រាជធានីភ្នំពេញ៖ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ដែលលក់និងចែកចាយស៊ីមកាតដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ នឹងប្រឈមការព្យួរឬដកអាជ្ញាបណ្ណ ដោយក្រសួងប្រៃសណីយ៍។
តាមសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញចំណាត់តឹងរឹងឈានដល់ការព្យួរឬដកអាជ្ញាបណ្ណ ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ដែលកន្លងមកតែងតែមានសកម្មភាពចែកចាយស៊ីមកាតទូរសព្ទនៅទីសាធារណៈ ដោយមិនមានឯកសារបណ្ណសំគាល់ខ្លួនពីអ្នកប្រើប្រាស់។
ក្រសួងក៏បានបញ្ជាក់ដែរថា សកម្មភាពភាពចាត់ចូលជាការរួមគំនិតក្នុងអំពើខុសច្បាប់ដោយប្រយោល ជាមួយឧក្រិដ្ឋជន ក្នុងករណីដែលរកឃើញថា មានការប្រើប្រាស់ស៊ីដោយគ្មានអត្តសញ្ញាណត្រឹមត្រូវ។
សូមជម្រាបជូនដែរថា ក្រសួងក៏បានបង្ហាញពីក្រុមហ៊ុនចំនួន២ដែលបានធ្វើសកម្មភាពនេះកន្លងមក គឺមាន ស្មាតអាស្សាតា ខូអិលធីឌី និងក្រុមហ៊ុន វៀតធេល (ខេមបូឌា)៕