ចំណុចខ្លះ ជួយឱ្យការប្រាស្រ័យទាក់ទងបានប្រសើរ តាមបែបសាមញ្ញ តែប្រសិទ្ធិភាព


ការមានទំនាក់ទំនងល្អនឹងជួយរក្សានូវមិត្តភាព ក្តីស្រលាញ់ ការរាប់អាន ចៀសចេញពីជម្លោះទាំងឡាយ និងបង្កសាមគ្គីភាព។វិធីសាមញ្ញៗខ្លះ ប៉ុន្តែជាគន្លឹះដ៏ប្រសើរសម្រាប់ប្រើ និងគួរអនុវត្តនៅក្នុងការប្រាស្រ័យទាក់ទងក្នុងជីវភាពប្រចាំថ្ងៃ។ជាចំណុចសាមញ្ញខ្លះក៏ពិតមែន តែអ្នកជំនាញផ្នែកទំនាក់ទំនងក៏បានលើកឡើងពីវិធីតាមបែបសាមញ្ញដូចខាងក្រោមនេះ៖

. ជាអ្នកស្តាប់ដ៏ល្អ

អ្នកស្តាប់ដ៏ល្អគឺជាអ្នកដែលស្តាប់ដោយគោរព ត្រងត្រាប់ និងសួរសំណួរសម្រាប់ចំណុចដែលជាមន្ទិលក៏ដូចជាគោរពនូវការសម្រេចចិត្តរបស់អ្នកនិយាយទោះបីអ្នកស្តាប់ជាអ្នកផ្តល់មតិយោបល់ក៏ដោយ។ រៀនជាអ្នកស្តាប់តាមជំហានដូចជា៖

ការអនុញ្ញាតឱ្យអ្នកនិយាយនិយាយ៖ ប្រសិនបើនរណាម្នាក់រៀបរាប់ប្រាប់អ្នកអំពីបញ្ហាលំបាកឬជារឿងសំខាន់របស់គេ សូមកុំព្យាយាមកាត់ពួកគាត់ បើទោះអ្នកគួរមានអ្វីនិយាយក៏ដោយ។អនុញ្ញាតឱ្យពួកគេ បញ្ចប់អ្វីដែលពួកគាត់មានមតិរួចទើបយើងគួរជួយពួកគេឱ្យពិចារណារកហេតុនៃបញ្ហា និងសួរនាំអំពីអារម្មណ៍ពួកគាត់ចំពោះបញ្ហានោះ។

មិនវិនិច្ឆ័យអ្នកដទៃ៖នរណាម្នាក់មករកអ្នកជួយដោះស្រាយ ក៏ព្រោះពួកគេមានបញ្ហា ដូចនេះទៅតាមលទ្ធភាពគួរជួយពួកគេដោះស្រាយបញ្ហានោះ ជាទម្រង់ក្នុងការផ្តល់យោបល់ ឬលើកឡើងជាគំនិតផ្សេងៗប៉ុន្តែពុំមែនជាការវិនិច្ឆ័យលើពួកគេនោះទេ។

ទទួលយកនូវអ្វីដែលពួកគេអាចមិនយល់ស្របនឹងអ្នក៖បើនរណាម្នាក់សុំដំបូន្មានពីអ្នកអ្នកក៏គួរកុំរំពឹងថាពួកគេអាចនឹងធ្វើទៅតាមមតិយោបល់អ្នកទាំងស្រុងឡើយ។ស្របពេលពួកគេស្តាប់មតិយោបល់អ្នក គឺពួកគេអាចពិចារណាថ្លឹងថ្លែងទៅតាមស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេហើយសម្រេចទៅតាមផ្លូវរបស់ពួកគេផងដែរ។

បង្ហាញថាអ្នកពិតជាអ្នកស្តាប់ពិតប្រាកដមែន៖សួរសំនួរប្រសិនបើអ្នកមានចម្ងល់អំពីអ្វីដែលពួកគេប្រាប់អ្នក ក៏ដូចជាសង្ខេបឡើងវិញពីចំណុចដែលអ្នកស្តាប់បានផងដែរជាការបញ្ជាក់ថា អ្នកចាប់បានចំណុចដែលពួកគេចង់ប្រាប់បានក្នុងកម្រិតណា។ 

. ជាអ្នកមានទំនុកចិត្ត

ទំនុកចិត្តក្នុងចំណុចនេះគឺសម្តៅទៅលើរបៀបបង្ហាញអំពីគំនិតផ្ទាល់របស់អ្នក បទពិសោធផ្ទាល់របស់អ្នកនិងអ្វីដែលជាយោបល់អ្នក ដោយទំនុកចិត្តប៉ុន្តែពុំបានទាមទារឱ្យអ្នកស្តាប់មតិយោបល់អ្នកត្រូវតែតាមការលើកឡើងអ្នកទាំងអស់នោះទេ។

. កាយវិការ

ទាំងក្នុងការនិយាយស្តីសន្ទនា ឬធ្វើបទបង្ហាញ ឬមួយការប្រាស្រ័យទាក់ទងផ្សេងៗ គឺអ្នកអាចរៀនអប់រំឱ្យបានសមរម្យដូចជាសម្លេងនិយាយ កាយវិការយកចិត្តទុកដាក់ នឹងមនុស្សដែលអ្នកកំពុងនិយាយជាមួយ។ ឧទាហរណ៍អ្នកពាត់ដៃ ស្ងាប ងាកមើលនេះនោះ ដែលជាកាយវិការមិនសមស្របក្នុងការទំនាក់ទំនង។ ដូចនេះជំនួសវិញអ្នកអាចបង្កើនទម្លាប់នៃកាយវិការសមរម្យ ដូចជាមានពេលវេលាសមរម្យសម្រាប់ស្តាប់មិនប្រញាប់ប្រញាល់ និងការយកចិត្តទុកដាក់ដែលសុទ្ធសឹងជាទម្លាប់ល្អក្នុងការប្រាស្រ័យទាក់ទងនានា៕