៦រឿង ចាត់ជាផ្នែកមួយនៃជោគជ័យបើអ្នកមានវា និងពុំបាច់មានទេពកោសល្យ


យើងគ្រប់គ្នាប្រាកដជាចង់បានភាពជោគជ័យ ប៉ុន្តែពេលខ្លះក៏ត្រូវជួបបរាជ័យខ្លះដែលជាផ្នែកមួយនៃជីវិត មិនអាចប្រកែកបាន។ មានការលើកឡើងបទពិសោធមួយចំនួនដែលទោះបីជាអ្នកពុំមានដុងពីកំណើត (ទេពកោសល្យពីធម្មជាតិ) ទៅលើរឿងអ្វីមួយប៉ុន្តែចំណុចមួយចំនួនដែលអ្នកមាន ក៏ត្រូវបានចាត់ជាផ្នែកមួយនៃទុនជោគជ័យ បើអ្នកបានត្រៀមនិងមានប្រកាន់ភ្ជាប់ចំណុចទាំងនោះនៅក្នុងខ្លួន នឹងជាស្ពានភ្ជាប់អ្នកទៅដល់ទីជោគជ័យដែលមានដូចជា៖

. ការជឿជាក់លើខ្លួនឯង

ភាពជឿជាក់លើខ្លួនឯងប្រៀបជាកម្លាំងមួយដែលមនុស្សគ្រប់គ្នាមាន។ បញ្ហានោះគឺអ្នកគួរជ្រើសរើសរូបអ្នកឬអត់ដើម្បីទៅជម្នះនឹងកិច្ចការ ឬឧបសគ្គណាមួយ។ បើអ្នកជ្រើសយកអ្នក នោះអ្នកអាចជួបអ្វីម្យ៉ាងដែលប្រាប់អ្នកថាអាចធ្វើបាន និងធំជាងបញ្ហានោះ នេះបើតាមអ្នកចិត្តសាស្រ្តជាច្រើនបានលើកឡើងពីថាមពលក្នុងចិត្ត។ ពិតមែន អ្នកប្រៀបដូចជាស្ថាបត្យករម្នាក់ដែលអាចធ្វើអ្វីៗមួយឱ្យលេចចេញជារូបរាងឡើងហើយចំណុចសំខាន់នោះគឺត្រង់ថា អ្នកជ្រើសរើសខ្លួនឯង ឬអត់។ បើជ្រើសយកជឿជាក់លើខ្លួនឯងនោះអ្វីៗមិនធ្លាប់មាន តាមរយៈស្នាដៃផ្សេងៗអាចកើតមានពីរូបអ្នកក៏ថាបាន បើអ្នកពិតជាជឿជាក់លើមនុស្សម្នាក់គឺខ្លួនអ្នកនេះ។

. គិតវិជ្ជមាន

ចំណុចនេះសម្តៅទៅលើ ការចេះគិតពិចារណារកមើលមូលហេតុជ​ម្រើសផ្សេងៗដែលអាចថ្លឹងថ្លែងយកភាពប្រសើរ និងក្នុងរឿងត្រឹមត្រូវ។ ការគិតវិជ្ជមានក៏ជួយអ្នកបង្កើតទម្លាប់មើលឃើញនូវដំណោះស្រាយបានគ្រប់ជ្រុង ព្រមទាំងដោះស្រាយបញ្ហាអស់លទ្ធភាព។

. គោរពពេលវេលា

គោរពពេលផ្តើមចេញពីខ្លួនអ្នកប្រៀបជាគុណតម្លៃមួយ ដែលមិនមែនមនុស្សគ្រប់គ្នាធ្វើបានឡើយ។ ដូចនេះអ្នកមានការគោរពនេះគឺអាចរក្សាទម្លាប់នេះជាប់ខ្លួន ព្រោះថាការធ្វើអ្វីៗតាមពេលវេលាគឺផ្តល់គុណភាព ឱកាសនិងវិន័យដល់អ្នកច្រើន បើប្រៀបនឹងទម្លាប់ផ្ទុយពីនេះ។ ម្យ៉ាងទៀតវាជាគុណតម្លៃផ្ទាល់ខ្លួនរបស់ម្នាក់ៗផងដែរ។ 

. ធ្វើអ្វីដែលខ្លួនស្រលាញ់

ពិតមែន ភាគរយច្រើនពីករណីជាច្រើនបង្ហាញថាអ្នកដែលធ្វើអ្វីមួយដែលខ្លួនចូលចិត្ត ពេញចិត្តគឺភាគរយទទួលបានជោគជ័យពិតប្រាកដទោះបីពេលខ្លះ ត្រូវការចំណាយពេលយូរដោយសារពុំមានទេពកោសល្យពីធម្មជាតិក៏ដោយ។ ប៉ុន្តែការខំប្រឹងប្រែង ការព្យាយាមដោយឆ្លាតវាងវៃនឹងបង្ហាញពីភាពជោគជ័យមួយចំណែកធំ ដោយសារក្តីស្រលាញ់ពិតប្រាកដទៅលើកិច្ចការដែលអ្នកធ្វើ។

. ធ្វើអ្វីដែលជារឿងត្រឹមត្រូវ

មែនហើយ យើងគ្រប់គ្នាសុទ្ធតែមានជម្រើស ថាតើត្រូវធ្វើខុសឬធ្វើត្រូវ? ពេលខ្លះអ្នកអាចបរាជ័យ ដោយសារមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ឬមួយបទពិសោធនៅតិចតួច។ ប៉ុន្តែ អ្វីដែលជាការត្រឹមត្រូវគឺជារឿងមួយដែលអ្នកអាចធ្វើបាន ហើយទោះបីពេលខ្លះវាជារឿងលំបាកប៉ុន្តែអ្នកនៅតែដឹងថានៅទីតាំងណា ឬកន្លែងណាដែលអ្នកត្រូវឈរ គឺប្រាកដក្នុងចិត្ត។

. មានផែនការនិងអនុវត្តឱ្យអស់ពីសមត្ថភាព

សំណាងកើតមានឡើង នៅពេលអ្វីដែលអ្នកបានត្រៀមទុកផែនការដែលបានរៀបចំរួចរាល់ ជួបនឹងឱកាសដែលមាន។ ដូចនេះ ការមានផែនការទុកត្រឹមត្រូវនិងអនុវត្តឱ្យអស់ពីសមត្ថភាពដែលអ្នកមាន ទោះបីអ្នកពុំមានទេពកោសល្យ ប៉ុន្តែវាក៏ចាត់ជាជ័យជម្នះមួយភាគនៅពេលដែលឱកាសបានមកជួបអ្នក ព្រោះអ្នកបានត្រៀមខ្លួនរួចជាស្រេច៕