មកដឹងពីថ្លៃចំណាយ ដែលបង្កប់នៅពីក្រោយការបង្កើតវិបសាយសាមញ្ញមួយ

បច្ចេកវិទ្យា៖ អត្ថបទនេះ សម្រាប់ប្រភេទអាជីវកម្មតូចដែលទើបបង្កើតថ្មី ឬទើបចង់មានវិបសាយសម្រាប់បង្ហាញព័ត៌មានពីក្រុមហ៊ុន អាចមិនយល់ដឹងពីការចំណាយដែលមាននៅពីក្រោយ ក្រៅពីថ្លៃធ្វើវិបសាយ។

ដូច្នេះយើងខ្ញុំសូមបង្ហាញចំនុចជាច្រើនទៀត ដែលអ្នកត្រូវចំណាយបន្ថែម ហើយក៏ជាចំនុចដែលអ្នកត្រូវសួរ អ្នកធ្វើវិបសាយ (Web Developer) ពីករណីទាំងនេះ ថាតើតម្លៃធ្វើវិបសាយនោះ មានបញ្ចូលតម្លៃខាងក្រោមនេះឬទេ៖

1. ទិញឈ្មោះវិបសាយ (Domain Name)

អ្នកត្រូវទិញឈ្មោះវិបសាយ ទៅតាមឈ្មោះដែលអ្នកចង់បាន ឧទាហរណ៍ kramapost.com ។ ឈ្មោះ Domain ធម្មតាមួយគឺមានតម្លៃ ១០ដុល្លារដែលអ្នកត្រូវចំណាយជាប្រចាំឆ្នាំ។ ដោយឡែក Domain ដែលមានឈ្មោះល្អ ខ្លី និងអាចងាយស្រួលចាំ គឺអាចមានតម្លៃដល់ទៅរាប់ពាន់ដុល្លារពេលទិញដំបូងនិងអាចត្រូវចំណាយក្នុងតម្លៃមួយ ជាប្រចាំឆ្នាំផងដែរ។

2. ការបង្ហោះគេហទំព័រ (Hosting)

មានវិបសាយហើយ និងមានឈ្មោះ Domain តែអ្នកក៏ត្រូវការយកវិបសាយនោះ មកបង្ហោះ (Hosting) ដើម្បីគេអាចចូលប្រើជាសាធារណៈ។ នេះសំដៅលើទីតាំង ដែលវិបសាយរបស់អ្នកនឹងត្រូវរក្សាទុក។ សេវានៃការបង្ហោះនេះ ត្រូវចំណាយទៅតាមទំហំនិងតម្រូវការនៃល្បឿន សម្រាប់វិបសាយ។ វិបសាយកាន់តែធំ អ្នកត្រូវការទំហំកាន់តែធំ ហើយការចំណាយក៏កាន់តែខ្ពស់។

វិបសាយតូចមួយ ដែលមិនត្រូវការអ្នកចូលមើលច្រើន (វិបសាយបង្ហោះព័ត៌មានពីក្រុមហ៊ុន) ក៏ត្រូវការចំណាយលើសេវានេះលក្ខណៈជា Shared Hosting គឺមានតម្លៃចាប់ពី ៥ដុល្លារក្នុង១ឆ្នាំ (មិនមែនសម្រាប់វិបសាយធុរកិច្ច) ។ តម្លៃនេះ អាចដល់រាប់រយក្នុង១ខែផងដែរចំពោះ វិបសាយព័ត៌មាន ឬ e commerce ទ្រង់ទ្រាយតូច។

3. វិញ្ញាបនបត្រ SSL

ចំណាយលើការទិញ SSL ដែលមានចាប់ពី 40ដុល្លារ ដល់ជាង១០០ដុល្លារ ក្នុង១ឆ្នាំទៀតទៅតាមក្រុមហ៊ុន។ SSL នេះដូចជាបន្ទះដើម្បីការពារសុវត្ថិភាពលើការប្រើប្រាស់វិបសាយ ហើយវាជាកត្តាចាំបាច់សម្រាប់គ្រប់គេហទំព័រ។ វិបសាយខ្លះដែលមិនមាន SSL គឺជាវិបសាយដែលមានហានិភ័យនិងអាចប្រឈមនឹងការ Block ពី Browserដែលមានកម្មវិធីកម្ចាស់វីរុស ដោយហាមអ្នកប្រើប្រាស់មិនឲ្យចូលបាន។

ឧទាហរណ៍ https://kramapost.com

SSL នេះវាបាន Encrypt ទិន្នន័យរវាងអតិថិជនរបស់អ្នកនិងម៉ាស៊ីនមេឬទិន្នន័យកាត់កាតឥណទានឲ្យមានសុវត្ថិភាព១ចំណែក។ គេកត់សំគាល់វិបសាយដែលមាន​ SSL ដោយមានរូបកូនសោរនៅខាងដើម និងមាននៅដើម URL បង្ហាញជា https។ 

4. មាតិកាក្នុងវិបសាយ

មានវិបសាយហើយ តើអ្នកមានព័ត៌មានអ្វី មានមាតិកាអ្វីខ្លះដែលត្រូវបង្ហាញ? ដើម្បីបានខ្លឹមសារដែលល្អទាំងនេះអ្នកអាចនឹងត្រូវចំណាយបន្ថែមលើអ្នកជំនាញផ្នែកសរសេរអត្ថបទផ្សព្វផ្សាយ( PR) ដើម្បីសរសេរពីវិបសាយរបស់អ្នក។ហើយបើអ្នកធ្វើពាក់ព័ន្ធនឹងអត្ថបទជាប្រចាំថ្ងៃ នោះការចំណាយកាន់តែធំ។

អ្នកប្រហែលជាមានគំនិតចង់បំពេញវាដោយខ្លួនឯង ប៉ុន្តែសូមចងចាំថា តើអ្នកមានជំនាញដែរឬទេ?ការចំណាយនេះ គឺអាស្រ័យលើចំនួនមាតិកា សារសំខាន់ដែលអ្នកចង់បង្ហាញលើវិបសាយ។

5. ការរចនា

ក្រៅពីមាតិកាអត្ថបទ ម្ចាស់វិបសាយក៏ត្រូវតែមានការចនាបន្ថែមដោយបញ្ចូលនូវក្រាហ្វិកការប្រើពណ៌ឬរូបភាព ដែលទាក់ទាញដល់អតិថិជន។ ដែលរូប១សន្លឹកក្នុងតម្លៃជា Freelance គឺអាចចំណាយដល់ទៅ ២០ដុល្លារ។ 

6. SEO ( Search Engine Optimizer)

និយាយដោយសាមញ្ញ កាលណាអ្នកបង្កើតគេហទំព័រល្អមួយមានមាតិកាល្អនិងការរចនាគួរឱ្យទាក់ទាញប៉ុន្តែអ្នកប្រើប្រាស់មិនអាចរកវាឃើញ តើបានប្រយោជន៍អ្វី?ដើម្បីឲ្យវិបសាយងាយរកឃើញតាម Search Engine ( google, msn, bing, yahoo ជាដើម) ដែលអ្នកត្រូវតែចំណាយធ្វើSEO នេះបន្ថែមទៀត លើ បច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈSEO។ ការងារ SEO នេះត្រូវធ្វើជាប្រចាំ​ដូច្នេះការចំនាយក៏ត្រូវការជាប្រចាំ។

7. ការជួសជុល (Maintenance)

វិបសាយដែលបានបង្កើតឡើង គឺមិនអាចត្រឹមត្រូវឥតខ្ចោះនោះទេ។ ក្នុងស្ថានភាពនៃការប្រើដំបូងៗម្ចាស់វិបសាយអាចនឹងរកមិនឃើញ។ ដើម្បីកែប្រែនូវកំហុសឆ្គងដែលមាន អាចជាអក្សរខុស ពណ៌មិនត្រូវចិត្តនោះម្ចាស់វិបសាយត្រូវការចំណាយលើពេលវេលាសម្រាប់អ្នកអ្នកបច្ចេកទេស មកមើលថែវាជាប្រចាំដែលចំណាយជាទូទៅ ១ម៉ោងអាចពី ១០ដុល្លារឡើង។

តម្លៃនៃការធ្វើវិបសាយតូចមួយដែលបង្ហាញតែពីព័ត៌មានក្រុមហ៊ុន គឺអាចមានចាប់ពី ២០០ដុល្លារឡើង(Basic) ហើយក៏អាចមានដល់លើស ១០០០០ដុល្លារ។ ដោយឡែក ក្រៅពីតម្លៃធ្វើវិបសាយ ក៏នៅមានចំណាយបន្ថែមដែលបានរៀបរាប់ខាងលើផងដែរ៕