រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខជូន លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ រាប់រយនាក់ និងច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។
តាមសារលិខិត សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានបង្កឱ្យមានការបាត់បង់អាយុ ជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឱ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបាន បង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត។
សម្តេចតេជោ បានបន្ថែមថា៖ ក្នុងកាលៈទេសៈដ៏គួរឱ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមសម្តែងនូវក្តី អាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជា ពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និង សូមជូនពរដល់អ្នករងរបួសបាន ឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។
នៅពេលនេះចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់ ដោយសារតែគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ ណតស៍ រ៉ាញ វែតស៍ផេលា (North Rhine-Westphalia) មានចំនួនរហូតដល់ទៅ ១៤៣នាក់ និងជាច្រើននាក់ទៀតនៅបន្តបាត់ខ្លួន៕