វៀតណាម ផ្តល់ថវិកា ១០លានដុល្លារ ជួយសាងសង់ អគារទីស្តីការក្រសួង ការពារជាតិកម្ពុជា

លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) បានលើកឡើងពីការ ផ្តល់ថវិកាចំនួន១០លានដុល្លារ ដើម្បីជួយសាងសង់នូវអគារ ទីស្តីការ ក្រសួងការពារជាតិកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុនសែន ។

ភ្នំពេញ ៖  ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២៨ខែធ្នូ នៅវិមានសន្តិភាព រដ្ឋមន្រ្តីក្រសួងការពារជាតិ វៀតណាម លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) បានលើកឡើងថា រដ្ឋាភិបាលវៀតណាមបានផ្តល់ថវិកាចំនួន១០លានដុល្លារ ដើម្បីជួយធ្វើការសាងសង់នូវអគារ ទីស្តីការក្រសួងការពារជាតិកម្ពុជា។

ក្នុងជំនួបនោះផងដែរលោក ង៉ូ ស៊ុនលិច្ស  បានថ្លែងជូនសម្ដេច ពីជំនួបនិងកិច្ចព្រមព្រៀង ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងការពារជាតិ ដោយបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព កិច្ចសហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹង កិច្ចសហប្រតិបត្តិការផ្សេងទៀត។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា​និងការចុះកិច្ចព្រមព្រៀងរវាង ភាគីទាំងពីរកម្ពុជា-វៀតណាម ហើយក៏បាន ថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភថវិកា ជួយកសាង អគារទីស្តីការក្រសួងការពារជាតិកម្ពុជា៕