

Chrome ជា Web Browser ដែលមានប្រជាប្រិយបំផុត បង្កើតឡើងដោយក្រុមហ៊ុន​ Google តាំងពីឆ្នាំ ២០០៨ និងផ្ដើមដាក់ឲ្យប្រើលើទូរស័ព្ទដៃប្រព័ន្ធ Android, iOS ក្នុងឆ្នាំ ២០១២។ Chrome  ធានានូវសុវត្ថិភាពនៃការប្រើប្រាស់ និងល្បឿនរបស់កម្មវិធីនេះ ព្រមទាំងមានភ្ជាប់ជាមួយប្រភេទទូរស័ព្ទ Android ធ្វើឲ្យវាទទួលបានចំណែកទីផ្សារអ្នកប្រើប្រាស់ ៦៥,៣% ក្នុងចំណោមកម្មវិធីទាំងអស់លើពិភពលោក។ កូដរបស់កម្មវិធី Chrome គឺប្រើប្រាស់ចេញពី Chromium Project ដែលជារបស់ក្រុមហ៊ុន Google ផងដែរ។

២/ កម្មវិធី Safari

Safari ជា Web Browser ដែលបង្កើតឡើងដោយក្រុមហ៊ុន Apple ។ កម្មវិធីនេះបង្កើតដំបូងនៅឆ្នាំ ២០០៣ ប្រកាសឲ្យប្រើដោយលោក​ Steve Jobs និងបច្ចុប្បន្ន ទទួលបានអ្នកប្រើប្រាស់ ១៧% និងមានភ្ជាប់ជាមួយគ្រប់ប្រភេទទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុន Apple ។

៣/ កម្មវិធី Edge

Microsoft Edge ត្រូវបានបង្កើតឡើងថ្មីនៅឆ្នាំ ២០១៥ ដោយដាក់ដំណើរការជាមួយ Window 10 ហើយដាក់ដំណើរការលើទូរស័ព្ទ Android, iOS ក្នុងឆ្នាំ ២ឥ១៧។ Microsoft Edge ត្រូវបានដាក់ឲ្យប្រើជំនួសកម្មវិធីចាស់ឈ្មោះថា Internet Explorer ដែលកម្មវីធីនេះបង្កើតឡើងដោយ ក្រុមហ៊ុន​ Microsoft មានទីផ្សារអ្នកប្រើប្រាស់ ៥,៦%។ 

៤/ កម្មវិធី​ FireFox

FireFox ជាកម្មវិធី Web Brower ដែលបង្កើតឡើងដោយស្ថាប័នមិនរកប្រាក់ចំណូល ចេញពីមូលនិធី Mozilla Foundation ។ Firefox បង្កើតឡើងនៅឆ្នាំ ២០០២ ដោយប្រើកូដឈ្មោះ Phoenix ហើយបានចេញជាជំនាន់ទី១នៅ ឆ្នាំ ២០០៤។ ចំណែកទីផ្សារក្នុងពេលបច្ចុប្បន្ន គឺ 4,1% ប៉ុណ្ណោះ។


សូមអានបន្ថែម

៣ឆ្នាំចុងក្រោយសន្ទុះនៃការប្រើប្រាស់​FireFox ធ្លាក់ចុះយ៉ាងខ្លាំង


FireFox ត្រូវបាត់បង់ប្រជាប្រិយភាពខ្លាំងក្នុង៣ឆ្នាំចុងក្រោយនៃការប្រើប្រាស់ ដោយសារតែសន្ទុះនៃការដាក់កម្មវិធីដែលមានស្រាប់លើទូរស័ព្ទដៃ កុំព្យូទ័រភាគច្រើនបំផុត មិនមានភ្ជាប់ FireFox នោះទេ។

៥/ កម្មវិធី Opera

អ្នកប្រើប្រាស់បច្ចុប្បន្ន មិនសូវស្គាល់ពីកម្មវិធីនេះនោះទេ តែវាត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ​១៩៩៥មក ដោយ កម្មវិធី Opera ហើយត្រូវបានគេពេញនិយមពេលបច្ចេកវិទ្យាមិនទាន់ទំនើបខ្លាំង ។ វាមានភាពខុសប្លែកពី Web Brower ផ្សេងទៀតត្រង់ថា ផ្ទាំងខាងមុខទាក់ទាញ មិនសូវស៊ីសេវាInternet និងមុខងារមួយចំនួន ដូចជា VPN ជាដើម។ តែទីផ្សារបច្ចុប្បន្ន នៅមានអ្នកប្រើប្រាស់ត្រឹមតែ ១,៥%ប៉ុណ្ណោះ៕