(វៀតណាម)៖ ស្ថិតិនៃការវិនិយោគ ក្នុងប្រទេសវៀតណាម បានបង្ហាញថា មានប្រទេសចំនួនជាង 100 ប្រទេស បានបណ្ដាក់ទុនវិនិយោគ នៅវៀតណាម ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសជប៉ុនបាននាំមុខគេ ដោយមានទឹកប្រាក់វិនិយោគ 8,59 ពាន់លានដុល្លារ ដែលស្មើនឹង24 ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេស(FDI) សរុប។
រីឯ កូរ៉េខាងត្បូង ឈរនៅលំដាប់ទី២ ទឹកប្រាក់វិនិយោគ7,2 ពាន់លានដុល្លារ និងសឹង្ហបុរីឈរនៅលំដាប់ទី៣ ដែលមានទឹកប្រាក់វិនិយោគ 5 ពាន់លានដុល្លារ ដែលស្មើនឹង24,2% និង 14,2% នៃ FDI សរុប រៀងគ្នា ក្នុងប្រទេសវៀតណាម នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានវៀតណាម។
ក្នុងទិន្នន័យនោះ វិស័យផលិតកម្មនិងកែច្នៃ បានទទួលការវិនិយោគ ច្រើនបំផុត ពីវិនិយោគិនបរទេស ក្នុងទឹកប្រាក់ 16,58 ពាន់លានដុល្លារ ឬស្មើនឹង 47 ភាគរយ នៃដើមទុនដែលបានចុះបញ្ជី។
វិស័យអចលនទ្រព្យ បានជាប់ចំណាត់ថ្នាក់លេខ 2ជាមួយនឹងទឹកប្រាក់ 6,6 ពាន់លានដុល្លារ ឬ 18,5 ភាគរយហើយវិស័យលក់រាយ ឈរនៅលំដាប់ទី 3 ដោយមានចំនួន 3,67 ពាន់លានដុល្លារឬ 10,3 ភាគរយ៕