មើលមាតិកាដែលបានបង្រួម URL អាចប្រឈមការបង្កប់នូវកម្មវិធីមេរោគ

បច្ចេកវិទ្យា៖ URL Shortener ឬការបង្រួម URLឲ្យខ្លី បានផ្ដល់ភាពងាយស្រួលនិងទទួលបានការពេញនិយមជាខ្លាំងសម្រាប់អ្នកផលិតមាតិកា អត្ថបទនិងវីដេអូផ្សេងៗ ដើម្បីចែករំលែកលើបណ្ដាញសង្គមថែមទាំងងាយស្រួលក្នុងការរក្សាទុក។ 

អ្វីទៅជា URL Shortener?

URL Shortener នេះ គឺជាវិធីបង្រួញនូវតំណភ្ជាប់របស់គេហទំព័រ(URLដើមពីវិបសាយ ដែលមានភ្ជាប់ Domain Name មកជាមួយ) ធ្លាប់មានទម្រង់វែងពិបាកក្នុងការរក្សាទុកឬថតចម្លងជាដើម ឲ្យវាប្រែក្លាយជាURLថ្មីមួយទៀតដែលមានទម្រង់ខ្លីបំផុត ដោយការប្រើប្រាស់នូវវិបសាយដែលមានមុខងារក្នុងការបង្រួមURLនេះ។ លទ្ធផលនៃការបង្រួមគឺនឹងអាចនាំអ្នកអានទៅរកមាតិកាតែ១ដូចគ្នា។

ឧទាហរណ៍៖


ការប្រឈមសម្រាប់អ្នកប្រើប្រាស់

ពេលដែលមាតិកាត្រូវបានចែករំលែកអ្នកប្រើប្រាស់ជាទូទៅនឹងមិនអាចដឹងបានទេថា មាតិកានោះចេញមកពីប្រភពណាមួយឲ្យពិតប្រាកដនោះទេ ដោយសារតែវាត្រូវបានបង្រួមឲ្យខ្លីរួចទៅហើយជាមួយវិបសាយថ្មី ដែលពេលខ្លះមានភ្ជាប់ជាមួយផ្ទាំងរូបភាពមុខ( Thumbnail) ដែលទាក់ទាញអ្នកអានឲ្យចុចទៀតផង។ 

នេះជាឱកាសសម្រាប់អ្នកវាយប្រហារតាមបណ្ដាញអ៊ិនធឺណិត ដែលមានចេតនាមិនល្អ ដើម្បីអាចបង្កប់នូវកម្មវិធីមេរោគឬបង្ហាញរូបភាពអាសអាភាស ឬជម្រុញឲ្យអ្នកប្រើប្រាស់ដំឡើងកម្មវិធីថ្មីក្នុងទូរស័ព្ទឬកុំព្យូទ័ររបស់អ្នកទៀតផង ។ 

ការប្រុងប្រយ័ត្ន

ដើម្បីជាសុវត្ថិភាព លោកអ្នកត្រូវប្រយ័ត្ននិងមិនត្រូវចុចមើលមាតិកាណាដែលមិនមានប្រភពច្បាស់លាស់នោះទេ។ ហើយបើសិនអ្នកអាចឃើញពី URLខ្លីនោះមានភ្ជាប់ឈ្មោះវិបសាយបង្រួញដែលគេនិយមប្រើ មានន័យថា វាគឺជាមាតិកាដែលអាចទុកចិត្តបាន៕