CBRE៖ ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាចុងឆ្នាំ២០២១ នៅតែស្ថិតក្នុងភាពស្រពិចស្រពិល

រាជធានីភ្នំពេញ៖ ទោះជាសកម្មភាពទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានកម្រើកឡើងវិញយ៉ាងណាក៏ដោយ ផ្អែកតាមការសិក្សាស្រាវជ្រាវ​យ៉ាងលម្អិតពីក្រុមហ៊ុនជំនាញអន្តរជាតិ បានបង្ហាញថាស្ថានភាពទីផ្សារនៃវិស័យមួយនេះ នៅតែបន្តស្ថិតនៅក្នុងភាពមិនច្បាស់លាស់និងស្រពិចស្រពិលនៅ​ឡើយ រហូតដល់ដំណាច់ចុងឆ្នាំ២០២១ខាងមុខនេះ។

ផ្អែកតាមរបាយការណ៍ដែលសិក្សាដោយក្រុមហ៊ុនជំនាញទីផ្សារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា CBRE Cambodia បានបញ្ជាក់ថា គិតត្រឹមចុង​ឆមាសទី១ឆ្នាំ២០២១នេះកន្លងទៅនេះ ការទិញលក់ក្នុងវិស័យអចលនទ្រព្យនៅតែបន្តមានសកម្មភាពប៉ុន្តែមានការធ្លាក់ចុះស្ទើរគ្រប់ផ្នែក រាប់ទាំងទីផ្សារ​លំនៅ​ដ្ឋានសហកម្មសិទ្ធិឬខុនដូ ទីផ្សារលំនៅដ្ឋានជាប់ដី ទីផ្សារជួលអាផាតមិន ក៏ដូចជាទីផ្សារជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើបនានាខណៈ​ដែល​មានគម្រោងថ្មីៗជាច្រើនបានបញ្ចប់ការសាងសង់និងដាក់បញ្ចូលបន្ថែមនៅក្នុងទីផ្សាររួម។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញយ៉ាងច្បាស់ថា នៅដំណាច់ឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ តម្លៃលក់ខុនដូកម្រិតខ្ពស់មានការធ្លាក់ចុះប្រមាណ  ៦,២%  និងកម្រិតមធ្យម​ធ្លាក់ចុះប្រមាណ៧,១%។ ដូចគ្នានេះ តម្លៃជួលខុនដូកម្រិតខ្ពស់ក៏ធ្លាក់ចុះ ២,៧% ហើយតម្លៃជួលខុនដូកម្រិតមធ្យមធ្លាក់ចុះ​០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។

ដោយឡែកសម្រាប់ទីផ្សារអាផាតមិនជួលវិញក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន A និង B ហើយទីផ្សារលក់រាយឬទីផ្សារទំនើប នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ៤,៦% ជាមធ្យម។ ដូចគ្នានេះដែរអត្រាចំនួនក្រុមហ៊ុនដែលទៅជួលទីផ្សារការិយាល័យ ក៏ធ្លាក់ចុះ ៣,៨ភារយ។

ប្រធានស្រាវជ្រាវទីផ្សារអចលនទ្រព្យជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia អ្នកនាង គឹម គិនកេសា បានប្រាប់ឲ្យដឹងថ្មីៗនេះថា វិបត្តិកូវីដនៅតែបន្តបង្កបញ្ហាជាច្រើនដល់វិស័យអចលនទ្រព្យរួមមាន ការដាច់សង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ ការខ្វះកម្លាំងកម្មករសំណង់​ជំនាញបញ្ហាកង្វះរំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍ ការពន្យារពេលសាងសង់គម្រោងក៏ដូចជាការផ្គត់ផ្គង់លើសតម្រូវការ។

អ្នកនាងបានបញ្ជាក់ថា សកម្មភាពទិញលក់អចលនទ្រព្យដែលភាគច្រើនស្ថិតនៅក្នុងផ្នែកលំនៅដ្ឋានជាន់ដីគ្រាន់តែជាធាតុផ្សំមួយនៅក្នុងវិស័យ​ដ៏ធំ​តែ​ប៉ុណ្ណោះ ប៉ុន្តែគម្រោងវិនិយោគនិងអភិវឌ្ឍន៍ធំៗដែលមានតម្លៃរាបើសិបលានដុល្លារភាគច្រើនបានពន្យាសកម្មភាព។ អ្វីដែលសំខាន់គឺស្ថានភាព​នៃ​សុវត្ថិភាពពីបញ្ហានៃវិបត្តិជំងឺសាកលនៅតាមបណ្តាប្រទេសជាដៃគូអភិវឌ្ឍន៍របស់កម្ពុជានៅតែមិនទាន់លេចចេញសញ្ញាវិជ្ជមាននៅឡើយរាប់ទាំងប្រទេស​ចិន។

ដូច្នេះ ចង់ ឬមិនចង់ រហូតដល់ដំណាច់ឆ្នាំ២០២១ខាងមុខនេះ ភាពវិជ្ជមាននៃវិស័យអចលនទ្រព្យកម្ពុជានៅតែមើលមិនទាន់ឃើញច្បាស់ ឬអាចនិយាយ​បានថាស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយ៕