រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
ករណីមេរោគកូវីដ១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។
មេរោគកូវីដ១៩ Delta ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរផងដែរ។
សូមជម្រាបជូនដែរថា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta សរុបចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា។
ក្រសួងបានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» បន្ថែមពីលើនេះ កុំទៅកាន់ទីតាំង ៣ «ជួ» រួមមាន៖ កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត ដែលជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុត។
មកត្រឹមថ្ងៃនេះ កម្ពុជាក៏សម្រេចការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ សរុបបានចំនួនជិត ៧លាននាក់ផងដែរ៕