បច្ចេកវិទ្យា៖ កម្មវិធីដើម្បីប្រជុំជាវីដេអូអនឡាញ មានច្រើនក្រៅពីកម្មវិធី Zoom ដែលគេនិយមប្រើនៅក្រៅប្រទេស។ Zoom ផ្ដោតសំខាន់តែលើតែវីដេអូខល ដែលត្រូវបានពេញនិយមប្រើមិនត្រឹមតែនៅប្រទេសកម្ពុជានោះទេ ក្នុងស្ថានភាពនៃវិបត្តិកូវីដនេះ ដោយសារតែវារចនាឡើងងាយស្រួលប្រើ និងអាចប្រើដោយមិនគិតថ្លៃប្រមាណជា ៤០នាទីសម្រាប់ការខលវីដេអូជាក្រុម ដែលអាចមានដល់១០០នាក់ចូលរួម តែក៏នៅមានវិសាលភាពតូច ធៀបនឹងកម្មវិធីមួយចំនួនទៀត។
ខាងក្រោមនេះ ក្រុមការងារ ក្រមា សូមបង្ហាញនូវកម្មវិធីធំៗ ២ទៀត ដែលគេនិយមប្រើសម្រាប់កិច្ចការប្រជុំតាមការិយាល័យធំ អ្នកប្រកបរបរក្នុងវិស័យជំនួញ និងការធ្វើសិក្ខាសាលាធំៗ ដោយឡែកមិនសូវមានការពេញនិយមនៅកម្ពុជា នោះគឺ Microsoft Teams និង Google Meet ។
Microsoft Teams
Microsoft Team ជាកម្មវិធីដែលផលិតដោយក្រុមហ៊ុនយក្ស Microsoft ដែលមាន Bill Gates ជាស្ថាបនិក។ Microsoft Teams ត្រូវបានគេនិយមប្រើសម្រាប់សហគ្រាសធំៗ អ្នកជំនាញធ្វើការងារជាក្រុម ដោយវាមិនត្រឹមតែអាចខលជាវីដេអូនោះទេ វាមានមុខងារច្រើននៅក្នុងកម្មវិធីមួយនេះ។
មុខងារដែល Zoom មិនមានដូចនោះគឺ Tasks (មានទម្រង់ដូចការធ្វើកំណត់ត្រា ពីកិច្ចការប្រចាំថ្ងៃ), Calendarប្រតិទិន (កាលវិភាគ ដើម្បីអាចកំណត់ពីការបង្កើតការប្រជុំ នៅពេលណាមួយ) និងការភ្ជាប់ជាមួយ OneDrive(សេវាផ្ដុកឯកសារលើ Cloud )។ យើងអាចនិយាយបានថា វាជាកម្មវិធីសម្រាប់ អ្នកអាជីញ Professional ជាជាងការប្រើប្រាស់សម្រាប់ការប្រជុំទូទៅ ។
ប្រាកដណាស់ ដោយសារវាបង្កើតដោយ Microsoft ដូច្នេះហើយវាមានលក្ខណៈសម្បត្តិខ្ពស់ ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ ហើយការរីកចំរើនរបស់វាក៏មានជានិច្ច។
Google Meet
កម្មវិធី Google Meet គឺជាសេវាកម្មជជែកកំសាន្តជាវីដេអូ ដែលត្រូវបានរចនាឡើងជាចម្បងសម្រាប់កិច្ចការអាជីវកម្ម និងអ្នកធ្វើការការិយាល័យ។ វាដើរក្រោយគេបន្តិចមែន តែវាជាផលិតផលរបស់ក្រុមហ៊ុន Alphabet (ឈ្មោះថ្មីរបស់ ក្រុមហ៊ុន Google ) អាចចែករំលែកអេក្រង់រួម- បង្ហាញឯកសារ ស្លាយនិងច្រើនទៀតក្នុងកំឡុងពេលវីដេអូខល។
ក្រៅពីសេវាខលជាវីដេអូដោយមិនគិតថ្លៃ គុណភាពខ្ពស់នៃសម្លេង និងវីដេអូច្បាស់ជាង Zoom អ្នកក៏អាចបង្កើតការប្រជុំជាវីដេអូ ដោយការអញ្ជើញអ្នកចូលរួមរហូតដល់២៥០ នាក់ហើយជួបគ្នារហូតដល់ ៦០ នាទីក្នុងមួយកិច្ចប្រជុំដោយឥតគិតថ្លៃ។
វាក៏មានមុខងារជាច្រើនទៀតដែលកម្មវិធី App នេះ មានសមត្ថភាពលើសពីZoom ដូចជាភ្ជាប់ជាមួយ Google Calendar ជាដើមជាពិសេសនោះគឺភ្ជាប់ជាមួយG Suit ដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកបង់ថ្លៃសេវាប្រើប្រាស់ប្រចាំខែ។
ចែករំលែកបទពិសោធ៍នៃការប្រើប្រាស់
ក្រមា ធ្លាប់បានប្រើកម្មវិធីទាំងបីខាងលើ (Zoom, Teams, Meet) ជាបទពិសោធន៍នៃការប្រើប្រាស់ជាក់ស្ដែង យើងសូមណែនាំការប្រើប្រាស់ Microsoft Teams បើសិនជាអ្នកត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ ដោយសារតែកម្មវិធីនេះ មានសារឆ្លើយឆ្លង មានការកំណត់ Task ប្រចាំថ្ងៃបាន មិនត្រឹមតែការជជែកជាវីដេអូនោះទេ៕