បាច់ផ្កាអមតុក្កតានៅកីឡាអូឡាំពិចតូក្យូ២០២០ មានបង្កប់អត្ថន័យនៃការចងចាំក្នុងឆ្នាំ២០១១

ព្រឹត្តិការណ៍កីឡាអូឡាំពិច ២០២០ដែលត្រូវបានពន្យាមកធ្វើក្នុងឆ្នាំ ២០២១ បានបិទបញ្ចប់ទៅថ្មីៗនេះនាទីក្រុងតូក្យូប្រទេសជប៉ុន បានប​ន្សល់ទុកស្នាមញញឹមនិងអនុស្សាវិរីយ៍ជាច្រើន មិនថាអត្តពលិក ឬក្រុមការងារអ្នកកីឡាមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក។ 

ជា​មួយគ្នានោះ​រង្វាន់មេដាយសម្រាប់អ្នកស័ក្តិសមទទួលជ័យជម្នះ ក៏កាន់តែផ្តល់នូវការចងចាំមិនអាចបំភ្លេចបានសម្រាប់អត្តពលិកដែលមានសមត្ថភាពអាចយកវាត្រឡប់ទៅមាតុភូមិកំណើតខ្លួនវិញនោះ។ អ្វីដែលគួរកត់សម្គាល់ទៀតនោះ គឺបាច់ផ្កាអមដោយតុក្កតា ដែលបានប្រគល់ជូនអត្តពលិកដែលបានទទួលមេដាយគឺរឹតតែមានអត្ថន័យទៅទៀត។

បាច់ផ្កាជាង៥ពាន់បាច់ បានជូនទៅដល់អ្នកកីឡានៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោកខាងលើនេះ។ ហើយចំណុចពិសេសដែលត្រូវរៀបរាប់នោះគឺ វាជាផ្កាដែលត្រូវបានដាំដុះយកពីសង្កាត់ចំនួនបី នៃភាគឦសានប្រទេសជប៉ុនពោលគឺជាកន្លែងដែលធ្លាប់បានរងគ្រោះមហន្តរាយ ដោយសាររញ្ជួយដី រលកយក្សស៊ូណាមិ និងរោងចក្រនុយក្លេអ៊ែរនៅឆ្នាំ២០១១។

មនុស្សប្រមាណជិត២ម៉ឺននាក់បានស្លាប់ដោយសារមហន្តរាយធម្មជាតិនិងនុយក្លេអ៊ែរនោះ ពិសេសនៅខេត្ត Iwate ខេត្ត Fukushima និងខេត្ត Miyagi។ ដូចនេះ ផ្កាព័ណ៌លឿង បៃតងនិងខៀវដែលនាំយកពីខេត្តទាំងនោះ។

ផ្កាឈូករ័ត្នព័ណ៌លឿងស្រស់ ដែលលេចធ្លោជាងគេក្នុងបាច់ផ្កា គឺបានដាំដោយផ្ទាល់ដៃពីឪពុកម្តាយជនជាតិជប៉ុនដែលកូនរបស់ពួកគាត់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះមហន្តរាយខាងលើ។ ឪពុកម្តាយដែលជាអ្នកដាំទាំងនោះបានជ្រើសយកទីទួល ដែលជាកន្លែងកូនៗរបស់ពួកគាត់បានភៀសខ្លួនចេញពីកន្លែងកើតគ្រោះមហន្តរាយនោះ។

ដោយឡែក ផ្កាព័ណ៌សនិងព័ណ៌ស្វាយ​ បានដាំដុះនៅ Fukushima រីឯព័ណ៌ខៀវបានដាំដុះនៅខេត្ត Iwate ជាតំបន់ឆ្នេរសមុទ្រដែលទទួលរងគ្រោះដោយសាររលកយក្សឆ្នាំ២០១១និងចុងក្រោយគឺផ្កាព័ណ៌បៃតងដែលជាតួសំខាន់ក្នុងបាច់ផ្កា គឺបានដាំដុះនៅក្រុងតូក្យូដែលជាតំណាងនៃទីក្រុងដែលប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិច២០២០ ក្នុងឆ្នាំ២០២១នេះ៕