ភ្នំពេញ៖ កម្ពុជានឹងទទួលបានដំណក់ប្រេងជាលើកដំបូង នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខនេះក្រោមគម្រោងអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅតំបន់ប្លុកA របស់ក្រុមហ៊ុន Kris Energy ក្នុងដែនសមុទ្រកម្ពុជា នេះបើតាមការលើកឡើងរបស់ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។
ក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារ រវាងថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលនិងគណៈកម្មាការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សុផុន កាលពីថ្ងៃទី២៧ ខែធ្នូ លោកស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានថ្លែងថា ក្រសួងបានបន្តជម្រុញ ការអភិវឌ្ឍន៍ប្រេងកាតដោយបានចុះកិច្ចព្រមព្រៀង តំបន់ប្លុកAទៅឲ្យក្រុមហ៊ុនKris Energy របស់ប្រទេសសឹង្ហបុរី ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅ ផលិតប្រេងឆៅនៅកម្ពុជា។
លោកលើកឡើងថា៖ សមិទ្ធិផលថ្មីមួយខាងលើនេះក្រសួងបានតាមដានជាប្រចាំ នៅរាល់របាយការណ៍អភិវឌ្ឍន៍របស់ក្រុមហ៊ុន KrisEnergy និងនៅគ្រប់ដំណាក់កាល ដោយបានបញ្ជាក់ថា គ្មានការយឺតយ៉ាវ នៅក្នុងគម្រោងអភិវឌ្ឍន៍នោះឡើយ។
លោកស៊ុយសែម បន្តឲ្យដឹងថា ក្រៅពីគម្រោងអភិវឌ្ឍន៍ អណ្តូងប្រេងកាតខាងលើក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននានា ដោយបានថ្លឹងថ្លែងនិងពិនិត្យមើលលទ្ធភាព យ៉ាងល្អិតល្អន់ នៅលើកេរ្ដិ៍ឈ្មោះនិងចរន្តអភិវឌ្ឍន៍របស់ក្រុមហ៊ុនទាំងនោះ មុននឹងចេញច្បាប់អនុញ្ញាត៕