៧វត្ថុនៅក្នុងផ្ទះ ដែលយើងសម្តៅទៅលើន័យប្រៀបធៀបគឺបានជាមេរៀនអប់រំអ្នកនូវខ្លឹមសារខ្លះៗ ដែលអ្នកអាចពិចារណាពីរបស់ទាំងនេះបាន។ ជាន័យធៀបបែបអប់រំពីវត្ថុទាំងនោះ ត្រូវបានលើកឡើងដូចខាងក្រោម៖
១. ដំបូលផ្ទះ
មែនហើយ បើអ្នកសង្កេតមើលនិងពិចារណាបន្តិច ជារឿងគួរឱ្យអស់សំណើចបន្តិចមែន តែជាការពិតអ្នកអាចរៀនសូត្រដូចដំបូលផ្ទះដែរ។ដំបូលផ្ទះជាកន្លែងមួយខ្ពស់ជាងគេក្នុងផ្ទះ ហើយវាតែងការពារអ្នកក្នុងផ្ទះពីខ្យល់ភ្លៀង ក្តៅ សំណើម -ល-។ ត្រឡប់មកវិញ អ្នកក៏អាចរឹងមាំដូចដំបូលផ្ទះដែរ អ្នកអាចប្រាប់ខ្លួនឯងថា អ្នករឹងប៉ឹងដូចដំបូលផ្ទះអីចឹងដែលអាចការពារ ជាម្លប់ និងជាទីអាស្រ័យដល់អ្នកជ្រកក្រោមដំបូលផ្ទះ។
២. នាឡិកា
នាឡិកាតែងប្រាប់អ្នកហើយក៏ជួយរំលឹកអ្នកដែរថា ពេលវេលាមានកំណត់ ហើយគ្រប់វិនាទីគឺសុទ្ធតែមានតម្លៃ។ ដូចនេះអ្នកអាចប្រើប្រាស់ពេលវេលាឱ្យបានសមស្រប និងត្រឹមត្រូវ។
៣. កង្ហារ
របស់ក្នុងផ្ទះ អាចមានមិនអាចខ្វះបានមួយនោះគឺកង្ហារ។ ពិតមែន អ្នកអាចសម្គាល់មើលថា កង្ហារជារបស់ជំនួយមួយ នៅពេលអ្នកទើបមកពីនឿយហត់មានអារម្មណ៍ក្តៅស្អុះស្អាប់ កង្ហារជាជំនួយមួយជួយប្តូរបរិយាកាសឱ្យប្រសើរឡើងវិញ។ ដែលនេះនៅក្នុងន័យប្រៀបធៀបនោះគឺ អ្នកអាចមានប្រយោជន៍ដូចកង្ហារអីចឹង អ្នកនៅក្បែរអ្នកតែងត្រូវការ និងបង្កបរិយាកាសត្រជាក់ និងមនោរម្យសុខស្រួលសម្រាប់អ្នកអាស្រ័យត្រូវការ។
៤. កញ្ចក់
កញ្ចក់ឆ្លុះប្រើប្រាស់រាល់ថ្ងៃប៉ុន្តែតម្លៃរបស់វាសម្រាប់អ្នក គឺអាចពិចារណាបានថា កញ្ចក់ជួយអ្នកឱ្យឆ្លុះមើលសព្វកន្លែងនូវផ្នែកខ្វះខាតមិនសមរម្យ អ្នកអាចកែខៃវាឱ្យបានប្រសើរល្អជាងមុន។ ដូចនេះ ក្នុងន័យធៀបគឺវាប្រៀបដូចកញ្ចក់ គឺជាការចេះត្រិះរិះពិចារណាឱ្យបានសព្វជ្រុងជ្រោយមុនពេលសម្រេចចិត្តទៅធ្វើអ្វីមួយ។
៥. បង្អួច
បង្អួចប្រៀបដូចជាកន្លែងដែលនាំអ្នកឱ្យឃើញផ្ទាំងទស្សនីយភាពផ្សេងៗ ទៅតាមការប្រែប្រួលនៃសកម្មភាពប្រចាំថ្ងៃឬធម្មជាតិ។ នៅក្នុងន័យធៀប បង្អួចគឺប្រៀបដូចអ្នកគួរងាកទៅមើលពិភពខាងក្រៅខ្លះ ថាតើដំណើរក្នុងពិភពលោកសព្វថ្ងៃយ៉ាងណា របៀបរបបបែបណាជាដើម។
៦. ប្រតិទិន
ប្រតិទិនប្រាប់ថ្ងៃខែឆ្នាំឱ្យអ្នកដឹង ទន្ទឹមនឹងនោះក្នុងន័យប្រៀបធៀបវិញ វាដូចជាអ្នកប្រាប់ឱ្យអ្នកដឹងថាអ្នកក៏គួរធ្វើបច្ចុប្បន្នភាព (update) ជាប្រចាំផងដែរព្រោះយើងត្រូវដើរទាន់សម័យកាលដែលយើងរស់នៅ។
៧. ទ្វារ
ទ្វារនៅក្នុងន័យធៀបគឺប្រាប់អ្នកថា ពេលខ្លះអ្នកត្រូវខិតខំព្យាយាមបើកវា ទើបជាការសម្រេចគោលដៅ ទៅរកអ្វីដែលអ្នកចង់បានឬទៅជួបអ្វីដែលអ្នកប្រាថា្ន។ ដូចនេះ ទ្វារប្រៀបដូចជាការប្រាប់អ្នកឱ្យចេះខំព្យាយាម ត្រិះរិះពិចារណារហូតពេលមួយដែលអ្នកអាចបើកវាបាន គឺជាជោគជ័យដែលកើតពីកិច្ចខិតខំរបស់អ្នក៕