ទម្រាំទទួលបាននូវការងារថ្មីមួយ វាពិតជាពិបាកខ្លាំងណាស់សម្រាប់យុវជនដែលនៅមិនទាន់មានបទពិសោធន៍ ជាពិសេសការឆ្លងកាត់ដំណាក់កាលដំបូងនោះគឺការសម្ភាសការងារ។ ការសម្ភាសគឺជាឱកាសល្អមួយ ដែលគេបានអញ្ជើញអ្នកទៅសម្ភាសផ្ទាល់ ក្នុងជម្រើសនៃអ្នកដាក់ពាក្យធ្វើការជាច្រើន ដោយឱកាសបែបនេះមានមិនច្រើនឡើយ។ តើអ្នកគួរតែត្រៀមខ្លួនបែបណាមុនពេលចូលសម្ភាស ឱ្យទទួលបានការងារនោះ?
១.ការស្លៀកពាក់
ការស្លៀកពាក់គឺត្រូវតែជ្រើសរើសឱ្យបានសមរម្យ មិនប្រើពណ៌ឆើតពេកមិនសម្ភារៈនិយមពេក រៀបចំខ្លួនបែបសាមញ្ញដែលមើលទៅសាកសមជាអ្នកហ្មត់ចត់ជាមួយការងារ និងច្បាស់លាស់។ ម្យ៉ាងវិញទៀតគឺការរៀបចំខ្លួនឱ្យត្រូវជាមួយទីកន្លែង ឬបរិយាកាសដែលអ្នកត្រៀមចូលសម្ភាស ព្រោះថាការស្លៀកពាក់ក៏អាចកំណត់ពីអត្តចរិតរបស់អ្នកបានខ្លះដែរ។
២.ការ Make up
ជ្រើសយកការតុបតែងមុខបែបសាមញ្ញ លាបក្រែមបបូរមាត់ពណ៌ស្រាលបំផុត គឺលាបដើម្បីកុំឱ្យមុខមាត់ស្លេកស្លាំងពេកប៉ុណ្ណោះ។ ចំណែកឯការលាបមុខវិញគឺត្រូវតែបែបធម្មជាតិ និងកុំប្រើម្សៅក្រាស់ពេក គេអាចមើលមកអ្នកថាជាបុគ្គល ដែលចំណាយលុយខ្ជះខ្ជាយទៅលើការតុបតែងខ្លួនច្រើន។ ចំណែកម៉ូតសក់វិញអាចលើកចង ឬទម្លាក់សិតចងពីលើឱ្យរៀបរយគឺបានហើយ។
៣.ត្រៀមសំណួរចម្លើយ
តើអ្នកបានដឹងពីក្រុមហ៊ុនបានដល់កម្រិតណា? អ្នកត្រូវចេះស្មាននៅពេលចូលសម្ភាស តើអ្នកសម្ភាសអ្នកផ្ទាល់អាចសួរសំណួរអ្វីខ្លះ? ហើយអ្នកគួរត្រៀមចម្លើយសម្រាប់រាល់គ្រប់សំណួរឱ្យបានល្អ និងរៀនឆ្លើយដើម្បីរកមើល ថាមានអ្វីដែលឆ្គាំឆ្គងដែលឬទេ។ ការធ្វើបែបនេះអាចកាត់បន្ថយការភ័យបានខ្លះ និងធ្វើឱ្យអ្នកឆ្លើយសំណួរបានល្អ។
៤.ទៅកន្លែងសម្ភាសឱ្យបានមុនម៉ោងកំណត់
ការទៅទីកន្លែងដែលត្រូវចូលសម្ភាសឱ្យបានមុនអ្នកដែលសម្ភាសអ្នក អាចជួយឱ្យអ្នកទទួលបានការមើលឃើញពីអ្នកសម្ភាស ថាអ្នកជាមនុស្សគោរពពេលវេលា ហើយអ្នកអាចមានអតិភាពលើសអ្នកដទៃ។ ម្យ៉ាងទៀតការទៅលឿន ដើម្បីសម្រួលអារម្មណ៍ឱ្យបានធូរ ឬកាត់បន្ថយអារម្មណ៍កុំឱ្យប្លែកកន្លែង។
៥.មានទំនុកចិត្ត
ការមានទំនុកចិត្ត និងភាពជឿជាក់លើសមត្ថភាពខ្លួនឯងពិតជាចាំបាច់ខ្លាំង នៅពេលអ្នកចូលទៅសម្ភាសផ្ទាល់ ពីព្រោះតែការមានភាពជឿជាក់អាចធ្វើឱ្យអ្នកឆ្លើយសំណួរបានល្អ មានទំនុកចិត្តចំពោះខ្លួនឯង ដែលធ្វើឱ្យការសម្ភាសរបស់អ្នក ទទួលបានលទ្ធផលល្អបំផុត។
សរុបមកវិញទាំង៥ចំណុចខាងលើ គឺត្រូវការត្រៀមជាចាំបាច់ ដើម្បីបានលទ្ធផលសម្ភាសល្អ ពេលកំពុងសម្ភាសមិនភ័យ មានភាពជឿជាក់ ដោយការទៅឱ្យទាន់ពេលវេលា និងរៀបចំខ្លួនឱ្យសាកសមជាមួយការងារដែលអ្នកទៅសម្ភាស៕