ការងារ និងជីវិតរស់នៅជារឿងពីរដែលមានវត្តមាន និងមិនអាចខ្វះណាមួយបានក្នុងបរិបទដំណើរជីវិតរបស់មនុស្សម្នាក់ៗដោយហេតុថាចំណុចទាំងពីរមានឥទ្ធិពលទៅវិញទៅមក និងមានភាពសំខាន់ដូចគ្នា។ សម្រាប់ការងារនិងជីវិត គឺមនុស្សគ្រប់គ្នាតែងព្យាយាមឱ្យវាមានភាពសមស្របគ្នា ស្មើគ្នា ឬហៅថាតុល្យភាព។ចំណុចខ្លះជាពិសោធ អ្នកអាចថ្លឹងថ្លែងចំណុចទាំងនេះ ដែលអាចជួយតុល្យភាពការងារនិងជីវិតរស់នៅ ទៅតាមស្ថានភាព និងលទ្ធភាពរបស់អ្នក៖
១. ប្រើប្រាស់ភាពខ្លាំងដែលអ្នកមាន
ចំណុចនេះគឺសម្តៅលើការប្រើប្រាស់ជំនាញដែលអ្នកមាន ចំណុចណាខ្លះដែលអ្នកអាចធ្វើបានហើយអ្នកពូកែធ្វើរឿងនោះដោយមានលទ្ធផលល្អទៅក្នុងកិច្ចការ។ នេះគឺហៅថាការប្រើប្រាស់ចំណុចខ្លាំងអ្នកបានដោយមានប្រសិទ្ធិភាព មិនខាតពេលវេលានិងទទួលបានផលក្នុងកិច្ចការច្រើន ហើយអ្នកនិងសល់វេលាខ្លះសម្រាប់រឿងផ្ទាល់ខ្លួន។ ដូចនេះអ្នកអាចបង្ហាញចំណុចពិសេសរបស់អ្នកទៅដល់ក្រុមការងារ ដើម្បីផ្គូផ្គងលើចំណុចដែលមានប្រសិទ្ធិដល់ការងាររួម និងមិនខាតវេលាច្រើនសម្រាប់អ្នកនិងការងារ។
២. រៀបចំពេលវេលា
ចំណុចដែលអ្នកធ្វើបានគឺអាចកំណត់លើក្រដាស Note ដូចជា៖ -ការងារបន្ទាន់ និងសំខាន់
-ការងារសំខាន់ប៉ុន្តែមិនសូវប្រញាប់ -ការងារបន្ទាន់ ប៉ុន្តែមិនសូវសំខាន់ -ការងារដែលមិនសូវសំខាន់ និងមិនប្រញាប់។ការបែងចែកបែបនេះ ក៏បានជួយសម្រួលដល់ពេលវេលាអ្នក និងដឹងថាការងារណាមួយត្រូវធ្វើមុនជាចំាបាច់ជាដើម។
៣. ដឹងពីខ្លួនឯងនូវពេលប្រសិទ្ធិភាពការងារ
ជាឧទាហរណ៍ខ្លួនអ្នកផ្ទាល់អាចសម្គាល់ឃើញថា បរិយាកាសបែបណាឬពេលវេលាបែបណាដែលអ្នកបំពេញការងារបានយ៉ាងប្រសើរ ដូចជាពេលវេលាថ្ងៃត្រង់និងកន្លែងស្ងប់ស្ងាត់ ដែលអ្នកអាចផ្តោតអារម្មណ៍លើការងារបានយ៉ាងល្អ ឬមួយបរិយាកាសមាន spaceទូលាយ ខ្យល់ចេញចូលគ្រប់គ្រាន់ ដែលអ្នកអាចធ្វើកិច្ចការបានល្អ ឬមួយមានកាហ្វេមួយកែវក្បែតុការងារដែលអ្នកអាចបំពេញកិច្ចការបានប្រសើរជាដើម-ល-។ ដែលចំណុចនេះ គឺជួយយើងបានពេលវេលាខ្លះសម្រាប់ខ្លួននិងប្រសិទ្ធិភាពការងារបានល្អ។
៤. កំណត់ពេលសម្រាប់កិច្ចការសំខាន់មួយៗ
កំណត់ពេលវេលាណាសមស្របសំខាន់កិច្ចការច្បាស់លាស់និងសំខាន់ណាមួយ ដែលអ្នកអាចមានពេលវេលា និងថាមពលកាយចិត្តផ្តោតធ្វើវាបានសម្រេចក្នុងពេលសមរម្យមួយ។ ដូចនេះការងារអ្នកមិនរាយប៉ាយ ឬមានសណ្តាប់ធ្នាប់ហើយអ្នកក៏ពេញចិត្តនឹងបំពេញការងារ។
៥. មានជំនួយពីមិត្តភក្តិខ្លះឬក្រុមការងារខ្លះ
មែនហើយករណីមានទុក្ខធុរៈ មានការរវល់ ឈឺ ឬមានករណីបន្ទាន់ចាំបាច់ផ្ទាល់ខ្លួនការសុំជំនួយពីមិត្តភក្តិ ឬក្រុមការងារ គឺអ្នកអាចសុំការជួយពីពួកគេទៅតាមហេតុផលសមរម្យ។
៦. មានពេលឈប់សម្រាកផ្ទាល់ខ្លួន
សម្រាប់ពេលបំពេញកិច្ចការងារអ្នកអាចមានចន្លោះពេលខ្លះដែលអ្នកអាចសម្រាក និងត្រលប់បំពេញការងារវិញ ហើយជាមួយគ្នានោះការឱ្យមានពេលវេលាសម្រាប់ខ្លួនឯងផ្ទាល់ ដោយបែងចែកដាច់ពីការងារក៏ជារឿងមួយល្អប្រសើរក្នុងបរិបទតុល្យភាពរវាងការងារនិងជីវិតផងដែរ។ នេះក៏ព្រោះថា ការដកឃ្លា មានពេលវេលាខ្លះសម្រាកភាពតានតឹងនិងលំហែកាយចិត្តខ្លះ អ្នកនឹងត្រលប់ទៅវិញជាមួយថាមពល និងអារម្មណ៍ស្រស់ស្រាយសម្រាប់ការងារ។ដូចនេះអ្នកអាចកំណត់ពេលវេលាខ្លះ សម្រាប់ដំណើរកម្សាន្ត ឬការលំហែ ដែលអ្នកអាចមានស្របទៅនឹងស្ថានភាពជាក់ស្តែង ឬលទ្ធភាពដែលអ្នកអាចធ្វើបាន៕