សម្ដេចតេជោ៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ១២-១៧ឆ្នាំ នឹងចាប់ផ្ដើមពីថ្ងៃ០១ ខែសីហា

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជូនជនរួមជាតិឲ្យបានជ្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃបើកយុទ្ធនាការតែម្តង ហើយនឹងមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។

សម្ដេចតេជោ ហ៊ុន សែន៖ ទោះដោយតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយដែលពេទ្យអនុញ្ញាតឲ្យចាក់។ 

សូមជម្រាបជូនដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ-១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ៕