៥វិធីសាស្រ្តងាយៗ ដើម្បីកម្ចាត់មុនខ្នងចេញបានយ៉ាងស្រួល

មុន ជាបញ្ហាដែលគួរឱ្យធុញទ្រាន់បំផុតសម្រាប់មនុស្សទូទៅ មិនថាមុនកើតលើមុខ កើតលើខ្លួនឡើយដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ធុញធប់ គ្មានផាសុខភាព។ ជាពិសេសមុនមិនត្រឹមតែកើតនៅលើផ្ទះមុខប៉ុណ្ណោះទេ ប៉ុន្តែមុនក៏មានកើតលើស្បែកខ្លួន ជាពិសេសនោះគឺមុនកើតលើខ្នង។ ហើយវិធីសាស្រ្តទាំង៥ខាងក្រោមនឹងជួយកម្ចាត់បញ្ហាមុនខ្នងចោល៖

១/ពាក់សម្លៀកបំពាក់រលុងៗ

ការស្លៀកពាក់តឹងខ្លាំងពេក ធ្វើឱ្យខ្លួនរបស់អ្នកគ្មានខ្យល់ចេញចូលបានគ្រប់គ្រាន់ រាងកាយស្អុះស្អាប់ ដែលពណ្ដាលឱ្យអ្នកបែកញើស ហើយធ្វើឱ្យមុនខ្នងរបស់អ្នកកាន់តែច្រើនឡើង។ ដូច្នេះហើយអ្នកគួរតែពាក់សម្លៀកបំពាក់ណាដែលរលុងៗ ងាយស្រួលឱ្យខ្យល់ចេញចូល ដើម្បីកុំឱ្យរាងកាយឆាប់បែកញើស។

២/បរិភោគអាហារដែលផ្ដលជីវជាតិល្អ

ការបរិភោគអាហារមិនត្រឹមត្រូវ អាចធ្វើឱ្យមុនខ្នងរបស់អ្នកមិនងាយបាត់ ហើយថែមទាំងមានកាន់តែច្រើនជាងមុនទៅទៀត។ បែបនេះហើយអ្នកត្រូវតែទទួលទានអាហារណាដែលមានជីវជាតិល្អដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិជាដើម។ ចំពោះអាហារដែលមានជាតិស្ករខ្ពស់ដូចជា នំប៉័ង ដំឡូង បាយបណ្ដាលឱ្យឡើងមុនកាន់តែច្រើន ដែលអ្នកត្រូវជៀសវាង។

៣/ប្រើឡេការពារកម្ដៅថ្ងៃ

ការការពារស្បែកលោកអ្នកពីកម្ដៅថ្ងៃ និងពន្លឺព្រះអាទិត្យ ដោយការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ គឺជារឿងដ៏ចាំបាច់មួយ សម្រាប់ជួយឱ្យស្បែកអ្នកមិនត្រួវបានបំផ្លាញដោយពន្លឺជះខ្លាំងរបស់ព្រះអាទិត្យ ដែលធ្វើឱ្យស្បែកងាយរលាក និងចេញមុនមកកាន់តែច្រើន។ ដូច្នេះហើយអ្នកគប្បីជ្រើសរើសឡេដែលសាកសមជាមួយសភាពស្បែករបស់អ្នក។

៤/លាងសម្អាតខ្លួនក្រោយហាត់ប្រាណរួច

ក្រោយពេលហាត់ប្រាណ រាងកាយរបស់អ្នកប្រាកដជាចេញញើស ដែលជាជាតិពុលនៅក្នុងខ្លួន បញ្ចេញតាមរយៈការហាត់ប្រាណរបស់អ្នករួច។ ដូច្នេះហើយអ្នកត្រូវលាងសម្អាតខ្លួនក្រោយពេលហាត់ប្រាណរួច នោះជាតិពុល និងបាក់តេរីនៅជាប់ញើសរបស់អ្នកមិនអាចធ្វើឱ្យស្បែកមានមុនទៀតបានឡើយ។

៥/អនាម័យគ្រែគេង

គ្រែសម្រាប់គេងជាទីកន្លែងដែលខ្នងរបស់អ្នកត្រូវចំណាយពេលយូរជាងទីកន្លែងផ្សេងច្រើនបំផុត ដូច្នេះហើយអ្នកក៏ត្រូវតែអនាម័យទីកន្លែងនោះឱ្យបានស្អាតជាប្រចាំ នោះមុនខ្នងរបស់អ្នកប្រាកដជាឆាប់បាត់ចេញពីស្បែក។ ម្យ៉ាងទៀតការមានអនាម័យបន្ទប់គេងទាំងមូលក៏ជាផ្នែកមួយដែល ដើម្បីធ្វើឱ្យសុខភាពរបស់អ្នកមិនសូវមានជម្ងឺបៀតបៀន។

សរុបមកវិញប្រសិនបើអ្នក អនុវត្តវិធីសាស្រ្តងាយៗដែលយើងបានចែករំលែកទាំង៥ចំណុចខាងលើនេះហើយ នោះមុនដែលកើតមានលើស្បែកខ្នងរបស់អ្នកនឹងឆាប់បាត់ ហើយថែមទាំងជួយការពារមិនឱ្យមានមុនខ្នងកើតលើស្បែកបានទៀតផង៕