វិធីសាស្រ្តបែងចែកពេលវេលាឱ្យបានល្អ សម្រាប់និស្សិតដែលធ្វើការផងនិងរៀនផង

ការរៀនផងនិងធ្វើការផង ពិតណាស់នឹងធ្វើឱ្យនិស្សិតពិបាកក្នុងការបែងចែកពេលវេលាមិនច្បាស់ និងការគ្រប់គ្រងពេលវេលាមិនបានត្រឹមត្រូវ។ បើអ្នកធ្វើការអ្នកនឹងមិនមានពេលច្រើនសម្រាប់រៀនខ្លួនឯង ប៉ុន្តែអ្នកបារម្ភខ្លាចគ្មានបទពិសោធន៍ការងារនៅពេលបញ្ចប់ការសិក្សា ប៉ុន្តែរឿងទាំងនេះកើតឡើងបាន​នៅពេលដែលអ្នកមិនចេះបែងចែកពេលវេលាតែប៉ុណ្ណោះ។ ដើម្បីជួយសម្រួលដល់ការធ្វើការរបស់អ្នកមិនប៉ះពាល់ដល់ការរៀនសូត្រសាកល្បងវីធីបែងចែកពេលវេលាខាងក្រោមនេះបាន៖

១.ធ្វើការងារតូចតាចមុនឱ្យហើយ

ទាំងការរៀន និងធ្វើការប្រសិនបើទាំងពីរនោះមានការងារ ឬកិច្ចការណាមួយដែលងាយស្រួលធ្វើជាងគេ អ្នកធ្វើឱ្យរួចរាល់ជាមុនសិន។ ទម្លាប់ដែលអ្នកត្រូវកែគឺការទុកការងារតូចតាចធ្វើក្រោយគេ ឬមិនរវល់ជាមួយកិច្ចការតូចតាចទាំងនោះ ការធ្វើបែបនេះធ្វើឱ្យអ្នកចេះតែចោលការងារបន្តបន្ទាប់។ ប៉ុន្តែប្រសិនបើអ្នកធ្វើការងារងាយមុនគេបានសម្រេចនឹងធ្វើឱ្យអ្នកមានទឹកចិត្ត និងចង់បន្តធ្វើការងារផ្សេងៗទៀត។

២.ធ្វើកិច្ចការណាដែលបន្ទាន់

ជាការងារណាដែលមានថ្ងៃកំណត់លឿនជាងគេ សំខាន់ជាងគេនិងមានភាពចាំបាច់ជាងគេបង្អស់ អ្នកត្រូវតែធ្វើមុន និងមិនត្រូវទុកចោលយូររហូតជិតដល់ពេលកំណត់ទើបធ្វើនោះទេ។ ម្យ៉ាងវិញអ្នកត្រូវឱ្យអតិភាពលើការសិក្សាឱ្យបានច្រើន បើទោះបីជាការរៀនមិនបានប្រាក់ខែ ឬប្រាក់រង្វាន់ដូចការងារក៏ដោយ ប៉ុន្តែគឺជាការឆ្ពោះទៅរកអនាគត និងបំណងប្រាថ្នារបស់អ្នក។

៣.បែងចែកពេលឱ្យដាច់ពេលរៀននិងពេលធ្វើការ

ប្រសិនបើអ្នករៀនវេនព្រឹក ទុកការងារធ្វើពេលថ្ងៃ រៀនពេលថ្ងៃទុកការងារធ្វើពេលព្រឹក កុំឱ្យពេលវេលារៀនរបស់អ្នកយកការងារមកធ្វើឱ្យសោះ បែបនេះអាចធ្វើឱ្យអ្នករៀនមិនចូល ការងារក៏ធ្វើទាំងអារម្មណ៍មិនសូវមូល។ បែងចែកពេលគ្នាឱ្យដាច់ នោះការសិក្សារបស់អ្នកនឹងទទួលបានផល់ល្អ ការងារក៏រលូនដូចគ្នា។

៤.សៀវភៅកាលវិភាគ

លើកទឹកចិត្តឱ្យអ្នកដែលរវល់ច្រើន ទាំងរៀនផងនិងធ្វើការផង មានកាលវិភាគផ្ទាល់ខ្លួនមួយ សម្រាប់កត់ចំណាំកិច្ចការសាលា និងការងារដែលអ្នកត្រូវធ្វើ ដូចជាផុតកំណត់ថ្ងៃណា ហើយត្រូវដាក់គោលដៅខ្លួនឯងថាអ្នកត្រូវធ្វើអ្វីខ្លះក្នុងរយៈមួយថ្ងៃ មួយសប្តាហ៍ និងមួយខែ ឬដល់មួយឆ្នាំ។​ ការធ្វើបែបនេះធ្វើឱ្យអ្នកមានទីតាំងមួយសម្រាប់ក្រើនរំឮកអ្នក ថាត្រូវធ្វើអ្វីខ្លះពេញមួយថ្ងៃ ហើយត្រូវសម្រេចឱ្យបានការងារអ្វីខ្លះ?

៥.ការតាំងចិត្ត

ចាំបាច់ត្រូវតែមានការតាំងចិត្ត ដើម្បីធ្វើឱ្យបានរាល់ចំណុចទាំងអស់ខាងលើ ព្រោះថាគ្រប់យ៉ាងទាល់តែមានការតាំងចិត្តជាមុនសិន ទើបធ្វើឱ្យអ្នកអាចដៅពេលវេលា និងរៀបចំពេលវេលាឱ្យបានត្រឹមត្រូវ ដោយធ្វើការមិនឱ្យប៉ះពាល់ដល់ការសិក្សារបស់អ្នក។

សរុបមកវិញ ថ្វីត្បិតតែការសិក្សាផងនិងធ្វើការផងធ្វើឱ្យអ្នកពិបាក និងនើយជាងគេបន្តិចមែន ប៉ុន្តែការសិក្សាដំណាលការធ្វើការឱ្យត្រូវមុខជំនាញ គឺពិតជាមានសារៈសំខាន់ខ្លាំង ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សាទាំងមានបទពិសោធន៍នៅក្នុងខ្លួនស្រាប់៕