ព្យួររូបថតអាពាហ៍ពិពាហ៍ក្នុងផ្ទះចំ៣កន្លែងនេះ អាចនាំរឿងមិនល្អនិងគ្រោះដល់ប្ដីប្រពន្ធ

ព្យួររូបថតអាពាហ៍ពិពាហ៍លើក្បាលដំណេកគ្រែ

មានគូស្វាមីភរិយាច្រើនណាស់ ដែលនិយមដាក់ព្យួររូបថតអាពាហ៍ពិពាហ៍របស់ខ្លួននៅលើក្បាលដំណេក ព្រោះពួកគេគិតថានេះគឺជាការជួយបង្កើនចំណងស្នេហ៍ឱ្យកាន់តែស្អិតរមួត។ ទោះជាយ៉ាងណាបើនិយាយក្នុងន័យហុងស៊ុ​យវិញ នេះគឺជារឿងមិនល្អឡើយហើយប្ដីប្រពន្ធគួរតែផ្លាស់ប្ដូរការគិតបែបនេះចេញ។ ក្បាលដំណេកគឺជាទីតាំងដែលអាចធ្វើឱ្យម្ចាស់បន្ទប់មានអារម្មណ៍ភ័យខ្លាច ប្រសិនបើមានអ្វីព្យូរនៅខាងលើនោះព្រោះខ្លាចមានអ្វីធ្លាក់មកបណ្ដាលឱ្យមានគ្រោះថ្នាក់ជាដើម។

និយាយម្យ៉ាងទៀត ការព្យួររូបថតអាពាហ៍ពិពាហ៍នៅលើក្បាលដំណេកគ្រែ ក៏អាចបង្កើត​ឱ្យមានភាពតានតឹងខាងផ្លូវចិត្តដែលងាយបង្កឱ្យមានអារម្មណ៍នឿយហត់ការសង្ស័យ និងធ្វើឱ្យទំនាក់ទំនងរបស់គូស្នេហ៍ងាយនឹងឈ្លោះប្រកែកគ្នា ហើយបន្ទាប់មកក៏អាចបែកបាក់គ្នា។

ព្យួររូបថតអាពាហ៍ពិពាហ៍របស់អ្នកត្រង់កញ្ចក់

នៅពេលព្យួររូបថតអាពាហ៍ពិពាហ៍នៅក្នុងផ្ទះ អ្នកគួរតែចៀសវាងការតាំងឬព្យួរវានៅចំមុខ​កញ្ចក់។ ហេតុផលព្រោះថាការដែលព្យួររូប​​ថតអាពាហ៍ពិពាហ៍នៅចំមុខកញ្ចក់បែបនេះ អាចបង្កើតជាសំណាងអាក្រក់សម្រាប់ទំនាក់ទំនងរបស់ប្ដីប្រពន្ធ។នៅក្នុងក្បួនហុងស៊ុយ កញ្ចក់គឺជាការតភ្ជាប់រវាងធាតុយិននិងយ៉ាង។ ហើយស្របពេលជាមួយគ្នានេះកញ្ចក់គឺជាវត្ថុសម្រាប់ឆ្លុះបញ្ចាំង​អ្វីៗគ្រប់យ៉ាង។ ​ដូច្នេះហើយ គូស្វាមីភរិយាដែលរៀបការរួចហើយព្យួររូបថតនៅទីតាំងនេះអាចនឹងក្លាយជាគូស្នេហ៍ពីរផ្សេងគ្នា​ដោយអចេតនាដែលបង្កើតជានិមិត្តរូបសំណាងអាក្រក់សម្រាប់សុភមង្គលគ្រួសារ។

ព្យួររូបថតអាពាហ៍ពិពាហ៍នៅមុខទ្វារធំ

នៅក្នុងន័យហុងស៊ុយ ទ្វារធំនៃផ្ទះគឺជាកន្លែងសម្រាប់ស្វាគមន៍អាទិទេពសំណាងភ័ព្វសំណាង និងរឿងល្អៗចូលមកក្នុងផ្ទះ។ដូច្នេះអ្នកមិនគួរដាក់រូបថតអាពាហ៍ពិពាហ៍នៅក្នុងទីតាំងនេះឡើយ។ មូលហេតុគឺនៅពេលដែលអ្នកព្យួររូបថតអាពាហ៍ពិពាហ៍របស់អ្នកនៅទីនេះ វាធ្វើឱ្យបាត់បង់ភាពឯកជននិងធ្វើឱ្យអារម្មណ៍របស់ប្ដីប្រពន្ធកើតចិត្តមិនស្រួល ដែលអាចបង្កើតឱ្យមានជម្លោះនានាជាមួយអ្នកក្នុងផ្ទះឬជាមួយដៃគូរបស់ពួកគេផ្ទាល់ ។


ដូច្នេះតើកន្លែងណាដែលត្រូវព្យួររូបថតអាពាហ៍ពិពាហ៍សម្រាប់ហុងស៊ុយល្អបំផុត?

ប្រសិនបើអ្នកចង់ព្យួររូបថតអាពាហ៍ពិពាហ៍នៅក្នុងបន្ទប់គេង ទីតាំង​ដែលអ្នកជំនាញខាងហុងស៊ុយតែងតែណែនាំនោះគឺកន្លែងណាដែលគូស្វាមីភរិយាអាចមើលឃើញដោយងាយនៅពេលបើកទ្វារបន្ទប់ចូលមក។ ទីតាំងនេះពិតជាល្អសម្រាប់ប្ដីប្រពន្ធដែលធ្វើឱ្យអារម្មណ៍របស់អ្នកទាំងពីររីករាយនិងរម្លឹកអនុស្សាវរីយ៍បានឆាប់រហ័ស។

ជាពិសេស នៅពេលដែលអ្នក​ផ្តល់កំណើតឱ្យកូន ពួកគេក៏នឹងមានសុខភាពល្អរៀនពូកែ ជាពិសេស​ហិរញ្ញវត្ថុក្នុងគ្រួសារក៏មិនចេះងាយធ្លាក់ចុះ ជួបតែរឿង​​រីករាយ និងសុខដុមរមនា៕