ពិបាកគ្រប់គ្រងជម្លោះ អាចសាកល្បងវិធីសាស្រ្តទាំងនេះបាន

ជម្លោះតែងតែបន្សល់ទុកនូវវិប្បដិសារីដែលធ្វើឱ្យ មានការស្ដាយក្រោយជានិច្ច ហើយមនុស្សជាច្រើនតែងមានបញ្ហាដោយមិនដឹងថា តើត្រូវគ្រប់គ្រង និងទប់ស្កាត់បែបណាដើម្បីកុំឱ្យមានវិប្បដិសារីកើតមានឡើង។ ក្នុងអត្ថបទនេះ នឹងជួយធ្វើឱ្យអ្នកគ្រប់គ្រងជម្លោះបានយ៉ាងល្អ៖

១.ការចេះគ្រប់គ្រងអារម្មណ៍

នៅពេលដែលអ្នកខឹងទៅលើនរណាម្នាក់ អ្នកប្រាកដជាចង់បញ្ចេញកំហឹងទៅលើគេ ដើម្បីឱ្យអារម្មណ៍បានធូរស្រាលខ្លះ ដែលធ្វើឱ្យមានជម្លោះកាន់តែខ្លាំងកើតឡើង។ អ្នកមិនត្រូវបណ្ដោយឱ្យអារម្មណ៍របស់អ្នកមកធ្វើឱ្យអ្នកបាត់បង់សតិ បាត់បង់ការពិចារណាឡើយ។ មានវិសាស្រ្តខ្លះដែលជួយធ្វើឱ្យអ្នករំសាយកំហឹងបានដូចជា អ្នកអាចមើលរឿង ដើរលេង ឬក៏ជួបនិយាយជាមួយនរណាម្នាក់ប្រាប់ពីអារម្មណ៍របស់អ្នកក៏បាន។

២.ប្រាប់ត្រង់ទៅ ត្រង់មក

ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ជាមួយគ្នាដោយសាររឿងអ្វីមួយ អ្នកត្រូវតែទៅនិយាយប្រាប់ឱ្យត្រង់ ដើម្បីរកដំណោះស្រាយរួមមួយមកសម្រួលគ្នា។ ជាជាងទុករឿងនៅក្នុងចិត្ត មិនព្រមនិយាយនៅចំពោះមុខ អាចធ្វើឱ្យអ្នកកើតជាបញ្ហាទំនាស់ ដែលពិបាកដោះស្រាយ។

៣.ថយម្នាក់មួយជំហាន

 នៅពេលភាគីទាំងសងខាងដកថយម្នាក់មួយចំហៀង គេនឹងមានពេលពិចារណា រឿងដែលអាចកើតឡើងក្រោយពេលឈ្លោះគ្នា ដោយគេអាចបែកបាក់ស្នេហា បែកបាក់មិត្តភាព ឬក៏បាត់បង់ការងារ។ ដូច្នេះហើយត្រូវថយដើម្បីរក្សាចិត្តឱ្យស្ងប់ ថយដើម្បីរកនិកដំណោះស្រាយ។

៤.ត្រូវចេះប្រើសម្ដីមានសុជីវធម៌

ការឈ្លោះគ្នាធម្មតាៗ អាចបញ្ចប់បានប្រសិនបើអ្នកចេះប្រើសម្ដី បែបមានសុជីវធម៌ជំនួស ការប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗទៅវិញទៅមក ដែលធ្វើឱ្យអ្នកពិបាកគ្រប់គ្រងស្ថានការណ៍ ហើយរឹតតែពិបាកធ្វើឱ្យអារម្មណ៍ភាគីម្ខាងទៀតបានស្ងប់។

៥.ប្រើដំណោះស្រាយរួម

ប្រើវិធីសាស្រ្តមួយ​ ដែលជាការសម្រេចរួមរបស់អ្នកទាំងពីរ មកចរចាគ្នា ដើម្បីរកដំណោះស្រាយរួមមួយមកស្រាយជម្លោះ។ សម្រាប់ជម្លោះប្រាកដជាភាគីទាំងពីរ មានតម្រូវការរៀងខ្លួន ដូច្នេះហើយមិនត្រូវប្រឹងតតាំង ដើម្បីបានសម្រេចតែតម្រូវការរបស់ខ្លួនឯងម្នាក់ឡើយ ត្រូវចេះសម្របការចង់បាន និងស្ដាប់ការយល់ឃើញរបស់គេផង។

វិធីទាំងប្រាំចំណុចខាងលើនេះ អាចជួយជាគន្លឹះខ្លះៗសម្រាប់ឱ្យអ្នកបានយកមកអនុវត្ត នៅពេលដែលអ្នកគិតថាអ្នកអាចនឹងមានជម្លោះជាមួយនរណាម្នាក់។ យ៉ាងណាក៏ដោយអ្នកមិនត្រូវបណ្ដោយឱ្យជម្លោះកើតមានឡើងដោយខ្វះការពិចារណាជាដាច់ខាត៕