សញ្ញាណខ្លះ រួមចំណែកកម្លាំងចិត្តឱ្យអ្នកសម្រេចកិច្ចការ មិនបោះបង់ក្តីសង្ឃឹម

ចំណុចខ្លះទោះបីអ្នកបានធ្វើដំណើរ បំពេញកិច្ចការងារ បានពាក់កណ្តាលទី នៅពាក់កណ្តាលផ្លូវក៏ដោយគឺអ្នកអាចជួបអារម្មណ៍ថា នឿយហត់ រកបោះបង់ មិនទៅមុខ រកថយក្រោយ។ ប៉ុន្តែអ្នកគួរគិតថា ពេលខ្លះអ្នកអាចធ្វើវាបានចប់សព្វគ្រប់ពោលគឺដោយគ្រាន់តែអ្នកត្រូវការថាមពលជាកម្លាំងចិត្តប៉ុណ្ណោះដែលទៅលុបភាពនឿយណាយបន្តិចបន្តួចនោះ។ខាងក្រោមនេះ ជាគំហើញខ្លះៗ ដែលអ្នកអាចពិចារណាថា អ្នកពិតជាអ្នកអាចទៅមុខទៀតបាននិងដល់ទីដៅ ដរាបណាអ្នកមិនបោះបង់។

. អ្នកមានជម្រក(ផ្ទះ)សម្រាប់នៅ

ត្រឡប់មកមើលខ្លួនអ្នកបើអ្នកនៅមានផ្ទះសម្បែងសម្រាប់រស់នៅ នោះចាត់ទុកជាភាពកក់ក្តៅមួយសម្រាប់អ្នកហើយ។ មានផ្ទះសមរម្យមួយសម្រាប់នៅប្រៀបដូចជាក្តីសង្ឃឹមសម្រាប់អ្នក ក្នុងការបន្តកិច្ចការងារផ្សេងៗ។ នៅក្នុងផ្ទះអ្នកអាចបង្កើតជាបរិយាកាសផ្សេងៗតាមការតុបតែង ដែលជម្រុញចិត្តអ្នក បន្ថែមពីនោះ ក្តីសុខសុភមង្គលក៏កើតនៅក្នុងផ្ទះផងដែរបើអ្នកចេះបង្កើតវា។

. អ្នកមានអាហារល្អ និងទឹកស្អាតសម្រាប់ញ៉ាំ

បើអ្នកនៅមានម្ហូបអាហារល្អៗសម្រាប់ញ៉ាំមានទឹកស្អាតសម្រាប់ផឹក ទាំងនេះគឺចាត់ទុកជាសំណាងមួយផងដែរ បើប្រៀបទៅហ្នឹងជីវិតផ្សេងៗទៀតដែលពុំអាចមានលទ្ធភាពដូចនេះបានគ្រប់ៗគ្នានោះឡើយ។ ដូចនេះ ចំណីអាហារ និងទឹកស្អាតជាផ្នែកមួយជួយឱ្យអ្នករស់នៅដោយសុខភាពល្អប្រសើរ បន្តការងារដែលអ្នកត្រូវធ្វើ ហើយបើមានលទ្ធភាពអ្នកនឹងអាចជួយទៅដល់អ្នកផ្សេងៗទៀតដែលខ្វះខាតនោះផងដែរ។

. អ្នកមានក្តីស្រមៃ និងកំពុងធ្វើវា

ភ័ព្វសំណាងបំផុត និងពេលវេលាប្រសើរបំផុតនោះគឺសម្តៅលើពេលដែលអ្នកស្គាល់ខ្លួនឯងច្បាស់មានក្តីស្រមៃចង់ធ្វើអ្វីមួយច្បាស់លាស់។ ដូចនេះ បើអ្នកមានក្តីបំណងនោះហើយមានសកម្មភាពរាល់ថ្ងៃកំពុងធ្វើវា បើទោះពេលនេះកំពុងសម្រាកយកកម្លាំងក៏ដោយក៏នោះជាក្តីសង្ឃឹម និងកម្លាំងចិត្តផងដែរ ព្រោះអ្នកដឹងថា អ្នកត្រូវធ្វើអ្វី ធ្វើវាដោយវិធីណារបៀបណា និងនរណាជាមនុស្សសំខាន់ក្នុងបំណងប្រាថ្នានេះ។

. អ្នកមាន បុគ្គលមួយរូបដែលតែងនៅក្បែរអ្នក

មែនហើយ ស្តាប់ទៅដូចជារឿងកំប្លែងមួយដែរប៉ុន្តែវាជាការពិត មនុស្សម្នាក់ដែលតែងនៅក្បែរអ្នករហូត ពេលអ្នកត្រូវការ ពេលអ្នកជួបបញ្ហាមិនដែលរត់ចោលអ្នកនោះគឺខ្លួនអ្នកនេះហើយ។ ដូចនេះ ហេតុអ្វីមិនច្នៃខ្លួនអ្នកឱ្យមានសមត្ថភាពមានភាពរឹងមាំ អាចដោះស្រាយបញ្ហាជាច្រើនតាមលទ្ធភាពដែលអ្នកធ្វើបាននៅពេលដែលអ្នកត្រូវការខ្លួនអ្នក?អ្នកមានសុខភាពល្អ មានចំណេះដឹង ដូចនេះ អ្នកអាចព្យាយាមដុសខាត់ខ្លួនអ្នក ឱ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាពទៅមិនត្រឹមតែជួយខ្លួនឯង ថែមជាប្រយោជន៍ដល់អ្នកដែលត្រូវការជំនួយផងដែរ។

. អ្នកនៅមានមនុស្សដែលមានទិសដៅដូចអ្នកដែរ

ក្រៅពីក្រុមគ្រួសារដែលនៅចាំគ្រាំទ្រអ្នកជួយជ្រោមជ្រែងជួយអ្នក អាចសម្តៅទៅលើបុគ្គល ឬក្រុមបុគ្គលខ្លះដែលមានទស្សនៈវិស័យឬទិសដៅដូចអ្នកដែរ។ ចំណុចនេះ ក៏ចាត់ទុកជាសំណាងផងដែរ ប្រសិនបើអ្នកជួបពួកគេ ក៏ព្រោះថាអ្នក និងពួកគេអាចសម្រេចកិច្ចការ ឬសមិទ្ធិផលរួមគ្នាជាមួយប្រសិទ្ធិភាព និងថាមពល។ដូច្នេះ អ្នកអាចបន្តក្តីសង្ឃឹម នៅពេលមួយដែលអ្នកបានជួបពួកគេ សមិទ្ធិផលល្អៗអាចនឹងកើតមានឡើង៕