ទម្លាប់ថ្មីសម្រាប់ខែថ្មី និងស្ថិតនៅជាមួយយើង បើយើងចេះបង្កើតវា។ ទន្ទឹមនឹងនោះបើទម្លាប់ចាស់ដែលនៅសល់ ជាទម្លាប់មិនល្អនោះ អ្នកអាចកែខៃវាបានរហូតដល់បាត់ទម្លាប់មិនល្អនោះចេញ។ ចំណុចខ្លះ ដែលជាគន្លឹះអនុវត្តមានប្រសិទ្ធិភាពច្រើនក្រមាប៉ុស្តិ៍ក៏សូមលើកយកមកបង្ហាញដូចខាងក្រោមនេះ៖
១. កំណត់ពីអ្វីដែលជាដើមហេតុ
សំណួរដែលអ្នកអាចសួរខ្លួនឯងពីអ្វីទៅដែលជាអ្នកបង្កហេតុឱ្យចេញទម្លាប់មិនល្អនោះមានដូចជា តើទម្លាប់មិនល្អចាប់ផ្តើមចេញពីណា? តើពេលណាដែលកើតឡើងទម្លាប់នោះ? តើខ្ញុំមានអារម្មណ៍បែបណាពេលសកម្មភាពជាទម្លាប់នោះលេចមកជាថ្មី? តើមាននរណាជាអ្នកនាំទម្លាប់នេះឱ្យកើតមានឬទេ?និង តើវាកើតឡើងក្រោយពេលសកម្មភាពណាមួយជាដើម?។ទាំងនេះនឹងនាំឱ្យអ្នកអាចស្វែងយល់ឃើញពីមូលហេតុបង្កឱ្យមានទម្លាប់មិនល្អណាមួយកើតឡើង។
២. ផ្តើមមូលហេតុហេតុអ្វីចង់ផ្លាស់ប្តូរទម្លាប់?
មែនហើយ ហេតុផលអ្វីដែលអ្នកត្រូវធ្វើរឿងថ្មីនោះនឹងជាអ្វីដែលជម្រុញចិត្តអ្នកទៅបំពេញតួនាទីដើម្បីចង់បានទម្លាប់ថ្មីនោះ។ ជាឧទាហរណ៍អ្នកចង់បង្កើតទម្លាប់អានសៀវភៅថ្មី អ្នកនឹងសួរខ្លួនឯងហេតុអ្វីខ្ញុំត្រូវអានសៀវភៅថ្មី? យើងត្រឡប់មកហេតុផលវិញ មែនព្រោះថាខ្ញុំចង់បានចំណេះដឹងថ្មី ការអានជួយឱ្យខ្ញុំចេះវិភាគពិចារណាពីបញ្ហាបានច្រើនការអានពេលខ្លះក៏ដូចជាការកម្សាន្ត និងបានសម្រាកការអានជួយឱ្យខ្ញុំចេះស្រាវជ្រាវរបកគំហើញថ្មី។ ទាំងនេះជាហេតុផល ហើយពិសេសទៅទៀតនោះគឺអ្នកអាចសរសេរហេតុផលទាំងនោះជា List មួយរួចបិទភ្ជាប់វានៅទូទឹកកក នៅក្បែរកន្លែងគេង ឬនៅតុធ្វើការដែលអាចរំលឹកអ្នកពីហេតុផលជម្រុញចិត្តអ្នកឱ្យបង្កើតទម្លាប់ថ្មីល្អ។
៣. ចាប់ផ្តើមពីតូចទៅ
មែនហើយផ្អែកតាមលទ្ធផលស្រាវជ្រាវផ្សេងៗ ក៏បានបង្ហាញថា ទម្លាប់ថ្មីមួយឬមួយការកែទម្លាប់ខ្លះ គឺកើតចេញពីសកម្មភាពតូចៗ ដែលងាយគ្រប់គ្រងបានងាយធ្វើបានពីពេលចាប់ផ្តើម។ ក៏ប្រៀបដូចការរៀនភាសាបរទេសដែលអ្នកអាចចេះចាំត្រឹមមួយពាក្យៗ រហូតបានផ្គុំជាឃ្លា ប្រយោគនិងចេះសន្ទនាទៅតាមសកម្មភាពជាបន្តបន្ទាប់រហូតកើតជាទម្លាប់ប្រើភាសានោះដោយមិនបាច់បង្ខំខ្លួនឯង។
៤. បំបាត់ទម្លាប់ចាស់ដោយប្រើទម្លាប់អ្វីផ្សេងមកជំនួស
ចំណុចនេះអាចជួយអ្នកបានមួយកម្រិតផងដែរដែលសម្តៅទៅលើការជំនួសសកម្មភាពថ្មី ដើម្បីបន្លប់អ្នកឱ្យចេញពីទម្លាប់ចាស់ ដែលមិនល្អ។ ឧទាហរណ៍ ដូចជាការឃ្លានញ៉ាំអាហារល្ងាចនៅខាងក្រៅច្រើន អ្នកចង់កាត់បន្ថយវាជំនួសដល់ការខំប្រឹងអត់ធ្មត់មិនញ៉ាំអាហារខាងក្រៅដែលអ្នកចូលចិត្ត និងគិតថាវាមិនល្អអ្នកអាចនាំខ្លួនឯងធ្វើសកម្មភាពផ្សេងវិញដើម្បីបន្លប់ ដូចជាទៅដើរហាត់ប្រាណ ការទៅធ្វើម្ហូបអាហារដោយខ្លួនឯងឬមួយការទៅធ្វើកិច្ចការផ្សេងៗទៀតដែលមិនរំលឹកពីអាហារខាងក្រៅនោះជាដើម។
៥. ផ្តល់ទម្លាប់ថ្មីនូវពេលវេលា និងអំណោយទឹកចិត្ត
មែនហើយ ការបង្កើតទម្លាប់ថ្មីជំនួសឱ្យទម្លាប់ចាស់ឬជាការបំបែកទម្លាប់មិនល្អ អាចត្រូវការពេលវេលាដូចនេះអ្នកគួរបន្តធ្វើវាឱ្យលេចជារូបរាងឡើងពីមួយថ្ងៃៗ។ ផ្អែកតាមលទ្ធផលស្រាវជ្រាវជាធម្មតាទម្លាប់ថ្មីមួយកើតឡើង គឺហោចណាស់ រយៈពេលពី បីសប្តាហ៍ឡើងទៅ ដែលមានន័យថាសកម្មភាពមួយដដែលៗពី២១ថ្ងៃឡើងទៅ នោះអ្នកនឹងអាចចាប់អារម្មណ៍ថា វាជាទម្លាប់ព្រោះអ្នកធ្វើវាដោយមិនបាច់ខំប្រឹង ជាទម្លាប់ល្អ ឬមិនល្អនោះគឺអាស្រ័យដែលសកម្មភាពតូចៗដែលអ្នកបង្កើត។
បន្ថែមពីនេះ បរិយាកាស បរិស្ថានរស់នៅជុំវិញក៏ដូចជាការឱ្យអំណោយខ្លួនឯងពេលបង្កើតទម្លាប់ថ្មី និងជួយជម្រុញអ្នកឱ្យខំប្រឹងសម្រាប់ទម្លាប់ថ្មីនោះឬកែទម្លាប់ចាស់ដោយប្រសិទ្ធិភាព ហើយអ្នកអាចធ្វើវាបាន៕