ពីក្រោយភាពជោគជ័យ ច្រើនមានធាតុផ្សំទាំងនេះតែងនៅក្បែរអ្នកដែលមិនបោះបង់

បើមានពេលមួយអ្នកអាចមានឱកាសសួរសំនួរទៅកាន់បុគ្គលនិមិត្តរូបអ្នក ដែលអ្នកចាត់ទុកថាជាអ្នកដែលទទួលបានជោគជ័យអ្វីមួយក្នុងជីវិត ចម្លើយដែលអ្នកទទួលបានប្រាកដណាស់ គឺកើតពីការព្យាយាមមានសកម្មភាពជាហេតុនាំឱ្យពួកគាត់ទៅដល់ទៅនោះ។ បន្ថែមពីនោះ ក៏មានកត្តារួមផ្សំផងដែរដែលច្រើនដែលកើតពីអ្នកជោគជ័យប្រកាន់ខ្ជាប់ខ្លួន។ ចំណុចទាំងនោះ ត្រូវអ្នកពួកគេលើកឡើងជាចំណុចរួមដូចខាងក្រោម៖

. អត់ធន់

ការអត់ធន់ជាគ្រឿងផ្សំមួយទៅដល់អ្នកដែលចង់សម្រេចកិច្ចការងារជោគជ័យប្រាកដប្រជាអ្វីមួយ។ ដោយហេតុថាការអ្វីៗសុទ្ធតែត្រូវការពេលវេលា ការលះបង់ ការអនុវត្តជាសកម្មភាព ក៏ដូចជាត្រូវអត់ធន់នឹងការិះគន់ខ្លះៗផងដែរក្នុងដំណើរលើកិច្ចការលើកដំបូង។

. ឆន្ទះមោះមុតមិនបោះបង់

មែនហើយកិច្ចការងារខ្លះជាកិច្ចការធំ ត្រូវការកម្លាំងកាយចិត្តច្រើន រយៈពេលវែង ជួបរឿងពិបាកច្រើនធ្វើឱ្យអ្នកអស់សង្ឃឹម អស់ទំនុកចិត្តក្នុងខ្លួន ហើយពេលខ្លះនាំឱ្យអ្នកស្ទើរតែបោះបង់មិនចង់បន្តទៅមុខទៀត។ ប៉ុន្តែអាចចាំថា បើអ្នករក្សាឆន្ទះមោះមុត នៅតែបន្តដំណើរ ដោយគ្រាន់តែសុំពេលសម្រាកបន្តិចរួចបន្តទៅគោលដៅទៀត នោះនៅទីបញ្ចប់អ្នកនឹងអាចមានពេលពិចារណាមើលថា ការរក្សាជំហរសកម្មភាពបន្តដំណើររហូតមកដល់គោលដៅនេះ គឺជាថាមពលដ៏អស្ចារ្យរបស់អ្នក ដែលអ្នកពិតជាធ្វើបាន។ 

. ការលះបង់និងការវិនិយោគ

ពិតណាស់ ប្រៀបដូចជាការដាំដើមឈើដែរដើម្បីឱ្យវាធំលូតលាស់ល្អ អ្នកក៏ត្រូវការជី ទឹកស្រោចស្រព នឹងការមើលថែវាផងដែរ។ ត្រឡប់មកវិញ ការសម្រេចកិច្ចការមិនថាធំ ឬតូច ក៏តម្រូវឱ្យអ្នកមានការលះបង់មិនថាពេលវេលា ស្មារតី សកម្មភាព កម្លាំងកាយចិត្ត លុយកាក់ ការព្យាយាម ទៅវិនិយោគធ្វើរឿងនោះទើបបានជារូបរាងចេញឡើងបាន ពោលគឺដូចពំនោលថា “មានហេតុទើបមានផល”។

.ចម្ងល់

ចំណុចនេះគឺសម្តៅទៅលើការចេះពិចារណា តាមរយៈការលើកជាចម្ងល់ផ្សេងៗ។ អ្នកអាចចាត់ទុកចម្ងល់ប្រៀបដូចជាបញ្ញាមួយផងដែរ មានន័យថា ទោះបីអ្នកខិតខំប្រឹងប្រែងជាសកម្មភាព​ និងការលះបង់មែនប៉ុន្តែអ្នកនៅតែបញ្ចូលប្រាជ្ញាអ្នកមកជាមួយ ដែលវាជួយដល់ពេលវេលា និងកិច្ចការអ្នកបានប្រសើរ។ ប្រៀបដូចអ្នកកំពុងរកទំនុកអ្វីមួយ ឱ្យកិច្ចការអ្នកបានប្រសើរជាងមុន ល្អជាងមុននិងគុណភាពជាមុន។

.វិន័យ

មែនហើយ បើពុំមានវិន័យក្រឹត្យក្រមទេនោះ កិច្ចការក៏អាចច្របូកច្របល់ ហើយភាពជោគជ័យក៏អាចនៅឆ្ងាយពីអ្នកផងដែរ។ប៉ុន្តែជំនួសមកដោយវិន័យម៉ត់ចត់វិញ អ្នកនឹងឃើញពីគុណភាពសកម្មភាពអ្នក ដែលជួយរុញអ្នកទៅកាន់ជោគជ័យមួយព្រោះថា វិន័យហាមអ្នកមិនឱ្យចំណាយពេលខ្ជះខ្ជាយលើរឿងឥតប្រយោជន៍ច្រើន ព្រោះដូចអ្នកដឹងស្រាប់ ពេលវេលាគឺមិនចាំអ្នក មានកំណត់ ហើយវាមានតម្លៃ ដូចនេះការមានវិន័យសមស្រប និងការប្រើប្រាស់ពេលវេលាដែលមានបានល្អភាពជោគជ័យមិននៅឆ្ងាយពីដៃអ្នកឡើយ៕