ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការងារសាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ តបណ្តាញអគ្គិសនី និងជម្រុញដល់ការងារដាំដុះ បង្កបង្កើនផល និងចិញ្ចឹមសត្វ ជូនអតីតយុទ្ធជននៅក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គិតមកទល់ពេលនេះ ផ្ទះដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ប្រមាណ២០៥ខ្នងហើយ ត្រូវបានសាងសង់រួចរាល់ ក្នុងនោះតំបន់A ចំនួន១៥៥, តំបន់B ចំនួន២៥ និងតំបន់C ចំនួន២៥ ខណៈផ្ទះចំនួន៧៦ខ្នងទៀត ត្រូវបានកំពុងសាងសង់បន្ត ក្នុងជំហានទី២។
ក្រៅតែពីការសាងសង់ផ្ទះហើយនោះ ក្រុមការងាររបស់សមាគមអតីតយុទ្ធជន និងអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំសាងសង់មណ្ឌលសុខភាព, សាលារៀន, ស្នាក់ការភូមិ, ឈូសឆាយផ្លូវគ្រោង និងសាងសង់សំណង់សិល្បៈការ ព្រមទាំងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យឆាប់បានចេញជារូបក្នុងពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ បានចុះតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើការងារសាងសង់នេះ ដើម្បីសម្រេចឱ្យបានលឿនជូនដល់អតីតយុទ្ធជន តាមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីនៅទីតាំងខាងលើ ជូនដល់អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ ប្រមាណ៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ ៧០ម៉ែត្រ x១៥០ម៉ែត្រ នៅភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ទន្ទឹមនឹងរាជរដ្ឋាភិបាលផ្តល់ដីហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនដែលខ្វះខាត និងមានពិការភាពទាំង ៦២៨គ្រួសារនេះផងដែរ។ បច្ចុប្បន្នផ្ទះសាងសង់បាន២០៥ខ្នងហើយ ដែល៥០ខ្នងមុន ត្រូវបានប្រគល់-ទទួល ជំហាន១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។
ការផ្តល់ជូនសម្បទានដីសង្គមកិច្ច និងផ្ទះខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេង របស់អតីតយុទ្ធជនពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជារដ្ឋបាលខេត្ត ដែលពួកគេបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
អតីតយុទ្ធជន និងគ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះដែលសាងសង់រួច ពួកគេបានគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេរ រួមទាំងឯកឧត្តមអភិបាលខេត្ត ហើយពួកគេមានជំនឿជឿជាក់ និងប្តេជ្ញាកសាងជីវិត នៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម មានសុភមង្គល និងមានទេសភាព អាកាសធាតុដ៏ស្រស់ត្រកាលមួយនេះតរៀងទៅ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់