របៀបប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ Sunscreen ឱ្យបានត្រឹមត្រូវ

ការជ្រើសរើសប្រភេទ sunscreen ឱ្យត្រូវជាមួយស្បែករបស់អ្នក គឺជារឿងសំខាន់មួយ ហើយមួយទៀតដែលសំខាន់ដូចគ្នានោះគឺ ការប្រើប្រាស់ sunscreen ឱ្យបានត្រឹមត្រូវ ទើបប្រសិទ្ធភាពដែលទទួលបានកាន់តែខ្ពស់។ ខាងក្រោមនេះនឹងបង្ហាញពីគន្លឹះសំខាន់ទាំង៦ ដើម្បីប្រើប្រាស់ sunscreen បានត្រឹមត្រូវ៖

 ១. លាបមុនចេញទៅក្រៅ១៥នាទី៖ 

ជាធម្មតាឡេការពារកម្ដៅថ្ងៃចាប់ផ្ដើមការពារស្បែករបស់អ្នក និងអាចជ្រាបចូលស្បែកមុខបានសព្វល្អ គឺត្រូវការពេល១៥-២០នាទី ដូច្នេះហើយអ្នកត្រូវតែលាបឱ្យបានមុនចេញក្រៅយ៉ាងហោចណាស់១៥។

២.សម្អាតមុខឱ្យស្អាតមុនពេលប្រើប្រាស់៖ 

ការធ្វើការសម្អាតស្បែកមុខឱ្យបានស្អាត មុនពេលអ្នកប្រើប្រាស់ sunscreen ធ្វើឱ្យលាបឆាប់ចូល ជាប់បានយូរ និងមានភាពភ្លឺរលោង។

៣.ប្រើឱ្យគ្រប់បរិមាណ៖ 

ជាធម្មតាការប្រើប្រាស់ sunscreen បានត្រឹមត្រូវគឺ 2mg/cm2 ឬក៏ស្មើរនឹង1.2g សម្រាប់ផ្ទៃមុខទាំងមូល។ អ្នកត្រូវប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ និងសមបរិមាណមុខរបស់អ្នក។

៤.ប្រើជាប្រចាំ៖ 

អ្នកត្រូវប្រើប្រាស់ជាប្រចាំ ជារៀងរាល់ថ្ងៃ បើទោះបីជាមេឃស្រទំ មិនចេញទៅក្រៅ មានភ្លៀងធ្លាក់ក៏ដោយ ពីព្រោះតែនៅជុំវិញខ្លួនរបស់អ្នកសុទ្ធតែមានពន្លឺដែលអាចធ្វើឱ្យស្បែករបស់អ្នកខូច ដូចជាពន្លឺពីកុំព្យូទ័រ ទូរស័ព្ទ និងទូរទស្សន៍ជាដើម។

៥.លាបឱ្យបានសព្វល្អ៖ 

នៅត្រង់ត្រចៀក ក ភ្នែកជាកន្លែងដែលអ្នកប្រើប្រាស់ sunscreen មួយចំនួនបានមើលរំលង។ ប៉ុន្តែចំណុចទាំងនេះអ្នកត្រូវតែលាបដើម្បីធ្វើស្បែករបស់អ្នកសស្មើ និងមិនរងការបំផ្លាញដោយកម្ដៅថ្ងៃ។

៦.Reapply លាបម្ដងទៀត៖ 

សម្រាប់អ្នកដែលគាត់ធ្វើការច្រើននៅក្រោមកម្ដៅថ្ងៃ ឬប្រើពេលយូរនៅមុខកុំព្យូទ័រ ត្រូវតែធ្វើការលាបម្ដងទៀត នៅពេលថ្ងៃ ដើម្បីបង្កើនការការពារឱ្យរឹតតែល្អ។

អនុវត្តទាំង៦ចំណុចនេះរៀងរាល់ពេល ដែលអ្នកប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ នឹងធ្វើឱ្យប្រសិទ្ធភាពដែលមាននៅក្នុង  sunscreen កាន់តែសកម្ម និងធ្វើការបានល្អនៅលើផ្ទៃមុខរបស់អ្នកទាំងអស់គ្នា៕