មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ ទី៥ ត្រូវបានដាក់ឲ្យដំណើរការក្នុងខេត្តសៀមរាប

 ខេត្តសៀមរាប៖ មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ ថ្មីមួយទៀតដែលជាទីតាំងទី៥ ត្រូវបានដាក់ឲ្យដំណើរការក្នុងខេត្តសៀមរាប ក្នុងថ្ងៃ ២១កក្កដានេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល និងវត្តមានរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាច្រើនរូប។

មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈបានចំនួន៥ទីតាំង រួមមាន៖ 

1. មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណ បើកបរយានយន្តសម្រាប់ជនជាតិខ្មែរ 

2. មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2) បានបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស 

3. មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជី យានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស 

4. មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ 

5. មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រៀមដំណើរការ ផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ 

គិតចាប់ពីឆ្នាំ២០១៦ ដល់ចុងខែមិថុនា ២០២១ ក្រសួងបានផ្តល់សេវាសរុបមានចំនួនដូចតទៅ៖ សេវាសរុបក្នុងមណ្ឌលបានប្រមាណ ១៥០ ០០០ សេវា ស្មើនឹង១១% និងសេវាសរុបទូទាំងប្រទេសបានប្រមាណ ១ ៤២០ ០០០ សេវា។

បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) មានអាសយដ្ឋានឋិតនៅអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។