អនុវត្តន៍៥ចំនុចនេះដើម្បីកុំឲ្យភ័យ មុនពេលត្រូវចូលធ្វើបទបង្ហាញ

ភាពភ័យខ្លាចនៅពេលដែលសិស្សនិស្សិត ត្រូវឡើងធ្វើបទបង្ហាញនៅចំពោះមុខមិត្តរួមថ្នាក់ លោកគ្រូអ្នកគ្រូ យើងប្រាកដជាមានអារម្មណ៍ភ័យ ហើយភាពភ័យខ្លាចទាំងនោះ នឹងធ្វើឱ្យការធ្វើបទបង្ហាញរបស់អ្នកទាំងអស់គ្នា មិនបានល្អនោះទេ។ នៅខាងក្រោមនេះយើងនឹងធ្វើការចែកជូននូវខ្លះៗ ដើម្បីកុំឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ភ័យ នៅពេលឡើងធ្វើបទបង្ហាញ៖

១/ត្រៀមចម្លើយសម្រាប់សំណួរ

ជាធម្មតាក្រោយពេលដែលបទបង្ហាញត្រូវបានបញ្ចប់ គ្រូតែងតែទុកពេលវេលាខ្លះដើម្បីឱ្យមិត្តរួមថ្នាក់ ឬក៏គ្រូបង្រៀនសួរសំណួរដែលពាក់ព័ន្ធជាមួយកិច្ចការរបស់អ្នកទាំងអស់គ្នា។ ដូច្នេះហើយអ្នកត្រូវតែត្រៀមចម្លើយឱ្យបានច្រើន ដើម្បីឆ្លើយតបជាមួយសំណួរទាំងនោះ។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកមិនសូវមានសម្ពាធ ដោយសារតែខ្លាចមានសំណួរប៉ះចំកន្លែងដែរមិនទាន់ចេះ។

២/រៀបគម្រោងឱ្យបានល្អ

ត្រូវចេះរៀបចំគម្រោងទុកជាមុនឱ្យបានច្បាស់លាស់ និងត្រៀមខ្លួនទុកជាមុនជានិច្ច។ ប្រសិនបើថ្ងៃស្អែកជាថ្ងៃដែលអ្នកត្រូវធ្វើបទបង្ហាញ អ្នកត្រូវតែធ្វើការហាត់និយាយ ហាត់ឡើងធ្វើបទបង្ហាញនៅចំពោះមុខមិត្តរបស់អ្នកទុកជាមុន ដើម្បីកាត់បន្ថយអារម្មណ៍ភ័យបានខ្លះៗ នៅពេលឡើងធ្វើបទបង្ហាញផ្ទាល់។

៣/សម្រួលដង្ហើម

ការសម្រួលដង្ហើមដោយស្រួលយកខ្យល់ចូលឱ្យពេញពោះ ហើយបន្ធូរខ្យល់ចេញមកវិញយឺតៗ អាចសម្រួលដល់អារម្មណ៍របស់អ្នកបានច្រើន។ ការសម្រួលដង្ហើមត្រូវធ្វើឡើងនៅពេលអ្នកមានអារម្មណ៍ថា បេះដូងលោតញាប់ដោយសារភ័យ បុកពោះ ដូចជាមុនពេលឡើងធ្វើបទបង្ហាញ ពេលកំពុងធ្វើបទបង្ហាញហើយកើតមានកំហុសជាដើម អ្នកត្រូវតែសម្រួលដង្ហើមឱ្យបានជាមុន សឹមបន្តទៅមុខទៀត។

៤/គិតថាអ្នក គឺជាគ្រូនៅពេលធ្វើបទបង្ហាញ

បទបង្ហាញដែលអ្នកត្រៀមធ្វើ គឺជាមេរៀនដែលអ្នកបានយកចិត្តទុកដាក់ សម្រឹតសម្រាំង ដើម្បីធ្វើឱ្យបានល្អ ហើយយកកិច្ចការដែលអ្នកបានខំធ្វើឡើងនោះមកបង្រៀន ដល់មិត្តទាំងអស់គ្នាឱ្យបានយល់ដូចអ្នកដែរ។ ដូច្នេះហើយនាទីដែលគ្រូទុកឱ្យអ្នកធ្វើបទបង្ហាញ ស្មើនឹងហ្នឹងគ្រូអនុញ្ញាតឱ្យអ្នកបានក្លាយជាគ្រូបង្រៀនមួយរយៈដូចគ្នា។

៥/កុំតានតឹងពេក

ភាពតានតឹងអាចដោយសារតែអ្នកចេះតែគិតថាខ្លាចខុស ខ្លាចនិយាយមិនបានល្អ ខ្លាចគ្រប់គ្នាសួរបកមកវិញឆ្លើយមិនចេញ មិនពេញចិត្តចំពោះចំណុចខ្លួនឯងត្រូវធ្វើបទបង្ហាញជាដើម។ ការតានតឹងបែបនេះ មិនបានធ្វើឱ្យអ្នកគេចផុតពីធ្វើបទបង្ហាញឡើយ ក៏ប៉ុន្តែផ្ទុយទៅវិញរឹតតែធ្វើឱ្យអ្នកកាន់តែស្រ្តេសទៅវិញទេ។

បន្ទាប់ពីបានអានអត្ថបទនេះហើយ សង្ឃឹមថាសិស្សនិស្សិតទាំងអស់ ដែលតែងមានអារម្មណ៍ ភិតភ័យនៅពេលឡើងធ្វើបទបង្ហាញ អាចសម្រួលអារម្មណ៍បានខ្លះ និងត្រូវចេះត្រៀមខ្លួនជាមុន ដើម្បីជម្រុញឱ្យការធ្វើបទបង្ហាញរបស់អ្នកទាំងអស់គ្នាបានកាន់រលួន៕