សម្ដេចតេជោ បញ្ជាឲ្យផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ដល់មន្រ្តីជួរមុខតាមព្រំដែននៅដើមអាទិត្យក្រោយ

នារសៀលថ្ងៃទី ៦ សីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារពិសេសដោយបានបញ្ជាឲ្យលោកស្រី ឱ វណ្ណឌីន ផ្ដើមការចាក់វ៉ាក់សាំងដូសទី៣ ប្រភេទ Astra Zeneca ដល់មន្រ្តីជួរមុខតាមព្រំដែននៅដើមអាទិត្យក្រោយ ដែលប្រឈមខ្ពស់ចំពោះការទទួលពលករកម្ពុជា ដែលធ្វើដំណើរមកពីប្រទេសថៃ។

នៅពេលនេះ មានមកប្អូនប្រជាពលរដ្ឋកម្ពុជាដែលមកពីប្រទេសថៃ មានប្រមាណជា ១ម៉ឺននាក់កំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន និងមានមកជាបន្តបន្ទាប់ទៀត។

សម្ដេចតេជោ៖ សូមឲ្យលោកស្រី ឱ វណ្ណឌីន ពង្រាយវ៉ាក់សាំងភ្លាម ជូនទៅតាមខេត្តជាប់ព្រំដែនដើម្បីបានចាក់។ នៅថ្ងៃចន្ទក្រោយ ត្រូវតែចាក់ដល់មន្រ្តីជួរមុខ ព្រោះត្រូវប្រឈមជាមួយការទទួលបងប្អូនដែលមកពីប្រទេសថៃ។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យមន្រ្តីរាជរដ្ឋាភិបាលដែលចុះជួយតាមខេត្ត បន្តជួយមើលការខុសត្រូវនិងរួមចំណែកគាំទ្រជាថវិកាចាំបាច់នានា ក្នុងកិច្ចការនេះផងដែរ៕