ខ្វះកាហ្វេមិនបាន តែគួរដឹងពីពេលវេលាត្រូវផឹកដើម្បីកុំឱ្យប៉ះពាល់សុខភាព

កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មីនេះ ហើយនឹងអាចផ្ដល់ផលល្អចំពោះសុខភាពច្រើនប្រសិនបើផឹកវាក្នុងពេលវេលាដែលត្រឹមត្រូវ។ យោងតាមការសិក្សាពីសាកលវិទញយាល័យ Harvard នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ការផឹកកាហ្វេ១ទៅ២កែវក្នុងមួយថ្ងៃ គឺជាពេលដ៏ល្អមួយដើម្បីជួយរាងកាយក្នុងការបង្កើនការពង្រឹងស្មារតីការពារហានិភ័យនៃជំងឺស្ទះសរសៃឈាមដោយសារជំងឺបេះដូង និងជំងឺផ្សេងទៀតដូចជា ទឹកនោមផ្អែមជំងឺសរសៃប្រសាទ និងមហារីក។

ប្រសិនបើអ្នកជាមនុស្សដែលខ្វះកាហ្វេមិនបាន ឬចង់ទទួលបានអត្ថប្រយោជន៍ពីភេសជ្ជៈប្រភេទនេះ សូមមកដឹងពេលវេលាដ៏ល្អបំផុតក្នុងការផឹក​ដូចខាងក្រោម៖

១. ចន្លោះពីម៉ោង១០ព្រឹក​ដល់ម៉ោង ១១:៣០ ព្រឹក

មនុស្សជាច្រើនតែងតែមានទម្លាប់ផឹកកាហ្វេពេលព្រឹកព្រលឹម គឺភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងដោយមិនមានអាហារពេលព្រឹកក្នុងពោះ​ដែលនេះគឺជារឿងដ៏ខុសឆ្គង​។

ដោយសារតែនៅពេលនេះសរីរាង្គក្នុងរាងកាយនៅមិនទាន់​ដំណើរការបានល្អនៅឡើយ អរម៉ូនស្ត្រេស“​Cortisol” នៅតែមានកម្រិតខ្ពស់ដូច្នេះប្រសិនបើអ្នកផឹកកាហ្វេភ្លាមៗ វានឹងធ្វើឱ្យកម្រិតស្ត្រេសកើនឡើងខ្ពស់។

ដោយសារតែបែបនេះ រាងកាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពនៃការមិនបានសម្រាកគ្រប់គ្រាន់អស់កម្លាំង អាការថប់បារម្ភ ភ័យ វិលមុខ ​អវយវៈចុះខ្សោយ ​និងពិបាកក្នុងការផ្តោតអារម្មណ៍លើការងារ។

អ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានណែនាំថា ពេលវេលាដ៏ល្អបំផុតក្នុងការផឹកកាហ្វេគឺចន្លោះពីម៉ោង១០ព្រឹក ទៅម៉ោង ១១: ៣០ព្រឹក ពោលគឺក្រោយពីញ៉ាំអាហារពេលព្រឹករួច។ នេះគឺជាពេលវេលាដែលអ័រម៉ូនស្ត្រេសធ្លាក់ចុះទាប ការផឹកកាហ្វេនឹងជួយអ្នកឱ្យតាំងស្មារតីបានល្អដែលផ្ដល់ផលល្អសម្រាប់សុខភាព។

២. កន្លះម៉ោងក្រោយញ៉ាំអាហាររួច

អ្នកប្រហែលមិនបានដឹងទេថា កាហ្វេមានប្រសិទ្ធភាពក្នុងការជួយរំលាយអាហារ។ ហេតុនេះហើយវាគឺជាពេលវេលាល្អក្នុងការផឹកវានៅកន្លះម៉ោងក្រោយញ៉ាំអាហាររួច។ មិនមែនមានគុណប្រយោជន៍ត្រឹមតែការរំលាយអាហារប៉ុណ្ណោះទេ កាហ្វេក៏អាចជួយការពារអាការមួយចំនួនដូចជារោគទល់ខ្យល់ ហ្គាសឬអាស៊ីតក្នុងក្រពះ និងហើមពោះជាដើម។

៣. ចន្លោះម៉ោង១រសៀល ទៅម៉ោង ៣រសៀល

នៅក្រោយម៉ោង១រសៀលទៅ កម្រិតអរម៉ូនស្ត្រេសឈ្មោះថា “Cortisol” ចាប់ផ្ដើមធ្លាក់ចុះទាប ដែលងាយនឹងធ្វើឱ្យអ្នកងងុយគេងពិបាកផ្ចង់អារម្មណ៍។ ក្នុងអំឡុងពេលនេះ ការផឹកកាហ្វេ១កែវភ្លាមៗ អាចជួយឱ្យអ្នកបង្កើនការពង្រឹងស្មារតីឡើងវិញ ប៉ុន្តែចូរចងចាំថាមិនគួរផឹកកាហ្វេនៅក្រោយម៉ោង៣រសៀលឡើយព្រោះវាការផឹកនៅពេលល្ងាចអាចនឹងបណ្ដាលឱ្យអ្នកគេងមិនលក់នៅពេលយប់។

៤. មុនពេលហាត់ប្រាណ ឬលេងកីឡា

ការផឹកកាហ្វេកន្លះម៉ោងមុនពេលហាត់ប្រាណនឹងជួយបង្កើនការដុតបំផ្លាញជាតិខ្លាញ់និងកាឡូរី ដែលធ្វើឱ្យការហាត់ប្រាណ ឬលេងកីឡារបស់អ្នកឆាប់ទទួលបានលទ្ធផល។

***អ្វីដែលអ្នកគួរដឹងចំពោះពេលវេលានៃការផឹកកាហ្វេ

  • មិនគួរផឹកកាហ្វេច្រើនពេកឡើយអ្នកគួរផឹកត្រឹមតែ១ឬ២កែវក្នុងមួយថ្ងៃ ហើយច្រើនបំផុតមិនឱ្យលើសពី៤កែវក្នុងមួយថ្ងៃឬមិនឱ្យមានជាតិកាហ្វេអ៊ីនសរុបលើពី ២៥០ម.ក្រ ឡើយ
  • មិនគួរផឹកកាហ្វេនៅពេលល្ងាច
  • មិនត្រូវផឹកកាហ្វេនៅពេលឃ្លានឬពោះទទេឡើយ
  • ការផឹកកាហ្វេច្រើនហួសកម្រិតនឹងបណ្ដាលឱ្យរាងកាយជួយប្រទះអាការមិនស្រួលដូចជាញ័រទ្រូង ពិបាកគេង ឈឺក្បាល ធេងធូង វិលមុខ ពុល ឬសន្លប់ជាដើម៕