ស្វែងយល់ពី Malware ដែលជាកម្មវិធីមេរោគក្នុងភាសាបច្ចេកវិទ្យា

បច្ចេកវិទ្យា៖ Malware ឬ Malicious Software គឺជាបណ្ដុំឈ្មោះនៃសូហ្វវែរមួយភេទដែលគេរាប់បញ្ចូលទាំងប្រភេទនៃមេរោគទូទៅ(Trojans, Adware..), ប្រភេទ Ransomware, និងប្រភេទ Spyware ។ 

និយាយឱ្យខ្លី វាជាកម្មវិធីមេរោគ ដែលបង្កើតឡើងដោយក្រុមអ្នកវាយប្រហារតាមអ៊ីនធឺណិត ដែលត្រូវបានរចនាឡើងដើម្បីបង្កការខូចខាតដល់ទិន្នន័យ និងបំផ្លាញប្រព័ន្ធសុវត្ថិភាព ឬដើម្បីទទួលបានសិទ្ធិចូលប្រើឧបករណ៍អេឡិចត្រូនិចដោយមិនបាច់ការអនុញ្ញាត។

ការហៅឈ្មោះ

នៅក្នុងភាសានៃបច្ចេកវិទ្យា គេហៅវាជារួមថា Malware ហើយគេហៅវាចំឈ្មោះ ទៅតាមមុខងាររបស់វា ដូចជា ប្រភេទនៃ Spyware គឺគេប្រើវាដើម្បីលួចទិន្នន័យ រីឯប្រភេទនៃ Ransomware គឺគេធ្វើឡើងដើម្បីបង្កការរំខានដល់អ្នកប្រើប្រាស់ដូចជាធ្វើឲ្យកុំព្យូទ័រគាំង ឬចាក់សោរឯកសារ មិនឲ្យបើកបាន។

វាមានគ្រោះថ្នាក់ឬទេ?

មេរោគឬកម្មវិធី Malware នេះ គឺពិតជាគ្រោះថ្នាក់ណាស់ដែលករណីខ្លះវាអាចបង្កគ្រោះថ្នាក់មិនគួរឱ្យជឿ ខូចខាតដល់ប្រព័ន្ធធនាគារ ឬចាក់សោរាល់ទិន្នន័យរបស់អ្នកដូច្នេះអ្នកមិនអាចប្រើវាបានជារៀងរហូតទេ។

នរណាដែលប្រើមេរោគប្រភេទនេះ?

ឧក្រិដ្ឋជនតាមអ៊ីនធឺណិតតែងតែប្រើមេរោគ Malware នេះ ដើម្បីវាយលុកតាមបណ្ដាញអ៊ិនធឺណិតនិងប្រើវាសម្រាប់ហេតុផលជាច្រើនដូចជា៖ បញ្ឆោតជនរងគ្រោះឱ្យផ្តល់ទិន្នន័យផ្ទាល់ខ្លួន ការលួចអត្តសញ្ញាណលួចទិន្នន័យកាតធនាគារ ឬទិន្នន័យហិរញ្ញវត្ថុផ្សេងទៀត។

ដោយឡែកសម្រាប់ស្ថាប័នអន្ដរជាតិធំៗ ជាពិសេសភ្នាក់ងារសើបការសម្ងាត់ យោធា គឺគេប្រើវាដើម្បីលួចយកការសម្ងាត់ពីក្រុមមនុស្សដែលមានហានិភ័យដល់សង្គម ដូចជាលើ សកម្មជន ភារវករ ឬឧក្រិដ្ឋជនជាដើម ដែលនេះគេហៅចំឈ្មោះថាជា ប្រភេទ Spyware។

តើវាឆ្លងងាយនៅកន្លែងណា?

មេរោគប្រភេទនេះ ច្រើនតែឆ្លងតាមរបស់ការប្រើ Wifi ដែលគ្មានសុវត្ថិភាពគ្រប់គ្រាន់ និងដែលភាគច្រើនជាការឆ្លងតាមរយៈការចុចលើតំណភ្ជាប់ (Url) ឬការតំឡើងកម្មវិធី ដែលគ្មានប្រភពច្បាស់លាស់៕